ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ មនុស្ស៥នាក់ បានរងរបួសធ្ងន់-ស្រាល ដោយសារថយន្ត ធុនធំ និងតូច ២ គ្រឿង បុកគ្នា ក្នុងដំណើរច្រាសទិសគ្នា លើកំណាត់ផ្លូវជាតិលេខ៥ នៅវេលាម៉ោងជិត ២ រសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦៤ និង ៦៥ សិ្ថតនៅក្នុងភូមិធ្លកយុល ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកកំពង់ត្រឡាច បាននិយាយឱ្យដឹងថាៈ នៅមុនពេល កើតហេតុ មានរថយន្ត មួយគ្រឿង ម៉ាកតូយ៉ូតា កាមរី (ឆ្លាម) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2D 1475 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណ ក្នុងដំណើរពីទិសខាងជើង ទៅខាងត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកនឹងរថយន្ត មួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3 A.0997 បើកបរដោយជន មិនស្គាល់ អត្ដសញ្ញាណដូចគ្នា ក្នុងដំណើរពីទិសខាងត្បូង ទៅខាងជើង ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តទាំង ២ គ្រឿង រងការខូចធ្ងន់ ទាំងសងខាងតែម្តង។
ប្រភពដដែល បានឱ្យដឹងទៀតថាៈ ក្រោយពេលកើតហេតុ ជនរងគ្រោះ ជិះក្នុងរថយន្ត តូយ៉ូតា កាមរី ឆ្លាម) ចំនួន ៥ នាក់ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងដោយពុំមានស្គាល់អត្តសញ្ញាណ នោះទេ ព្រោះនៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ឃើញតែរថយន្ត រងការខូចខាត រដូករណែលពេញផ្លូវ នៅកន្លែងកើតហេតុ ហើយបានវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាន នគបាលស្រុក ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី៕/V-PC