​ដោយៈ​សុផល​/​ភ្នំពេញ​: តើ​សកម្មភាព​ផ្លូវភេទ​អ្វីខ្លះ​ដែល​ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​គ្រោះថ្នាក់​?​។​ទាក់ទង​នឹង​សំណួរ​នេះ​អង្គការ​ជំហាន​ដំបូង កម្ពុជា​ដែល​ធ្វើការ​ទាក់ទង​នឹង​ការរំលោភបំពាន​លើ​កុមារ​និង​ជួយ​ដល់​កុមារ​បានបង្ហាញ​និង​ពន្យល់​លើ​អាកប្បកិរិយា​មួយចំនួន​។​

​អង្គការ​ជំហាន​ដំបូង​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​លើ​កុមារ​ដែលមាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​ចំនួន​៩២​ករណី​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។​បន្ទាប់ពី​ស្វែងយល់​យ៉ាង​ស៊ីជម្រៅ​នូវ​អ្វីដែល​បាន​លាក់បាំង​នៅ​ពីក្រោយ​គោល​គំនិត​នៃ​ពាក្យ​ថា អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ និង​ពីអ្វី​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់ធ្វើ​អន្តរាគមន៍​ប្រកបដោយ​ភាព​ជោគ ជ័យ​ជាមួយ​កុមារ​ដែល​រង​ផលប៉ះពាល់​មក អង្គការ​នេះ​បានបង្ហាញ​ដោយ​សង្ខេប​ខ្លីៗ​ពី​របៀប​ដែល​បញ្ហា​នេះ​អាច​ត្រូវបាន​ទប់ស្កាត់​បន្ថែមទៀត​នៅ​កម្រិត​សហគមន៍​។​

​ការយល់ដឹង​ពី​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​
​គោល​គំនិត​នៃ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ នៅតែ​ជា​រឿង​ស្រពិចស្រពិល​សម្រាប់​យើងទាំងអស់គ្នា​ភាគច្រើន បូក​រួមទាំង​អ្នកផ្តល់​សេវា​ជំនាញ​អាជីព​ផងដែរ​។ អ្នកផ្តល់​សេវា​ភាគច្រើន​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​យើង បាន​អះអាងថា ពួកគេ​ក៏​មិនមាន​ការយល់ដឹង​ទេ​ទាក់ទង​នឹង​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​នេះ មុនពេល​ចូ​ម​រួម​វគ្គ​បណ្តុះបណ្តាល​។ ជាធម្មតា យើង​កំណត់​និយមន័យ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ (SHB) ថា​ជា​សកម្មភាព​ដែល​ស្ថិត​នៅក្រៅ​ដែន​នៃ​អាកប្បកិរិយា​ផ្លូវភេទ​ដែល​បាន​រំពឹងទុក​ទាក់ទង​នឹង​ដំណាក់កាល​នៃ​ភាព​លូតលាស់​របស់​កុមារ​។ អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ រាប់​គិតពី​កម្រិត​អាយុ​នៃ​ការប៉ះពាល់​មិន​សមរម្យ​រហូត​ឈានដល់​សកម្ម ភាព​រួមភេទ​ពេញលេញ​ជាមួយ​កុមារ​ដទៃទៀត​។​

​បរិបទ​នៃ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ យើង​អាចបែងចែក​ពី​ភាពខុសគ្នា​រវាង​អាកប្បកិរិយា​ផ្លូវភេទ​បង្កបញ្ហា និង​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​។ អាកប្បកិរិយា​បង្កបញ្ហា​អាចជា​អាកប្បកិរិយា​ផ្លូវភេទ​មិន​សមរម្យ​ដែល​កុមារ​បានបង្ហាញ ប៉ុន្តែ​វា​មិនទាន់​ធ្វើឱ្យប៉ះពាល់​ដល់​កុមារ​ផ្សេងទៀត ចំណែកឯ​អាកប្បកិរិយា​គ្រោះថ្នាក់ មានន័យថា កុមារ​បានធ្វើ​បាបមិត្ត​ភក្តិ​របស់ខ្លួន​ឬ​កុមារ​ដទៃ​ឲ្យ​រងគ្រោះ​រួចហើយ​។ អាកប្បកិរិយា​ផ្លូវភេទ​បង្កបញ្ហា ជា​ញឹកញាប់​កើតឡើង​មុន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​។ ផ្អែក​តាម​ការស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញថា ជនរងគ្រោះ​អាចជា​ក្មេងប្រុស ក៏ដូចជា​ក្មេងស្រី​ផងដែរ ហើយ​កុមារ​ដែលមាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​ភាគច្រើន គឺជា​ក្មេងប្រុស​។​

