ដោយៈ ប.ខុន / ភ្នំពេញៈ សមិទ្ធផលនានា នៃគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ នៅខេត្ត ព្រះសីហនុ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅដើមខែមេសា ឆ្នាំ២០២១ មុនពេលបុណ្យចូលឆ្នាំថ្មី មកដល់ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានសាងសង់ ស្ទើររួចរាល់ទាំងស្រុង គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ តាមគម្រោង សមិទ្ធផលនានា នៃគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ នៅខេត្ត ព្រះសីហនុ នឹងសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាំង ៣៤ ខ្សែ មកដល់ ពេលនេះ (១២កុម្ភៈ) បានធ្វើស្ទើរតែរួចរាល់ទៅហើយ ការងារនៅសេស សល់ កំពុងសម្អាត និងកែលម្អកន្លែង ដែលនៅខ្វះខាត ។ គិតមកដល់ត្រឹមថ្ងៃទី១០ ខែកុម្ភៈ ការអ៊ុតកៅស៊ូ បេទីមីន័រ នៅលើផ្លូវ ៣៤ ខ្សែ អនុវត្តបាន ៧២,៧២ ភាគរយ នៃចំនួនផ្លូវ ១.២៧៩.៥៩២,៥០ ម៉ែត្រក្រឡា ត្រូវអ៊ុតនោះហើយ។ ស្របពេលជាមួយ គ្នានឹងការអ៊ុតកៅស៊ូនេះការរៀបចំ គំនូសចរាចរ កំពុងត្រូវបានអនុវត្ត នៅលើផ្លូវសំខាន់ៗ មួយចំនួន។ គម្រោងផ្លូវទាំង ៣៤ ខ្សែ នៅខេត្តព្រះសីហនុ ដែលមានប្រវែងជាង ៨០ គីឡូម៉ែត្រ បានចាក់បេតុង រួចរាល់ជាស្ថាពរ 0និងកំពុងដំណើការអ៊ុតកៅស៊ូ បេទីមីន័រ បន្ថែម ពីលើកម្រាស់ ០,០៧ ម៉ែត្រ មានប្រវែងជាង ៨០ គីឡូម៉ែត្រ ដោយគ្រោងធ្វើឱ្យហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
ក្រុមហ៊ុនទទួលបានគម្រោង អ៊ុតកៅស៊ូបេទីមីន័រ លើផ្លូវទាំង ៣៤ ខ្សែ នៅក្រុងព្រះសីហនុ មានចំនួន ៣ គឺក្រុមហ៊ុន CCES Engineering Services Co., LTD ទទួល បានផ្លូវ ចំនួន ០៥ខ្សែ , ក្រុមហ៊ុនTCM Engineering Co., LTD ទទួលចំនួន១២ខ្សែ, ក្រុម ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ ខ្សែ។
គម្រោងសាងសង់ផ្លូវ ខាងលើនេះ បានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាគម្រោងលើកឡើង ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមាន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន តាំងពីឆ្នាំ២០១៨ ៕/V-PC