ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១១ ខែកុម្ភៈ នេះថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៤២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានបណ្តាលឲ្យមនុស្សចំនួន ២០៥នាក់បានស្លាប់ និងរបួសចំនួន ៥៦៨នាក់ ក្នុងនោះធ្ងន់ចំនួន ៣២៦នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១០លើក ស្លាប់ ២នាក់ របួសចំនួន ១២នាក់ ក្នុងនោះរបួសស្រាល ៣នាក់ និងធ្ងន់ចំនួន ៩នាក់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៤២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៣៩៧១២គ្រឿង ក្នុងនោះម៉ូតូចំនួន ២៩៣៤៦គ្រឿង និងរថយន្តចំនួន ១០៣៦៦គ្រឿង រថយន្តតូច ៨៣៨៨គ្រឿង និងធំ ១៩៧៨គ្រឿង៕