​ហេតុអ្វី​ត្រូវ​ជួយ​ដល់​កុមារ​ទាំងនេះ​?
​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ (SHB) មិនមែនជា​ប្រធានបទ​ងាយស្រួល​ក្នុងការ​ពិភាក្សា​នោះទេ​។ គ្មាន​នរណាម្នាក់​ចង់​នឹកគិត​ដល់​កុមារ​ដែល​រង​ការរំលោភបំពាន​ផ្លូវភេទ​ទេ ហើយក៏​គ្មាន​នរណាម្នាក់​ចង់​នឹកគិត​ដល់​ពី​ផលប៉ះពាល់​របស់​កុមារ​រងគ្រោះ​ដោយ​ការរំលោភបំពាន​ផ្លូវភេទ​ដោយ​កុមារ​ដទៃទៀត​ដែរ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​របស់លោក ហា​ខិត (Hackett et al) ឆ្នាំ ២០១៣ បាន​បង្ហាញថា កុមារ និង​មនុស្ស​វ័យក្មេង ២ ភាគ ៣ ដែល​បាន​ប្រព្រឹត្ត​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ ក៏​ធ្លាប់បាន​ទទួលរង​នូវ​ការរំលោភបំពាន ការមិន​អើពើ ឬ​របួស​ផ្លូវចិត្ត​។​

​បច្ចុប្បន្ន​មានការ​ទទួលស្គាល់ថា ការប្រើ​វិធីសាស្ត្រ​ដោះស្រាយ​នឹង​បញ្ហា​នេះ​ជាមួយ​កុមារ​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​សម្រាប់​ជនល្មើស​ផ្លូវភេទ​ពេញវ័យ គឺ​មិន​សមស្រប​ទេ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បានលើកឡើង​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ដាក់​ងារ មនុស្ស​វ័យក្មេង​ថា​ជា “​ជនល្មើស​ផ្លូវភេទ​តូចៗ​” ដែល​អាចជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ឡើងវិញ​។​

​មានការ​យល់ស្រប​គ្នា​មួយ​ថា ការឆ្លើយតប​ចាំបាច់​ត្រូវ​សមាមាត្រ​ទៅនឹង​លក្ខណៈ និង​កម្រិត​នៃ​អាកប្បកិរិយា ទៅតាម​អាយុ​និង​ដំណាក់កាល​នៃ​ការលូតលាស់​របស់​កុមារ ហើយ​ត្រូវ​ពិចារណា​អំពី​ស្ថានភាព​ទាំងមូល មិនមែន​ត្រឹមតែ​អាកប្បកិរិយា​បង្កបញ្ហារ​បស់​ពួកគេ​ប៉ុណ្ណោះ​ទេ​។ ដូចគ្នានេះដែរ​ជាមួយនឹង​កុមារ​តូចៗ វិធីសាស្ត្រ​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ត្រូវ​សិក្សា​អំពី​ប្រវត្តិ​នៃ​ការរំលោភបំពាន​ដែល​កុមារ​បាន​ជួបប្រទះ​។​

​អង្គការ​ជំហាន​ដំបូង​កម្ពុ​ជាមាន​ការិយាល័យ​ចំនួន​ពីរ​គឺ នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្តសៀមរាប បុគ្គលិក​សង្គមកិច្ចរ​បស់​យើង​ក្រោម​ការជួយ​គាំទ្រ​ពី​អ្នកគ្រប់គ្រង​បច្ចេកទេស និង​ពី​នាយក​ប្រតិបត្តិ បាន​នឹង​កំពុងធ្វើការ​លើ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​សរុប​ចំនួន ៩២ ករណី ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ​។

​ក្នុងចំណោម​ករណី​ទាំងនោះ មាន ៤៨% ត្រូវបាន​គេ​កំណត់ថា មាន​អាកប្បកិរិយា​ផ្លូវភេទ​បង្កបញ្ហា ខណៈ ដែល​៥២% មាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​។ ជារួម ៩៣% នៃ​ការអន្តរាគមន៍​របស់​យើង​បានទទួល​ជោគជ័យ​មានន័យថា កុមារ​បានធ្វើ​សមាហរណកម្ម​យ៉ាង​ល្អ​នៅក្នុង​សហគមន៍ ដោយ​លែងមាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ និង​មិនមាន​ការគំរាមកំហែង​ដល់​កុមារ​ដទៃទៀត​ឡើយ​។​

​អន្តរាគមន៍​ដែល​ទទួលបាន​ជោគជ័យ​កើតឡើង បន្ទាប់ពី​ការវាយតម្លៃ​ចុងក្រោយ​ដែល​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​ខុសៗ​គ្នា និង​ការប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​ស្តង់ដា​អន្តរជាតិ “​ស​ន្ទ​ស្សន៍​សុវត្ថិភាព​កុមារ​” រួមជាមួយ​នឹង​ស​ន្ទ​ស្សន៍​បួន​បន្ថែមទៀត​៖
១) អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់
២) ការឆ្លើយតប​ឋ​ម និង​ឥរិយាបទ​របស់​កុមារ
៣) ការឆ្លើយតប​បឋម និង​ឥរិយាបទ​របស់​អ្នក​ថែទាំ​និង​សហគមន៍
៤) ផល​ជះឥទ្ធិពល​នៃ​ការឆ្លើយតប និង​ឥរិយាបទ​របស់​អ្នក​ថែទាំ និង​សហគមន៍​លើ​កុមារ​។

​ដំណើរការ​គ្រប់គ្រង​ក​រ​ណី​របស់​យើង (​ឬ​សេវាកម្ម​របស់​យើង​) មានរ​រយៈពេល​ជា​មធ្យម ២​ឆ្នាំ​។ នេះ​គឺជា​ពេលវេលា​ដែល​យើង​ត្រូវការ ដើម្បី​កសាង​ទំនាក់ទំនង​ជាទី​ទុកចិត្ត​ទាំង​ជាមួយ​កុមារ​និង​អ្នក​ថែទាំ​។ សម្រាប់​ការបើក​ករណី​កុមារ​នីមួយៗ យើង​តែងតែ​កំណត់​រើសយក​អ្នក​ថែទាំ​ណា​ម្នាក់​ដែល​យើង​នឹងត្រូវ​ធ្វើការ​ជាមួយ​។ ប្រសិនបើ​យើង​សង្កេតឃើញថា បញ្ហា​របស់​កុមារ​កើតចេញពី​គ្រួសារ នោះ​យើង​បើក​ករណី​និង​ធ្វើ​ការងារ​ជាមួយ​គ្រួសារ​របស់​ពួកគេ​ផងដែរ​។ សម្រាប់​កុមារ​និង​អ្នក​ថែទាំ​ដែល​យើង​បានជ្រើសរើស​៖ យ៉ាងហោចណាស់ ២០% យើង​បាន​បើក​ករណី​ធ្វើ​ការងារ​ជាមួយ​គ្រួសារ​។​

​បុគ្គលិក​សង្គមកិច្ចរ​បស់​យើង​ស្តាប់​ប្រវត្តិ​ដំណើររឿង​កុមារ បង្ហាញ​ពី​ការយល់​ចិត្ត និង​លើកទឹកចិត្ត​កុមារ​ឱ្យ​បញ្ចេញ​អារម្មណ៍ ចែករំលែក​បទពិសោធ​ន៍ និង​តម្រូវការ​របស់​ពួកគេ​។ បន្តិច​ម្តងៗ យើង​ទទួលបាន​ការជឿទុកចិត្ត​ពី​កុមារ​និង​អ្នក​ថែទាំ​។ កុមារ​អាច​រស់នៅក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ពួកគេ​បន្តទៅ​សាលារៀន និង​ធ្វើ​សកម្មភាព​សង្គម​មួយចំនួន ដើម្បី​កុំ​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ចេញពី​មនុស្សម្នារ​។ ទោះយ៉ាងណា​ក៏ដោយ យើង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ថែទាំ​ដែលមាន​រយៈពេល​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​និង​ម្ភៃ​បួន​ម៉ោង​ក្នុង​មួយថ្ងៃ រួមទាំង​ជាមួយ​សេវាកម្ម​នានា​របស់​អង្គការ​ជំហាន​ដំបូង​
​កម្ពុជា វិធានការ​ចាំបាច់​ត្រូវបាន​អនុវត្ត ដើម្បី​ធានាថា កុមារ​មិនត្រូវ​ទុក​ឱ្យនៅ​ម្នាក់ឯង​ជាមួយ​ក្មេង​ផ្សេងទៀត​នៅក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ឬ​នៅ​ដាច់​ពី​គេ​។​

