ដោយៈសុផល/ភ្នំពេញ: ប្រសិនបើយើងសួរមនុស្សមួយចំនួនពីការគិតរបស់ពួកគេ ទាក់ទងនឹងការរំលោភបំពានផ្លូវភេទកុមារនិងជនរងគ្រោះ ចម្លើយស្វ័យប្រវត្តិគឺប្រាកដជា ជនរងគ្រោះដោយការរំលោភបំពានគឺជាកុមារី។
អង្គការមួយចំនួនដែលធ្វើការវិស័យការរំលោភបំពានផ្លូវភេទលើកុមារនៅប្រទេសកម្ពុជា ផ្តោតលើភាពងាយរងគ្រោះរបស់កុមារីជាអាទិភាពមុនគេ។នេះ មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅទូទាំងពិភពលោក។ ប៉ុន្តែនៅពីក្រោយធាតុពិតទាំងនេះ យើងនៅតែមិនទាន់ដឹងពីតួលេខនិងភាពជាក់ស្តែងនៃការរំលោភបំពានផ្លូវភេទកុមារានៅឡើយទេ។
យោងតាមអង្គការជំហានដំបូង បានឱ្យដឹងថា៖ផ្អែកតាមតថភាពជាក់ស្តែង គេសង្គេតឃើញថា កុមារាទទួលរងការរំលោភបំពានផ្លូវភេទដូចកុមារីដែរ (យ៉ាងហោចណាស់ ៥%នៃកុមារនៅក្នុងប្រទេសកម្ពុជា)ប៉ុន្តែសម្រាប់ហេតុផលជាច្រើនករណីកុមារនេះស្ទើរតែមិនត្រូវបានរាយការណ៍(៦%នៃករណីរំលោភបំពានផ្លូវភេទកុមារាត្រូវបានរាយការណ៍) បើប្រៀបធៀបទៅនឹងការរំលោភបំពានផ្លូវភេទកុមារី (៤០% ត្រូវបានរាយការណ៍តាមការស្រាវជ្រាវរបស់ UNICEF ឆ្នាំ ២០១២ និង ២០១៤) ។
អង្គការជំហានដំបូងកម្ពុជាកំពុងធ្វើការនៅតាមមូលដ្ឋានលើបញ្ហានេះ ដើម្បីស្វែងរកយុត្តិធម៌ឲ្យកុមារចំពោះបញ្ហាដែលកប់ទុក គ្មានគេនិយាយ គ្មានអ្នកណាដឹង និងគ្មានអ្នកស្តាប់ ប៉ុន្តែវាបានធ្វើឲ្យកុមារជាច្រើនឈឺចាប់និងរងរបួសផ្លូវចិត្ត ជាពិសេសចំពោះកុមារាតែម្តង។
ភាពជាបុរស និងហេតុអ្វីបានជាកុមារាមិនត្រូវបានការពារ
មានកត្តាចម្បងៗជាច្រើនដែលពន្យល់ពី មូលហេតុដែលកុមារាមិនទទួលបានការការពារដូចកុមារី។ តាមរយៈការសិក្សាស៊ីជម្រៅនានា អង្គការជំហានដំបូងកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងយល់ពីបញ្ហាទាំងនេះ។ ឫសគល់នៃបញ្ហានេះគឺ បណ្តាលមកពីកង្វះចំណេះដឹងអំពីការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេស ការអប់រំផ្លូវភេទនៅមានកម្រិតស្តួចស្តើង អ្នកផ្តល់សេវាមានជំនាញមិនគ្រប់គ្រាន់ និងខ្វះសេវាជាក់លាក់សម្រាប់គាំទ្រដល់កុមារា។ ការស្រាវជ្រាវចុងក្រោយស្តីពី “ការថែទាំកុមារា” បាននាំមកនូវរបកគំហើញដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីការពិពណ៌នាភាពជាបុរសនៅក្នុងសង្គមកម្ពុជា។
