Home ព័ត៌មានអន្តរជាតិ ក្រុម​ជនជាតិភ...

ក្រុម​ជនជាតិភាគតិច​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​ជនជាតិភាគតិច​ជាច្រើន​ក្រុម​នៅ​មី​យ៉ាន់​ម៉ា បាន​ដើរ​ដង្ហែរ​នៅ​ពីក្រោយ​ទង់​ប្រចាំ​តំបន់​របស់​គេ នៅក្នុង​ការប្រឆាំង​តវ៉ា​ធំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​វា​កាន់តែ​បង្ហាញ​​ការប្រឆាំង​ជំទាស់​កាន់តែ​ធំធេង​នៅ​ជុំវិញ​ប្រទេស​ចំពោះ​រដ្ឋប្រហារ​យោធា​កាលពី​សប្តាហ៍​មុន​។​

​អ្នក​ប្រឆាំង​តវ៉ា​រាប់​ម៉ឺន​នាក់ បាន​ដើរ​ដង្ហែ​នៅ​ទីក្រុង​យ៉ាងហ្គោន​និង​ម៉ាន់​ដា​ឡេ ។​ការជួបជុំ​ធំៗ ក៏​មាន​នៅ​រដ្ឋធានី ណៃពី​ដោ​រ និង​ទីក្រុង​ទីប្រជុំជន​ដទៃ​ទៀត​ផង​ដែរ​ដោយ​ពួកគេ​មិន​អើពើ​នឹង​ច្បាប់​គ្រា​អា​​សន្ន​ចេញ​កាលពី​ថ្ងៃ​ចន្ទ ដែល​ហាម​ការជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង​និង​ការប្រឆាំង​តវ៉ា​នឹង​របប​សឹក​។​

​ពួក​អ្នកចូលរួម រួម​មាន​កម្មករ​រោងចក្រ បុគ្គលិក​រដ្ឋការ​ស៊ីវិល សិស្ស​និស្សិត​និង​គ្រូ​បង្រៀន បុគ្គលិក​វេជ្ជសាស្ត្រ និង​អ្នក​ផ្សេង​ទៀត​មកពី​គ្រប់​មជ្ឈដ្ឋាន​សង្គម​។​សង្ឃ​ព្រះពុទ្ធសាសនា​និង​អ្នកបួស​កា​តូ​លិច​ សូម្បី​តែ​ក្រុម​មនុស្ស​ខ្ទើយ​ក៏​ត្រូវ​បាន​ឃើញ​ចូលរួម​ដែរ ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​ដា​វ៉េ អ្នក​ប្រឆាំង​តវ៉ា​បាន​ជាន់​រូប​ឧត្តមសេនីយ៍មេ​រដ្ឋប្រហា​រ មីន អ៊ុង ហ្លាំង ។​

​ទូក​ឈើ​វែងៗ​ដែល​ប្រើ​សំរាប់​នេសាទ​និង​ដឹកជញ្ជូន នៅ​បឹង​ទេសចរណ៍ អ៊ិន​ឡេ ឡេក ក្នុង​រដ្ឋ​សាន ក៏​បាន​ធ្វើការ​បណ្តែត​ខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំង​យ៉ាង​ចម្លែក​ផងដែរ ដោយ​អ្នក​នៅលើ​ទូក​កាន់​បដា​ប្រឆាំង​​នឹង​រដ្ឋប្រហារ​និង​អំពាវនាវ​រក​យុត្តិធម៌​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​កំពុង​ទាមទារ​ស្តារ​អំណាច​រដ្ឋាភិបាល​ជាប់​ឆ្នោត​ឡើងវិញ​និង​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​តាំង​ពី​រដ្ឋប្រហារ រួម​មាន​មេដឹកនាំ​អ៊ុង សាន ស៊ូ​ជី​។​សូមបញ្ជាក់​ថា អ្នកនយោបាយ​និង​សកម្ម​​ជន​ប្រមាណ​២០០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​០១​កុម្ភៈ​មក​៕

​អ្នក​ប្រឆាំង​តវ៉ា មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា រួម​ទាំង​ក្រុម​ជនជាតិ បាន​ធ្វើការ​ប្រឆាំង​រដ្ឋ​ប្រហារ​នៅ​ទីក្រុង​ទីប្រជុំ​ជាច្រើន​កាលពី​ថ្ងៃ​១១​កុម្ភៈ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular