​ឃាត់ខ្លួន​ពលករ​ខ្មែរ​ជិត​១០០​នាក់​យកទៅ​អប់រំ​តែ​ពលករ​ថា​នៅតែ​ទៅ​ថៃ​ដដែល​

1132
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រី​ចុះ​អប់រំ​ឃាត់ខ្លួន​ពលករ​ខ្មែរ​គ្រប់​វ័យ​ទាំងពីរ​ភេទ​បាន​ជិត​១០០​នាក់ យកទៅ​អប់រំ​និង​ឲ្យ​ទៅផ្ទះ​វិញ ។​រីឯ​ពលករ​និយាយថា តែ​ថ្ងៃស្អែក ពួកខ្លួន​នៅតែ​ជ្រៀត​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​ដដែល​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថ្ងៃទី​២៧​មរ​សា​ថា​: លោក​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រី​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​លេខ​៩១១,៨៩១​និង​៨១៥ ដែល​ឈរជើង​នៅ​តំបន់​នោះបាន​ចុះ​ត្រួតពិនិត្យ​ពលករ​ជិត​មួយរយ​នាក់​ដែល​បាននិងកំពុង​ដេក​ក្នុង​ព្រៃរបោះ រង់ចាំ​ឲ្យ​មេខ្យល់​យក​ឡាន​មក​យក​ដឹក​ទៅ​ដ្វើ​ការ​នៅ​ស្រុកថៃ​តាម​ច្រករបៀង​នៅ​ស្រុក​ម៉ាឡៃ និង​នៅ​ស្រុក​អូរជ្រៅ ទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ផង​។

បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​អោយ​អាជ្ញាធរខេត្ត​ក៏ដូចជា​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​លុបបំបាត់​ច្រករបៀង​ល្មើសច្បាប់ កុំអោយ​មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ឬ​សកម្មភាព​រត់ពន្ធ​ទំនិញ​និង​បទល្មើស​នានា ។​លោក​សួន បវរ បាន​និយាយ​ដែរ​ថា : យោង​បទបញ្ជា​នោះ តាម​តំបន់​ព្រំដែន​ណា​ដែល​លួច​បើក​ច្រករបៀង​ខុសច្បាប់ នាយ នាយរង ពល​កម្លាំង​ឬ​មន្ត្រី​អាជ្ញាធរ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដូចជា​ដកតំណែង ការរង​ទោសទណ្ឌ​តាមផ្លូវ​តុលាការ​។

​សូមបញ្ជាក់ថា ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​តែង​សម្រុក​វិល​ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​វិញ នៅក្រោយ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​,​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​។​ល​។​ព្រំដែន​កម្ពុជា ថៃ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​មាន​ប្រវែង​ជាង​១៥៣,៤ គីឡូម៉ែត្រ​។ មាន​ក្រុង​១​និង​ស្រុក​៥ រួមមាន ១.​ស្រុក​ម៉ាឡៃ ២​ស្រុក​អូរជ្រៅ ៣​ស្រុក​ថ្មពួក ៤​ស្រុក​ស្វាយចេក និង​ទី​៥​ក្រុង​ប៉ោយប៉ែត​។

កន្លងមក រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានអោយ​កងកម្លាំង​និង​មន្ត្រី​អាជ្ញាធរ​នៅ​បណ្តោយ​ព្រំដែន​ស្រង់​ទិន្នន័យ​ឃើញថា មាន​ច្រករបៀង​ខុសច្បាប់​ចំនួន​៦៣ ច្រក​។​អំពី​សកម្មភាព​អប់រំ ទប់ស្កាត់​ពលករ​នេះ បងប្អូន​ពលករ​ខ្មែរ​និយាយថា :​វិធានការ​នោះ គ្មាន​ប្រសិទ្ធភាព​ទេ ។​បងប្អូន​នឹង​នាំគ្នា​ជ្រៀត​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​ដដែល ។​ពោលគឺ​នៅក្រោយពី​ការឃាត់​មក​អប់រំ​នេះ​៕S/

រូបថត : កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ជិត​១០០​នាក់ (​រូប​: ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម