ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ពួកអ្នកគាំទ្រមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា បានប៉ះទង្គិចជាមួយប៉ូលិសកាលពីថ្ងៃសុក្រទី១២កុម្ភៈ នៅពេលមនុស្សរាប់ម៉ឺននាក់បានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេស ដោយផ្គើននឹងការអំពាវនាវរបស់របបសឹក ដែលសុំអោយបញ្ឈប់ការជួបជុំតវ៉ា។
ការប្រឆាំងតវ៉ាភាគច្រើនដោយអហិង្សាបានផ្ទុះឡើងនៅពាសពេញប្រទេសអាស៊ីអាគ្នេយ៍នេះ ក្នុងបាតុកម្មមហាជនធំបំផុតតាំងពីមុនមកប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន នៅមួយថ្ងៃបន្ទាប់ពីអាម៉េរិកដាក់ទណ្ឌកម្មលើពួកឧត្តមសេនីយ៍ដែលដឹកនាំការដណ្តើមអំណាច។
មានសេចក្តីរាយការណ៍ថា មនុស្ស៣នាក់បានរងរបួសនៅពេលប៉ូលិសបាញ់គ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងអ្នកប្រឆាំងតវ៉ារាប់ម៉ឺននាក់នៅទីប្រជុំនម៉រឡាមយីន។
នៅទីក្រុងយ៉ាងហ្គោន វេជ្ជបណ្ឌិតរាប់រយនាក់ក្នុងសម្លៀកបំពាក់សបានដើរដង្ហែកាត់វត្ត ស្វេដាហ្គុន ដែលជាទីតាំងពិសិដ្ឋបំផុតរបស់ប្រទេសរបស់អ្នកកាន់ព្រះពុទ្ធសាសនា នៅពេលនៅផ្នែកមួយទៀតនៃទីក្រុង អ្នកគាំទ្របាល់ស្លៀកបែបជាកីឡាករបានដើរជាមួយនឹងបដាថ្កោលទោសរដ្ឋប្រហារ។
បាតុកម្មដទៃទៀតបានកើតឡើងនៅក្រុងណៃពីដោរ ទីប្រជុំជនមាត់សមុទ្រ ដាវ៉េ និងនៅក្រុងមីយីតគ្យីណា នៃរដ្ឋកាជីន ៕