​ដោយ​ប្រើប្រាស់​ឧបករណ៍​កុមារ​មេត្រី​នានា បុគ្គលិក​សង្គមកិច្ច​ស្វែងយល់​ពី​ស្ថានភាព និង​យុទ្ធសាស្ត្រ​នានា​យល់​ពី​អាកប្បកិរិយា​របស់​កុមារ និង​ស្វែងរក​ប្រភពដើម​នៃ​អាកប្បកិរិយា​ផ្លូវភេទ​ដែល​កុមារ​ស្តែងចេញ​។ នៅពេល​រកឃើញ​ឬ​សគល់​នៃ​អាកប្បកិរិយា​ហើយ យើង​ធ្វើការ​ជាមួយ​អ្នក​ថែទាំ និង​គ្រួសារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការយល់​ចិត្ត​។​

​យើង​នៅតែ​បន្ត​បណ្តុះបណ្តាល​បុគ្គលិក​សង្គមកិច្ច​របស់​យើង​ជា​បន្តបន្ទាប់ លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា ដូចជា ការចិញ្ចឹម​កូន​វិជ្ជមាន ការលូតលាស់​របស់​កុមារ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង និង​ធ្វើឱ្យ​ប្រាកដថា ពួកគេ​អាចធ្វើ​អន្តរាគមន៍​ដោយ​ជោគជ័យ និង​ផ្តល់ឱ្យ​អតិថិជន​នូវ​ជម្រើស​ល្អ​បំផុត ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក ឬ​ប្រឈម​ខ្លាំង​ក៏ដោយ​។​

​ការស្វែងយល់​ពី​ឬ​សគល់​នៃ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​នៅ​កម្រិត​សហគមន៍​
​ទំនាក់ទំនង​ជាទី​ទុកចិត្ត រវាង​បុគ្គលិក​សង្គមកិច្ច​និង​កុមារ​ដែលមាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ បទពិសោធន៍​បានមកពី​វគ្គ​បណ្តុះបណ្តាល និង​ការស្រាវជ្រាវ​ចុងក្រោយ​របស់​យើង​បានអនុញ្ញាត​ឲ្យ​យើង​រកឃើញ​កត្តា​ចម្បងៗ​នៃ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ នៅក្នុង​សហគមន៍​នៃ​ប្រទេស​កម្ពុជា​។ ជា​ញឹកញាប់ កត្តា​ទាំងនេះ​មាន​ទំនាក់ទំនង និង​ប្រទាក់ក្រឡា​គ្នា​ទៅវិញទៅមក​។ សម្រាប់​កុមារ​សព្វថ្ងៃនេះ ពួកគេ​ងាយ​នឹង​មើលឃើញ​រឿង​អាសអាភាស​ណាស់​។ ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ត្រូវបាន​រីក​រាលដាល​នៅតាម​សហគមន៍​ជនបទ​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​កុមារ​មិន​ពិបាក​ក្នុង​ការចូល​មើល​រឿង​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​។ ជារឿយៗ ឪពុកម្តាយ​មិនមាន​ពេលវេលា​និង​ចំណេះដឹង​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​សកម្មភាព​តាម​អន​ឡាញ​របស់​កូនៗ​ពួកគេ​ទេ​។ ក្រៅពីនេះ វា​មិនមែនជា​រឿង​កម្រ​ទេ ដែល​កុមារ​អាច​មើល​រឿង​អាសអាភាស​នៅតាម​ទីសាធារណៈ​តាម​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​ណាមួយ​នោះ​។​

