ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: បន្លែ​ចំនួន​២​មុខ ត្រូវបាន​សមត្ថកិច្ច​ជំនាញ មន្ត្រី​កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​កែ្ល​ង​បន្លំ ប្រមូល​យកទៅ​កំទេចចោល បន្ទាប់ពី​ត្រូវបាន​រកឃើញថា បន្លែ​ទាំងអស់នោះ មាន​ផ្ទុក​សំណល់​គីមីកសិកម្ម ដែល​មិនអាច​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​បាន​។​

​កិច្ចប្រតិបត្តិការ​រក​ទំនិញ​ខូចគុណភាព​នេះ ដឹកនាំ​ដោយ​លោក យី​វ ណារិន ប្រធាន​សាខា​ខេត្ត សហការ​ជាមួយ​អគ្គនាយកដ្ឋាន ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ នៅ​ផ្សារលើ​ខេត្តកំពង់ឆ្នាំង​។

​លោក យី​វ ណារិន ប្រធាន​សាខា​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដោយ​កិច្ចសហការ​ជាមួយនិង​អគ្គនាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​កែ្ល​ង​បន្លំ បាន​នាំយក​នូវ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត ដើម្បី​ពិនិត្យ​រកមើល​ទំនិញ​ដែល​ខូចគុណភាព និង​រកមើល​សារធាតុ​គីមី​ហាមឃាត់​នៅលើ​បន្លែ ផ្លែ ឈើ គ្រឿង​សមុទ្រ ផ្អក ប្រហុក ដែល​កំពុង​ចរាចរណ៍​ដាក់លក់​នៅ​ផ្សារលើ​ខេត្តកំពង់ឆ្នាំង​។​

​លោក​ប្រធាន​សាខា​ឲ្យ​ដឹង​ទៀតថា ទំនិញ​ជាង​២០​មុខ​ត្រូវបាន​សមត្ថកិច្ច បាន​យកមក​ពិនិត្យ​នៅលើ​រថយន្ត​មន្ទីរពិសោធន៍​ភ្លាមៗ ជា​លទ្ធផល​ដែល​មន្ត្រី​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​បាន​រកឃើញថា ក្នុងចំណោម​ទំនិញ​ជាង​២០​មុខ​នេះ រកឃើញ​បន្លែ​ចំនួន​២​មុខ​ដែលមាន​ផ្ទុក​កាកសំណល់​ថ្នាំ​គីមីកសិកម្ម ដែល​មិន​អនុញ្ញាតអោយ​អាជីវករ​លក់​នូវ​បន្លែ​ទាំង​២​មុខ​នេះ​បន្តទៀត​ទេ ព្រោះ​វា​ធ្វើអោយ ប៉ះពាល់​ដល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​

​ក្រោយពី​រកឃើញ​មន្ត្រី​ជំនាញ បាន​ប្រមូល​ទំនិញ​ទាំងនេះ​យកទៅ​បំផ្លាញចោល​នៅនឹងកន្លែង​តែម្តង​។ ទំនិញ​ទាំង​២​មុខ ដែលមាន​ផ្ទុក​កាកសំណល់​ថ្នាំ​គីមីកសិកម្ម​នោះ​មាន ពោត​បារាំង និង​ផ្លែ​ម្ទេស​។ ក្រោយពី​រកឃើញ​អាជីវករ​ដែល​លក់​បន្លែ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​លក់ទំនិញ​ទាំងនេះ​បន្តទៀត​៕​