ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ សញ្ញាផលិតផលកម្ពុជា មានគុណភាព ក្នុងនោះ ក្រសួងបានបញ្ជាក់ថាៈ ដើម្បីជំរុញការ លើកកម្ពស់ផលិតផល ក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផល អនុលោមតាមស្តង់ដារ ក្នុងគោលបំណង ការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្ត ដល់អ្នកប្រើប្រាស់ និងអតិថិជននោះ ក្រសួង ចាប់ផ្តើមទទួលពាក្យ ស្នើសុំ បញ្ជាក់គុណភាព សុវត្ថិភាព ផលិតផល របស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។
ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ – ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅ ដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារ ថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមក្រសួងឧស្សាហកម្ម ការស្នើសុំបញ្ជាក់ ផលិតផលកម្ពុជា មានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។ ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ លេខ៖ ០១២ ៨៧៨ ៣៥៦។
ដូច្នេះសូមម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ សញ្ញាផលិតផលកម្ពុជា មានគុណភាព ដើម្បីក្រសួងពិនិត្យ សម្រេចផ្តល់និមិត្តសញ្ញា តាមនីតិវិធី ដូចបានជូនភ្ជាប់មកជាមួយ សម្រាប់យកទៅ បោះពុម្ព លើសំបកវេចខ្ចប់ ផលិតផល និងចរាចរផលិតផល នៅលើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការ របស់អតិថិជន និងអ្នកប្រើប្រាស់៕/V-PC