និន្នាការភាពជាបុរសទាំងនេះ គឺជាផ្នត់គំនិតដ៏រឹងមាំដែលកើតចេញពីទំនាក់ទំនងយេនឌ័រនៅក្នុងសង្គមកម្ពុជា។ តើមាននិន្នាការអ្វីខ្លះ? ជាទូទៅ គេច្រើនគិតថា បុរសត្រូវតែទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់គ្រួសាររបស់ពួកគេ។ គេក៏ទទួលយក និងទទួលស្គាល់ផងដែរថា បុរសត្រូវតែខ្លាំង (ជាងស្ត្រី) ដូច្នេះហើយ មិនគួរបង្ហាញភាពទន់ខ្សោយ/ភាពងាយរងគ្រោះឲ្យគេដឹង និងឃើញនោះទេ។ លើសពីនេះទៀត ទោះបីជាមានគោលនយោបាយប្រឆាំងនឹងអំពើហិង្សាក៏ដោយ បុរសនៅតែទទួលបានអំណាចប្រើអំពើហិង្សា ហើយត្រូវបានសង្គមទទួលស្គាល់ថាជារបៀបបង្ហាញភាពជាបុរស។ និន្នាការភាពជាបុរសទាំងនេះអាចប្រែប្រួលឬកែរបាន ជាពិសេសសម្រាប់កុមារនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នវានៅរឹងមាំនៅឡើយក្នុងសង្គមកម្ពុជា។
ឥលូវនេះ គេយល់ថា និន្នាការភាពជាបុរសទាំងនេះកំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើបញ្ហាការរំលោភផ្លូវភេទលើកុមារា។ កុមារារងការរំលោភបំពានផ្លូវភេទមួយចំនួនតែងគិតថា ខ្លួនឯងត្រូរឹងមាំ និងត្រូវបង្ហាញភាពខ្លាំងនោះចេញមក។ ទោះជាយ៉ាងណាក៏ដោយ រាល់ដំណើរការនៃការជាសៈស្បើយឡើងវិញ ត្រូវមានការចែករំលែកអារម្មណ៍ បង្ហាញភាពភ័យខ្លាច បង្ហាញភាពទន់ខ្សោយនិងភាពងាយរងគ្រោះ ហើយការធ្វើបែបនេះ វាហាក់ដូចជាប្រឆាំងនឹងការរំពឹងទុករបស់សង្គមកម្ពុជាទៅលើកុមារា។ ហេតុដូច្នេះហើយ កុមារាជាច្រើនបន្តលាក់បាំងនិងរក្សារឿងនេះជាការសម្ងាត់ ហើយមិនស្វែងរកការជួយពីខាងក្រៅទេ។ ពួកគេធ្វើដូច្នេះដើម្បីរក្សាភាពខ្លាំង ព្រោះការបង្ហាញភាពទន់ខ្សោយ/ភាពងាយរងគ្រោះរបស់ខ្លួនអាចធ្វើឱ្យពួកគេមានអារម្មណ៍អាម៉ាស់ ភ័យខ្លាចការចំអក ឬម៉ាក់ងាយពីមិត្តភក្តិ។
ហេតុផលមួយទៀតអាចមកពីឪពុកម្តាយ ឬអ្នកផ្តល់សេវាមិនជឿពួកគេ ដោយសារមិនបានត្រៀមខ្លួនទទួលយកបញ្ហាការរំលោភបំពានផ្លូវភេទកុមារា ។ ក្នុងរកណីដែលមានមនុស្សជឿនិងស្តាប់រឿងរ៉ាវរបស់ពួកគេវិញ ភាគច្រើនគេនឹងប្រាប់ថា ក្នុងនាមជា “កុមារារឹងមាំ” វានឹងជាសះស្បើយទៅវិញដោយឯកឯង មិនបាច់មានការជួយទេ។ គួបផ្សំនឹងការហាមប្រាមអំពីការនិយាយរឿងរ៉ាវផ្លូវភេទផង វាបានរារាំងកុមារាពីការរាយការណ៍ផលប៉ះពាល់នៃការរំលោភបំពានមកលើពួកគេ។ មានឧបសគ្គជាច្រើនរារាំងកុមារាពីការរាយការណ៍អំពីការរំលោភបំពានផ្លូវភេទ នៅពេលពួកគេធ្លាក់ខ្លួនជាជនរងគ្រោះ។
