ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសំណូមពរ ឱ្យសមត្ថកិច្ចមានវិធានការ ទប់ស្កាត់សកម្មភាពក្មេងទំនើង ការជួញដូរផ្លូវភេទ ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមចិញ្ចើមផ្លូវថ្នល់ ឱ្យបានខ្លាំងក្លាជាងមុន ខណៈដែលក្នុងខែមករា ឆ្នាំ២០២១ បទល្មើសទាំងនេះ នៅតែបន្តកើតមាន នៅក្នុងរាជធានីភ្នំពេញ។
ការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ លោក ស៊ុយ សេរិទ្ធ និងលោកស្រី កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថាៈ ក្នុងខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច បានឃាត់ខ្លួនក្មេងទំនើង ១០៥ នាក់ ហើយពាក់ព័ន្ធនឹងបទល្មើស មានចំនួន ១០២ នាក់។ ដូច្នេះលោកសំណូមពរ ឱ្យសមត្ថកិច្ច មានវិធានការទប់ស្កាត់ សកម្មភាពក្មេងទំនើង ឱ្យបានខ្លាំងក្លា ជាងមុន។ ជាងនេះទៅទៀត សំណូមពរឱ្យបង្កើន ការផ្សព្វផ្សាយ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ” ដែលទើបនឹង កែសម្រួលថ្មីៗនេះ មាន ៧ចំណុច ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងមានការយកចិត្តទុកដាក់អនុវត្ត ឱ្យបានល្អប្រសើរ ព្រោះពិនិត្យតាមរបាយការណ៍ ឃើញថា បញ្ហាគ្រោះអគ្គិភ័យ មានការកើនឡើង។
លោកបានបន្តថាៈ ការជួញដូរផ្លូវភេទ ក្នុងស្រទាប់យុវវ័យ និងកុមារ តែងកើតឡើងជាបន្តបន្ទាប់ គួរឱ្យចាប់អារម្មណ៍ ដូចនេះ សំណូមពរពង្រឹងពង្រីក យន្តការអប់រំមុខសញ្ញានេះ និងក្រុមគ្រួសារ តាមរយៈពង្រឹងពង្រីក យន្តការអប់រំ ដោយប្រគល់ជូននារី និងយុវជន ជាកម្លាំងស្នូល ក្នុងការអប់រំ ព្រមទាំងមាន ការលើកទឹកចិត្ត ចំពោះសកម្មភាពអប់រំ ដោយមានការត្រួតពិនិត្យ ជាប្រចាំ។
ចំពោះការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមចិញ្ចើមផ្លូវថ្នល់ សំណូមពរ ឱ្យអាជ្ញាធររាជធានីភ្នំពេញ សិក្សាផ្នែកច្បាប់ ដើម្បីដាក់ចេញនូវ វិធានការផាកពិន័យ ឱ្យបានម៉ឺងម៉ាត់ ដើរទន្ទឹម នឹងវិធានការអប់រំ។
លោកបានបន្តទៀតថាៈ ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឥន្ធនៈ ឃើញថាៈ អាជ្ញាធរ បានខិតខំធ្វើបានច្រើន ហើយនៅសល់តែ ៦៩ ទីតាំងទៀតប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់ ដូច្នេះស្នើជំរុញការងារនេះ បន្ថែមទៀត។ មូលដ្ឋានអាជីវកម្មឧស្ម័នឥន្ធនៈខ្នាតតូចមានច្បាប់ ១០៨មូលដ្ឋាន អត់ច្បាប់ ៦៩ មូលដ្ឋាន ដែលការងារគ្រប់គ្រងអាជីវកម្មនេះ ក្រសួងបានធ្វើប្រតិភូកម្ម មកការិយាល័យច្រកចេញ-ចូលតែមួយរបស់ រដ្ឋបាលខណ្ឌរួចហើយ ដូចនេះស្នើឱ្យរដ្ឋបាលខណ្ឌ ជំរុញការធ្វើច្បាប់ឱ្យបាន ១០០ ភាគរយ៕/V.mara