​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ យុវជន ៣ នាក់ មាន​គ្រឿងញៀន​ទុក​ជក់ និង​លក់ ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​កំលាំង​អាវុធហត្ថ មួយក្រុម ចុះបង្ក្រាប ហើយ​បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ១ កូន​ថង់​កិប ស្មើនឹង​ទម្ងន់ ១,៨០ ក្រាម ម៉ូតូ​ចំនួន ២ គ្រឿង និង​សម្ភារ​ជក់ មួយចំនួន​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ជា​ក្មេងប្រុស​ទាំង ៣ នាក់​នោះ​មានៈ ១.​ឈ្មោះ សុខ លី​ហួរ អាយុ​១៧​ឆ្នាំ មុខរបរ ជាង​ត​ភ្លើង ជា​អ្នក​ទុកដាក់​ថ្នាំញៀន​លក់ , ២.​ឈ្មោះ គង់ ចិន​តឺ អាយុ​១៦​ឆ្នាំ , ២​នាក់​នេះ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង ៣. ឈ្មោះ ឆាន់ ហូ​លី​ហុង អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​, ២​នាក់​នេះ ជា​អ្នក​ជក់ ។​

​ពេលធ្វើ​តេស្ត​ទឹកនោម ពិនិត្យ​រកសារ​ធាតុ​ញៀន ជនសង្ស័យ​ទាំង ២ នាក់ គឺ​ឈ្មោះ គង់ ចិន​តឺ និង​ឈ្មោះ ឆាន់ ហូ​លី​ហុង មាន​លទ្ធផល​វិជ្ជមាន ។ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ កម្លាំង​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ព្រាម​ទាំង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕/V​