ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបង្ហាញការ ស្វាគមន៍ ចំពោះបំណងរបស់អង្គការ SNV និងចង់ឱ្យអង្គការជួយការពារព្រៃឈើឲ្យ បានល្អ ជាពិសេសការជួយលើកកម្ពស់ ជីវភាពសហគមន៍ តាមរយៈការដាំពូជឈើ ដែលបម្រើអោយវិស័យ ឧស្សាហកម្ម ដូចជា ពពួកដើមអាកាស្យា ជាដើមដែលអាច ប្រើប្រាស់ ជាអុសក៏បាន ជំនួសអោយការប្រើប្រាស់ ព្រៃធម្មជាតិ គឺជាព្រៃដាំ។
ការលើកឡើងរបស់លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បែបនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សា ការងារ ជាមួយអង្គការ SNV ដែលមានបំណងសហការ ជាមួយក្រសួងបរិស្ថានលើផ្នែក ការប្រែប្រួលអាកាសធាតុ Climate Change Adaptation and Mitigation គឺការបន្សាំ និងការកាត់បន្ថយឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីនេះដែរ ក៏បានស្វាគមន៍ ដល់អង្គការ SNV ដែលបានលើកឡើង ពីគម្រោងគ្រប់គ្រងទឹក (water management) ក្នុងបរិបទ ដែលយើងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលគម្រោងនេះ គឺធ្វើយ៉ាងណា គ្រប់គ្រងទឹកឱ្យបានល្អ ធ្វើឱ្យមានកន្លែងស្តុកទឹក សម្រាប់សហគមន៍ ក្នុងការប្រើប្រាស់ ដាំដំណាំ និងបរិភោគ ចំណែកចំណុចមួយទៀត គឺ Green Energy ដែលជាគម្រោង ដាំដើមឈើឡើងវិញ ដែលយកផលពី ការដាំដើមឈើ យកមកជំនួសការដែលយក ព្រៃធម្មជាតិ យកមកប្រើប្រាស់ផង និងចូលរួមកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ផង៕/V-PC