ប្រែសម្រួល : កញ្ញាដាលីស ៖ កង្វះបន្ទះឈីបស៊ីលីកូនកំពុងបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនកាត់បន្ថយការផលិតនៅទូទាំងពិភពលោក ហើយអាចលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់នៅអាស៊ី។
ក្រុមហ៊ុន Ford បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងកាត់បន្ថយទិន្នផលរថយន្តភីកអាប់លក់ដាច់បំផុតប្រភេទ F-150 ដោយសារតែកង្វះបន្ទះឈីប (Semiconductor) ខណៈដែលក្រុមហ៊ុន General Motors បានប្រកាសថាខ្លួននឹងផ្អាកការងារនៅរោងចក្រចំនួន ៣ នៅទ្វីបអាម៉េរិកខាងជើង។
នៅប្រទេសចិន រោងចក្រខ្លះត្រូវបានបិទពីរសប្តាហ៍។ នៅប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Volkswagen បានបញ្ឈប់ខ្សែសង្វាក់ផលិតកម្មនៅរោងចក្រចំនួនពីរក្នុងខែមករានិងនៅប្រទេសបារាំង ក្រុមហ៊ុន Stellantis លុបចោលវេនធ្វើការថ្ងៃសៅរ៍។
រថយន្តសព្វថ្ងៃនេះគឺពោរពេញដោយម៉ាស៊ីនដំណើរការចម្រុះជាច្រើន។ ឧទាហរណ៍ជាក់ស្តែង រថយន្ត Audi SUV មួយ គឺមានគ្រឿងម៉ាស៊ីនចម្រុះដល់ទៅ ៣៨ ក្នុងនោះមានចាប់ពីម៉ាស៊ីនរថយន្តរហូតដល់ប្រព័ន្ធហ្វ្រាំង ABS និង ចាប់ពីពោងខ្យល់រហូតដល់បច្ចេកវិជ្ជាជំនួយដល់ការចតរថយន្ត។
ដោយហេតុថាសព្វថ្ងៃក្រុមហ៊ុនផលិតរថយន្តនានាបានពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនិងកាន់តែពឹងផ្អែកខ្លាំងឡើងទៅលើការចែកចាយគ្រឿងបន្លាស់ទាន់ពេលវេលា ដូច្នេះកង្វះខាតគ្រឿងបន្លាស់ណាមួយនឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យរថយន្ត។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit ថ្មីៗនេះបានប៉ាន់ស្មានថា កង្វះបន្ទះឈីបអាចពន្យារពេលការផលិតយានយន្តចំនួន ៦៧២.០០០ គ្រឿងនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ភាគច្រើនគឺនៅប្រទេសចិននិងអឺរ៉ុប៕
កង្វះបន្ទះឈីបនឹងនាំឱ្យពន្យារពេលការផលិតរថយន្តចំនួន ៦៧២.០០០ គ្រឿងនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