ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
អគ្គិ
(អ័ក-គិ)
នាមសព្ទ
( បា.; សំ. អគ្និ ) ភ្លើង ( ខ្មែរប្រើក្លាយជា អគ្គី ) ។ អគ្គិកីឡា ឬ អគ្គីក្កីឡា, អគ្និក្រីឌា ល្បែងភ្លើង, ល្បែងភ្ញីភ្លើង ( មានកាំជ្រួច, កាំជ្រួចរន្ទា, ភ្ញីទៀនជាដើម ) ។ អគ្គិជ្ជាលា ឬ អគ្និជ្វាលា ពន្លឺភ្លើង, អណ្ដាតភ្លើង ។ អគ្គិភ័យ ភ័យអំពីភ្លើងដែលឆេះផ្ទះជាដើម ។ អគ្គិសនី ( —សៈនី ) ឬ អគ្យសនី ( អ័ក-គ្យៈសៈនី; បា. ស., បា. អគ្គិ “ភ្លើង” + អសនិ “រន្ទះ” > អគ្យសនិ ឬ អគ្គិសនី “ភ្លើងរន្ទះ; ភ្លើងមេឃ” ) ភ្លើងអេឡិកទ្រិគ ( ពាក្យសន្មតប្រើតាមសម័យនិយម ) ។ អគ្គិសន្ដាប កម្ដៅភ្លើង, កម្សួលភ្លើង ។ អគ្គិសិខា អណ្ដាតភ្លើង; គោម, ចង្កៀង ។ ល ។ ( មើលក្នុងពាក្យ អគ្និ ផង ) ។
ចរន្ត
(ចៈ-រ៉ន់)
នាមសព្ទ
(បា. ចរ + អន្ត > ចរន្ត) ចលនា ឬ ដំណើរដែលប្រព្រឹត្តទៅ ដោយកម្លាំងនៃធាតុទឹកនិងធាតុភ្លើងជាដើម
ចរន្តអគ្គិសនី ។
ថាមមាត្រ
(ថាម៉ៈមាត)
នាមសព្ទ
(បា. សំ.; បា. ថាម+មត្ត; សំ. ស្ថាម+មាឌ ឬ មាត្រ) ប្រដាប់សម្រាប់វាស់ស្ទង់សន្ទុះកម្លាំងនៃគ្រឿងម៉ាស៊ីននិងអគ្គិសនី ។
គីឡូវ៉ាត់
នាមសព្ទ
( បារ. Kilowatt ) ខ្នាតប្រធាននៃកម្លាំងចរន្តអគ្គិសនី ស្មើនឹងមួយពាន់វ៉ាត់ ។
គីឡូវ៉ុល
នាមសព្ទ
(បារ. Kilovolt ) ខ្នាតនៃកម្លាំងធាតុក្នុងអគ្គិសនី ស្មើនឹងមួយពាន់វ៉ុ់ល ។