កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ការងារ​សហព័ន្ធ​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​

1203
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារជាតិ នៃ​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (Alliance for Financial Inclusion) ហៅ​កាត់​ថា AFI ដើម្បី​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់ សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ចំនួន​២ គឺ​ក្រុមការងារ​រៀបចំ​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​(FISPLG) និង​ក្រុមការងារ​រៀបចំ​បទដ្ឋាន​រួម​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​(GSP)​។​

ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (Alliance for Financial Inclusion)​ហៅ​កាត់​ថា​AFI ដើម្បី​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​របស់ សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​

​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ពីថ្ងៃ​ទី​២៤​ដល់​២៧​ខែមេសា ឆ្នាំ​២០១៨​នេះ មាន​គោលបំណង​បន្ត​កិច្ចពិភាក្សា​និង​ការរៀបចំ​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការលើក កម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​និង​ជាពិសេស​ចំពោះ​ការលើកកម្ពស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ឲ្យ​មានលទ្ធភាព​ទទួលបាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​។​

​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​គឺជា​ស្ថាប័ន​អន្តរជាតិ​មិន​ស្វែងរក​ប្រាក់ចំណេញ​និង​មាន​បេសកកម្ម​ផ្ដោត​សំខាន់​ទៅលើ​ការរៀបចំ​គោលនយោបាយ​និង​ក្របខណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ បានសម្រេច​ជ្រើស​រើសយក​ប្រទេស​កម្ពុជា​ជាពិសេស ខេត្តសៀមរាប​តែម្ដង​ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ​និង​មានការ​ចូលរួម​ពី​អ្នករៀបចំ​គោលនយោបាយ ប​ញ្ញ​តិករ មន្ត្រី​ត្រួតពិនិត្យ​មន្ត្រី​ធនាគារកណ្ដាល​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដូចជា​ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ​និង​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​ជាដើម​សរុប​ប្រមាណ​៩០ រូប​មកពី​ប្រទេស​ចំនួន ៤៣​និង​គ្រប់​ទ្វីប​ទាំងអស់​ដែលជា​សមាជិក​របស់​ស​ហ​ព័ន្ធ AFI​។​

​លោក​ទេសាភិបាល​ធនាគារជាតិ បាន​គូសបញ្ជាក់ថា​«​ការលើកកម្ពស់​បរិ​យា​ប័ន្ន ហិរញ្ញវត្ថុ​និង​ជាពិសេស​ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ជនបទ​អាច​ទទួលបាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​តាមរយៈ​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​របស់ FinScope កាលពី​ឆ្នាំ ២០១៥​បាន​បង្ហាញថា​៥៩​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ពេញវ័យ​សរុប​មានលទ្ធភាព​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ១២​ភាគរយ​ទៀត ពុំទាន់​មានការ​ប្រើប្រាស់​សេវា​នៃ​វត្ថុ​នៅឡើយ​។​

​លោក​ជា ចាន់តូ បានឱ្យដឹង​ផងដែរ​ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​មាន​តួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ទទួលបាន និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឲ្យ​ប្រកបដោយ​គុណភាព និង​តម្លៃ​សមស្រប​ហើយ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ក៏​ទទួលបាន​ការគាំទ្រ​ត្រឹមត្រូវ​តាមច្បាប់​។​

​លោក​ទេសាភិបាល​បាន​ជម្រាប​អង្គប្រជុំ​ផងដែរ​ថា បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា កំពុង​រៀបចំ​សេចក្តីព្រាង​ស្តីពី​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហើយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​ក្នុង​ឆ្នាំ​២០១៨ នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម