​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង លោក ទុយ រី​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​សហប្រធាន​បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​អន្តរក្រសួង​ត្រួត​ព​និត្យ​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ​អន្តរក្រសួង​លើ​ការអនុវត្ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​និង​ការអនុវត្ត​ដីការ​សម្រេច​របស់​តុលាការ​ដែលមាន​ការចូល​រួម​ពី និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​ជា​សមាជិក​។​

​អង្គប្រជុំ​នេះ​ដែល​បានរៀបចំ​កាលពី​ថ្ងៃទី​០៩​ខែកុម្ភៈ​បាន​ពិភាក្សា​និង​ផ្តល់​ធាតុ​ចូល​លើ​កម្រិត​បច្ចេកទេស​និង​ច្បាប់​ដោយ​ទទួលបាន​លទ្ធផល​មួយចំនួន​ដូចជា​ការស្នើ​បង្កើត​ក្រុមការងារ​ថ្មី​អោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ដោយ​កែសម្រួល​សមាភាព​ក្រុមការងារ​អន្តរក្រសួង​បច្ចុប្បន្ន​ដែលមាន​ភារកិច្ច​ស​សេរ​របាយការណ៍​ជាតិ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ស្តីពី​ការដាក់ទណ្ឌកម្ម ដែលមាន​ស្រាប់​។

​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ដីការ​សម្រេច​បង្កក​ទ្រព្យសម្បតិ្ត​របស់​តុលាការ ក្រសួងយុត្តិធម៌ នឹង​ជម្រុញ​ការបញ្ជូន​របាយការណ៍​ដែល​ទទួលបាន ជូនទៅ​កាន់​ក្រសួង​ការបទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​តាម​ការប្រញាប់​។​

​ពិនិត្យ​លើ​លទ្ធផល​នៃ​ការអនុវត្ត​ជាក់ស្តែង​ដូច​ចែង​នៅក្នុង​របាយការណ៍​វឌ្ឍនភាព​ផែនការ​សកម្មភាព​រប​ស់​កម្ពុជា​កិច្ចប្រជុំ​ក៏បាន​ជម្រុញ​បន្ត​ការរៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់ អនុក្រឹត្យ ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​ដីការ​តុលាការ​ដល់​វិស័យ​ឯកជន​និង​បុគ្គល​រាយការណ៍​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដោយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ការសម្របសម្រួល​រប​ស់​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។​

​លោក​សុខ​សុភ័ក្ត្រ​បាន​សំណូមពរ​ឱ្យ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ផ្តល់​ការបណ្តុះបណ្តាល​ការវាយតម្លៃ​ហានិភ័យ​ទៅកាន់​មន្ត្រី​ជំនាញ​តាម​ស្ថាប័ន​នីមួយៗ និង​ស្នើឱ្យ​មានការ​ចែកចាយ​បន្ថែម​នូវ​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ទៅកាន់​ស្ថាប័ន​ផ្សេងៗ​ឲ្យ​បាន​ច្រើន​តាម​វេ​ប​សាយ និង​ជា​ឯកសារ​ចងក្រង​៕​