សព្វថ្ងៃនេះ ចំណេះដឹងរបស់អ្នកផ្តល់សេវានិងអ្នកជំនាញកិច្ចការពាកុមារអំពីការរំលោភបំពានផ្លូវភេទលើកុមារានៅមានកម្រិត។ ជារៀងរាល់ឆ្នាំ អង្គការជំហានដំបូងកម្ពុជាបានបណ្តុះបណ្តាលនិងបង្កើនការយល់ដឹងដល់អ្នកជំនាញជាមធ្យមប្រហែល ៣០០ នាក់ លើការងារសង្គមកិច្ចក្នុងវិស័យការពារកុមារ ដើម្បីបំពេញការអនុវត្តការងារឲ្យបានល្អប្រសើរ បូករួមទាំងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងជនរងគ្រោះជាកុមារា។ ដូចដែលបានរៀបរាប់ដោយបុគ្គលិករបស់អង្គការជំហានដំបូងកម្ពុជា ដំណើរការសម្រាប់កុមាររងគ្រោះដោយការរំលោភបំពានផ្លូវភេទ “មានរយៈពេលយូរ ដែលតម្រូវឱ្យកុមារបើកចំហរ និងមានការគាំទ្រពីក្រុមគ្រួសាររបស់ពួកគេ”។
នៅតាមជនបទ យើងអាចសង្កេតឃើញការពិតដែលថា កុមារាចេញទៅដើរលេងដោយសេរី
ខណៈពេលកុមារីត្រូវបានរឹតត្បិតឲ្យលេងនៅតែក្នុងផ្ទះ ហើយដោយសារឪពុកម្តាយខ្វះការយល់ដឹងពីភាពងាយរងគ្រោះរបស់កុមារា។ ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ ទន្ទឹមនឹងការប្រកាន់គំនិតដែលថា កុមារាត្រូវតែខ្លាំងនិងរឹងមាំ ហើយមានសិទ្ធិប្រើអំពើហឹង្សានោះ វាប្រៀបដូចជាហ្វ្រាំងមួយដែលបង្កភាពរាំងស្ទះដល់វឌ្ឍនសមភាពយេនឌ័រ ដែលជាអាទិភាពមួយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ ស្ត្រីដែលមិនមានឯករាជ្យភាព មានលទ្ធភាពតិចតួច ដើម្បីរួចផុតពីអំពើហិង្សារបស់ប្តី។
ខណៈពេលដែលបញ្ហាទាំងអស់នេះនៅមិនទាន់បានដោះស្រាយ ហើយកុមារាត្រូវបានទុកឱ្យដើរតួនាទីដូចដើមក្នុងសង្គម ហើយស្ថានភាពចេះតែបន្តទៅមុខ។ យើងត្រូវពិនិត្យនិន្នាការក្រោយភាពជាបុរស និងភាពជាស្ត្រីឡើងវិញ។ ការបើកកកាយ “បញ្ហាលាក់កំបាំង” ទាំងនេះ គឺជាដំណើរការដ៏យូរអង្វែងមួយ។ អង្គការជំហានដំបូងកម្ពុជា តាមរយៈកម្មវិធីផ្សេងៗរបស់ខ្លួន បាននឹងកំពុងព្យាយាមបើកកកាយទៅដល់គ្រប់ស្រទាប់នៃសង្គម ដើម្បីលើកយកបញ្ហានៃការរំលោភបំពានផ្លូវភេទលើកុមារា ជារបៀបវារៈមិនអាចមើលរំលងបាន។ បញ្ហាទាំងនេះ ត្រូវតែដោះស្រាយដោយប្រើវិធីសាស្ត្រពីក្រោមទៅលើ។
មហិច្ឆិតារបស់អង្គការជំហានដំបូងកម្ពុជា គឺផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដើម្បីផ្សព្វផ្សាយអំពីការរំលោភបំពានកុមារាទៅដល់ប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល និងធ្វើឲ្យពួកគេយល់ដឹងអំពីនិន្នាការភាពជាបុរសក្នុងសង្គមកម្ពុជា ដែលកំពុងជះឥទ្ធិពលដល់កុមារគ្រប់រូប បូកទាំងកុមារា និងកុមារីផងដែរ។
ការចាត់វិធានការលើការរំលោភបំពានផ្លូវភេទលើកុមារានិងឫសគល់របស់វា គឺមិនត្រឹមតែអាចការពារកុមារាបានប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមនុស្សគ្រប់គ្នាមើលឃើញពីផ្នត់គំនិតរើសអើងលើតួនាទីយែនឌ័រដែលចាក់ឫសយូរអង្វែង និងលាក់កំបាំង ហើយថែមទាំងអាចជួយកែលម្អ បញ្ហាយែនឌ័រដោយមិនទុកឲ្យកុមារាត្រូវបានគេមើលរំលងតទៅទៀតឡើយ៕