ដោយៈ គន្ធា / ភ្នំពេញៈ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាព របស់លោក ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង កម្មវិធីសិក្សា គណនេយ្យករ ជំនាញកម្ពុជា (គ.ក.គ.ក.) ។
នៅក្នុងពិធីនេះ លោក ងី តាយី បានលើកឡើង អំពីគោលបំណង នៃការបង្កើតកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា គឺអភិវឌ្ឍន៍ធនធានមនុស្ស ជាអ្នកវិជ្ជាជីវៈ គណនេយ្យ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងសវនកម្ម ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងការតម្រូវរបស់ ច្បាប់គណនេយ្យ និងសវនកម្ម ក្នុងក្របខ័ណ្ឌ នៃការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម។ កម្មវិធីនេះ ក៏រួមចំណែកផងដែរ ក្នុងការគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានរំលេចនូវ ទិសដៅចម្បង ៤ គីៈ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការសម្រេចបាន នូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រួមទាំងកិច្ចអភិវឌ្ឍន៍ សង្គមកិច្ចមួយដ៏រឹងមាំ និងជានិរន្តន៍ ដែលធានាកម្រិតជីវភាព និងសុខដុមភាព របស់ប្រជាជន ឱ្យកាន់តែប្រសើរឡើង ជាលំដាប់។
លោក ងី តាយី ក៏បានលើកឡើងផងដែរ អំពីដំណើរការ នៃការរៀបចំ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដោយសង្កត់ធ្ងន់លើស្ថាប័ន ដែលចូលរួម ដោយផ្ទាល់ រួមមាន ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងត្រូវបានត្រួតពិនិត្យ និងផ្តល់ការគាំទ្រ ដោយ សមាគមគណនេយ្យករជំនាញជាន់ខ្ពស់ (ACCA) និងវិទ្យាស្ថានគណនេយ្យករជាន់ខ្ពស់ ចក្រភពអង់គ្លេស និង វែល។ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ត្រូវបានវាយតម្លៃថា បានអនុលោមតាម ការតម្រូវរបស់ស្តង់ដាអប់រំអន្តរជាតិ សម្រាប់គណនេយ្យករ (IES)របស់សហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) ព្រមទាំងត្រូវបានទទួលស្គាល់ ក្នុងក្របខណ្ឌអាស៊ាន (ASEAN MRA) ។
លោក ប៊ូ ថារិន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគណនេយ្យ បានស្នើសុំឲ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំង អ្នកសិក្សា ត្រូវរួមគ្នា គាំទ្រកម្មវិធីមួយនេះ ឲ្យមានភាពជោគជ័យ និងមាននិរន្តរភាព ក្នុងក្របខណ្ឌ នៃការធានាបាននូវ គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។
នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជានេះ ក៏មានការចូលរួម ពីសមាជិក សមាជិកា គណៈកម្មាធិការ គ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករ ជំនាញកម្ពុជា (គ.ក.គ.ក) អនុគណៈកម្មាធិការ គ្រប់គ្រងការប្រឡង និងអនុគណៈកម្មាធិការ ទទួលស្គាល់គុណភាព អប់រំ និងបណ្តុះបណ្តាល ព្រមទាំង តំណាងក្រសួងស្ថាប័ន វិស័យឯកជន គ្រឹះស្ថានសិក្សា ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា មានចំនួនប្រមាណ ១៩០ នាក់៕/V