ដោយៈ បូកគោ / កំ​ពតៈ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បានស្នើ​ដល់ គណៈ​អភិបាល ខេត្តកំពត ក៏ដូចជា មន្ទីរ​អង្គភាព ព្រមទាំង​អាជ្ញាធរ​ក្រុង ស្រុក បន្ត​យកចិត្តទុកដាក់ ក្នុងការ​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម ជូន​ពលរដ្ឋ តាម​ជំនាញ និង​តួនាទី​របស់ខ្លួន​។ សំណើ​នេះ​បានធ្វើ​ឡើង នា​កិច្ចប្រជុំ​សាមញ្ញ របស់​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បញ្ជាក់ថា ជាការ​កត់សម្គាល់ លទ្ធផល​ការងារ ដែល​រដ្ឋបាលខេត្ត ក្រុង​ស្រុក មន្ទីរ​អង្គភាព និង​ថ្នាក់មូលដ្ឋាន ខិតខំ​កន្លងមក បានធ្វើឱ្យ ខេត្តកំពត មាន​ការវិវឌ្ឍ ប្រែប្រួល​លើ​គ្រប់​វិស័យ​។ ដើម្បី​បន្ត​និរន្តរភាព នៃ​ការរីកចម្រើន បន្ថែមទៀត សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អនុវត្ត ព្រមទាំង​ជំរុញ​ការដោះស្រាយ រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ ស្របតាម​ជំនាញ និង​សមត្ថកិច្ច តួនាទី​របស់ខ្លួន​ឱ្យបាន សកម្ម​បំផុត​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បន្តថាៈ ការអនុវត្ត​បានល្អ នូវ​កិច្ចការ​ទាំងនេះ គឺ​ស្រប តាម​គោលនយោបាយ នៃ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ មូលដ្ឋាន​ពិតៗ​។ បន្ថែម​លើ​នោះ ក៏​ជាការ​ឆ្លើយតប ចំពោះ​សេចក្តីណែនាំ​របស់​ក្រសួង មហាផ្ទៃ និង​ក្រសួង​ជំនាញ​នានា តាមរយៈ​ការផ្ដល់ជូន នូវ​អត្ថប្រយោជន៍​ដោយ​ធ្វើ យ៉ាងណា បង្ក​ឱ្យ​ប្រជាពលរដ្ឋ មាន​ជីវភាព​កាន់តែ​សើរ​ឡើង​៕/V​-PC