​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ ពាក់ព័ន្ធ​ទៅនឹង​ការ​ចង្អៀត​ណែន នៅក្នុង​ពន្ធនាគារ​រ ក្រសួងមហាផ្ទៃ បាន​សិក្សា និង​ដោះស្រាយ បញ្ហា​ទាំងនេះ តាមរយៈ​យន្តការ ដូចជាៈ ទី​១- ក្រសួងយុត្តិធម៌ បាន​បង្កើត​យុទ្ធនាការ ដោះស្រាយ បញ្ហា​កកស្ទះ សំណុំរឿង និង​ព​ន្លឿ​ន​ការ​កាត់សេចក្តី​។ ទី​២-​ការដោះស្រាយ​វិវាទ ក្រៅ​តុលាការ ដែលមាន​ក្នុង​គោលនយោ បាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​។ ទី​៣-​ការអនុវត្ត​ទោស តាម​សហគមន៍ និង​ទី​៤-​ការសិក្សា ទៅលើ​ការពង្រីក​ពន្ធនាគារ​។​

​ការបញ្ជាក់​នេះ បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Dena Fisher ប្រធាន​បេសកកម្ម​ថ្មី នៃ​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (International Committee of the Red Cross) ICRC កាលពី​រសៀល ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ក៏បាន​ស្នើឱ្យ​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ធ្វើការ​ចែករំលែក​នូវ បទពិសោធន៍​នានា ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង ពន្ធនាគារ ពី​បណ្តា​ប្រទេស ដែល​ទទួលបាន​ជោគជ័យ និង​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បានល្អ​ប្រសើរ និង​ស្នើ​ឱ្យមាន​ការជួយ ដល់​មន្ត្រី​ពន្ធនាគារ ព្រមទាំង​ផ្តល់នូវ​ទស្សនាទាន ក្នុងការ​អប់រំ​កែប្រែ ដល់​អ្នក​ជាប់ឃុំ ដើម្បី​អាចឱ្យ​ពួកគេ ធ្វើ​សមាហរណកម្ម ទៅក្នុង​សហគមន៍ បាន​នៅពេល​គេ​រួច​ទោស​។

​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង នូវ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​រាជរដ្ឋាភិបាល ដែល​បាន​លុបបំបាត់ ការធ្វើ​ទារុណកម្ម ទៅលើ​ជន​ជាប់ឃុំ ការខិតខំ​ប្រឹងប្រែង លុបបំបាត់​ការធ្វើ​ទារុណ​កម្មនេះ តាមរយៈ​ការបង្កើត​នូវ គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ការធ្វើ​ទារុណកម្ម ដើម្បី​ឆ្លើយតប នូវ​បទ​ប​ញ្ញ​តិ​របស់ អង្គការសហប្រជាជាតិ ដែល​គណៈកម្មាធិការ​នេះ ទទួល​ពាក្យបណ្តឹង​ផង និង​ចុះ​ពិនិត្យ​ជាប្រចាំ នៅតាម​ពន្ធនាគារ​ផង ។​

​ជាការ​ឆ្លើយតប លោកស្រី Dena Fisher បាន​ថែ្ល​ង​អំណរគុណ និង​បង្ហាញ​នូវ​សេចក្តី​ចាប់អារម្មណ៍ ជាខ្លាំង​នូវ​វឌ្ឍនភាព នៃ​ការលើកកម្ពស់ វិស័យ​ពន្ធនាគារ នៅ​កម្ពុជា លោកស្រី​បាន​បន្ថែមថា កាលពីពេល​ថ្មីៗ​នេះ ពាក់ ព័ន្ធ​នឹង​វិស័យ​ពន្ធនាគារ ក្នុងនាម​លោកស្រី ជា​ប្រធាន​ក្រុមការងារ របស់​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍ ចន្ទ​ក្រហម លោកស្រី បាន​បង្កើត​ក្រុមការងារ បច្ចេកទេស​មួយ ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិ បាល ក្នុងការ​លើកកម្ពស់ សុខមាលភាព អ្នក​ជាប់ឃុំ ហើយ​លោកស្រី សង្ឃឹមថា ការងារ​នេះ នឹង​អាច​ទប់ស្កាត់ ការ​រាតត្បាត​នានា ជាពិសេស ជំងឺ​កូ​វីដ​១៩ និង​ការលើកកម្ពស់​សុខភាព ផ្លូវកាយ និង​ផ្លូវចិត្ត និង​បញ្ហា​ផ្សេងៗ ដែល​ប្រឈម​ក្នុង​ពន្ធនាគារ​។ ជាមួយគ្នានេះ លោកស្រី បាន​ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង ចាត់​ជន​បង្គោល ដើម្បី​ធ្វើ​ការងារ​ផ្ទាល់ ជាមួយ​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ក្នុង​ការងារ​លើកកម្ពស់ ស្ថាន ភាព នៅ​ពន្ធនាគារ​។​

​ជាការ​ឆ្លើយតប ទៅនឹង​សំណើ​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ចាត់​ឱ្យ​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន ពន្ធនាគារ ធ្វើការ​ផ្ទាល់​ជាមួយ អ្នកជំនាញ​របស់ ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៕/V​