​ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ បុរស​ចំណាស់​ម្នាក់ ជា​អតីតយុទ្ធជន ហើយ​ពិការ​ផង​នោះ បាន​ឡើង​កាប់​ស្លឹកត្នោត ស្រាប់តែ​រអិល​ជើង ធ្លាក់​ពីលើ​ដើមត្នោត កម្ពស់​ប្រមាណ ជិត ២០ ម៉ែត្រ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ព្រះ​អង្ក​កែវ ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល ស្រុក​រំដួល បានឱ្យដឹងថាៈ បុរស​នេះ មានឈ្មោះ ជា សុខន អាយុ ៦៥ ឆ្នាំ ជា​អតីតយុទ្ធជន​ពិការ រស់នៅ​ភូមិ​ព្រះ​អង្ក​កែវ ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​អ្នកភូមិ បានឱ្យដឹងថាៈ មុន​កើតហេតុ គេ​ឃើញ​បុរស​នេះ បាន​ឡើង​ដើមត្នោត ដើម្បី​កាប់​ស្លឹក យកមក​ផ្ទះ តែ​ពេលនោះ ស្រាប់តែ​ឃើញ​គាត់ ធ្លាក់​ពីលើ​ដើមត្នោត កម្ពស់​ប្រមាណ​ជិត ២០ ម៉ែត្រ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ និង​ក្រុមគ្រួសារ​ទាំង​ព្រឹក​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បានមក​ដល់ ដើម្បី​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ ហើយ​បានប្រគល់​សព ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ទាំង​ក្ដុកក្ដួល​បំផុត​៕/V.mara