​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ដូនជី​ជនជាតិ​បារាំង​អាយុ ១១៦ ឆ្នាំ​ម្នាក់​ដែល​គេ​ជឿ​ថា​ជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាង​គេ​លំដាប់​ទី ២ លើ​លោក បាន​រួចផុតជីវិត​ពី​កូវី​ដ​១៩​ហើយ​ទន្ទឹងរង់ចាំ​ប្រារព្ធ​​ខួបកំណើត​គម្រប់​អាយុ ១១៧ ឆ្នាំ​របស់​លោកយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កុម្ភៈ​។​

​ក្រុម​ស្រាវជ្រាវ​ជរា​សាស្ត្រ​៦៥​រេ បាន​ចុះបញ្ជី​ស្ត្រី​បារាំង​ឈ្មោះ លូ​ស៊ី​ល រេ​ន​ដុន ដែល​មាន​ឈ្មោះ​កំណើត​ថា ស៊ី​ស្ទើ អង់​ដ្រេ ជា​មនុស្ស​ដែល​មាន​អាយុ​ចំណាស់​ជាង​គេ​លំដាប់​ទី ២ នៅលើ​ពិភពលោក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយការណ៍​ថា​លោកយាយ​អង់​ដ្រេ​បាន​តេស្តិ៍​វិជ្ជមាន​វីរុ​ស​កូរ៉ូ​ណា​នៅ​ពាក់កណ្តាល​ខែ​មក​រានៅ​ទីក្រុង​ទូ​ឡុន​ភាគខាងត្បូង​ប្រទេស​បារាំង​។ ប៉ុន្តែ​គ្រាន់តែ​បី​សប្តាហ៍​ក្រោយមក ដូនជី​រូបនេះ​ត្រូវបាន​ចាត់ទុក​ថា​ជា​សះស្បើយ​។​

​លោកយាយ​បាន​ប្រាប់​កាសែត​បារាំង Var-Matin ថា “​ខ្ញុំ​មិន​បានដឹងខ្លួន​ថា ខ្ញុំ​មាន​មេរោគ​កូរ៉ូណា​នោះទេ​”​។​

​លោកយាយ​អង់​ដ្រេ ដែល​ពិការ​ភ្នែក​និង​ប្រើ​រទេះរុញ មិន​បាន​សូម្បីតែ​ព្រួយបារម្ភ នៅពេល​លោកយាយ​ទទួលលទ្ធផល​រោគវិនិច្ឆ័យ​។​

​លោក ដេវីដ ថា​វែលឡា ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​មណ្ឌល​មនុស្ស​ចាស់ កន្លែង​ដែល​ដូនជី​ស្នាក់នៅ បាន​ប្រាប់​កាសែត​នេះ​ថា “​លោកយាយ​មិន​បាន​សួរ​ខ្ញុំ​អំពី​សុខភាព​គាត់​ទេ​ប៉ុន្តែ​សួរ​អំពី​ទម្លាប់​របស់​​គាត់​។ ឧទាហរណ៍ លោកយាយ​ចង់ដឹងថា​តើ​កាលវិភាគ​អាហារ​ឬ​ពេល​ចូល​គេង​នឹងត្រូវ​ផ្លាស់ប្តូរ​ឬ​អត់​។ លោកយាយ​មិន​បាន​បង្ហាញ​ពី​ការភិតភ័យ​ចំពោះ​ជំងឺ​នោះទេ​។ ម្យ៉ាងវិញទៀត​លោក​យាយ​មាន​​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​របស់​អ្នកស្រុក​ដទៃទៀត​”៕

​លោកយាយ​ស៊ី​ស្ទើ អង់​ដ្រេ ជា​មនុស្ស​ចាស់​បំផុត​ទី​២​លើ​ពិភពលោក ដែល​រួច​ជីវិត​ពី​កូវី​ដ​១៩ ។​លោកយាយ​អង់​ដ្រេ ពិការ​ភ្នែក​និង​ប្រើ​រទេះរុញ