​នៅក្នុង​ប្រទេស​កម្ពុជា និង​ជាពិសេស​នៅ​តំបន់​ជនបទ សមាជិកគ្រួសារ​រស់នៅ​ជុំគ្នា​ក្រោម​ដំបូលផ្ទះ​តែមួយ​។ បូកផ្សំ​ជាមួយនឹង​កង្វះ​ចំណេះដឹង​ផ្នែក​ផ្លូវភេទ កុមារ​ជារឿយៗ​ងាយ​នឹង​មើលឃើញ​សកម្ម ភាព​រួមភេទ​របស់​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ធំ​លូតលាស់​របស់​ពួកគេ​។ រហូតមកដល់​សព្វថ្ងៃ​នេះ ការអប់រំ​ផ្លូវភេទ​គឺ​មិនត្រូវ​បានដាក់​បញ្ចូល​នៅក្នុង​សៀវភៅ​រៀន និង​កម្មវិធីសិក្សា​រប​ស់​សាលា ហើយ​ការអប់រំ​លើ​ប្រធានបទ​នេះ គឺមាន​លក្ខណៈ​មិនជា​ប់លាប់​។ ផ្អែកលើ​បទពិសោធន៍ និង​ការសង្កេត​របស់​យើង ឪពុកម្តាយ​ស្ទើរតែ​ទាំងអស់​មិនអាច​និយាយ​ដោយ​សេរី​អំពី​បញ្ហា​ផ្លូវភេទ​ជាមួយ​កូនៗ​បានទេ​។ ជា​អកុសល ឪពុកម្តាយ​ភាគច្រើន​គិតថា ប្រធានបទ​នេះ​មិនចាំបាច់​លើកយក​មក​និយាយ​ទេ ហើយ​ក្មេងៗ​នឹង​រៀន​វា​ដោយ​ខ្លួនឯង នៅពេល​ពួកគេ​ធំ​ឡើង​។​

​តើ​យើង​អាចធ្វើ​អ្វី​បាន​ខ្លះ​?
​យើង​ត្រូវ​ផ្តើមចេញពី​អ្នកផ្តល់​សេវាកម្ម​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​កុមារ​ជា​រៀងរាល់ថ្ងៃ ដើម្បី​កត់សម្គាល់​អាកប្បកិរិយា​មិន​សមរម្យ និង​ដោះស្រាយ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​មុនពេល​
​វា​ក្លាយជា​បញ្ហា​ធំ​។ ពួកគេ​ត្រូវតែ​អាច​កត់សម្គាល់ថា អាកប្បកិរិយា​ណា​ដែល​ចាត់ទុកថា​ធម្មតា​និង​មិនធម្មតា​។ បន្ទាប់​ពីនេះ​មក ពួកគេ​អាច​ផ្សព្វផ្សាយ​ចំណេះដឹង​នៅក្នុង​សហគមន៍​ប្រកបដោយ​ទំនុកចិត្ត​ក្នុងចំណោម​អាណាព្យាបាល ឪពុកម្តាយ និង​មនុស្ស​ធំ​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​កុមារ​។ នេះ​គឺជា​គោលបំណង​មួយ​ក្នុងចំណោម​គោលបំណង​នានា នៃ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃ​របស់​អង្គការ​ជំហាន​ដំបូង​កម្ពុជា​ស្តីពី “​ការកំណត់​អត្តសញ្ញាណ​និង​ការឆ្លើយតប​ចំពោះ​កុមារ​ដែលមាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​” ដែល​បាន​បណ្តុះបណ្តាល​ជាពិសេស​ដល់​អ្នកផ្តល់​សេវា​។​

​បើ​មានការ​លើកកម្ពស់​ការ​យល់ដឹង និង​ការផ្សព្វផ្សាយ​ចំណេះដឹង​កាន់តែច្រើន​នៅក្នុង​សហគមន៍ យើង​នឹង​អាច​ឈានដល់​ការកំណត់​អត្តសញ្ញាណ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ នៅ​ដំណាក់កាល​ដំបូង​បាន​កាន់តែ​ល្អប្រសើរ (​អាកប្បកិរិយា​ផ្លូវភេទ​បង្កបញ្ហា​) រួចហើយ​បញ្ជូន​កុមារ​ទៅរក​សេវា​សមស្រប តួយ៉ាង​សេវា​ដែល​ផ្តល់​ដោយ​អង្គការ​ជំហាន​ដំបូង​កម្ពុជា​ជាដើម​។ ការធ្វើ​បែបនេះ​នឹង​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ដល់​កុមារ​ដទៃទៀត និង​ការរីក​រាលដាល​នៃ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះ​ដែល​កុមារ​ភាគច្រើន​រៀន​អាកប្បកិរិយា​ទាំងនេះ​តាម​ការសង្កេតមើល​អ្នក​ដទៃ​។ រួមគ្នា​នៅផ្ទះ នៅ សាលារៀន ឬ​នៅ​ទីសាធារណៈ សូម​និយាយ​ចេញ​និង​ចាត់វិធានការ​លើ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ឲ្យ​រួច​ផុតពី​ការរំលោភបំពាន​ផ្លូវភេទ​៕​