Home ព័ត៌មានជាតិ សន្តិសុខ ករណីជម្លោះ រហ...

ករណីជម្លោះ រហូតបាញ់សម្លាប់មនុស្ស មិនគួរកើតឡើងទៀតទេ!

ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ កាលពីម៉ោង ៧ និង ៤០នាទី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ជម្លោះមួយ បានឈានដល់អំពើហិង្សារហូតដល់បាញ់សម្លាប់មនុស្សបានកើតឡើង នៅមុខហាងលក់ទូរស័ព្ទ ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការបាញ់ប្រហារនោះ បណ្តាលឲ្យបុរស ២នាក់ បានស្លាប់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ សៀក លីម ភេទប្រុស អាយុ ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ ៤៦ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៉ី។

សាក្សីបានប្រាប់ប៉េអឹមថា ការបាញ់សម្លាប់មនុស្សនេះ បានកើតឡើងពីជម្លោះរវាងអ្នករត់ម៉ូតូកង់បី មួយគ្រឿងនិងអ្នកបើកបរឡាន ដែលឈប់មុខផ្ទះរបស់ខ្លួន។ ជម្លោះនោះ ដោយសារអ្នករត់ម៉ូតូកង់បី ស៊ីប្លេឲ្យបើកឡានចេញ ព្រោះទើសផ្លូវ តែម្ចាស់ឡានមិនព្រម ក៏កើតជាទំនាស់ពាក្យសម្តី។

ក្រោយមក អ្នករត់កង់បី បាននាំគ្នីគ្នាមករករឿងម្ចាស់ឡានដល់ផ្ទះ ហើយក៏ឈានដល់ការវាយតប់គ្នា និងចុងក្រោយ ក្រុមខាងម៉ូតូកង់បី មានកាំភ្លើងខ្លី ដកបាញ់សំដៅក្បាលបុរស ៣នាក់ បណ្តាលឲ្យដេកដួលនៅនឹងកន្លែង ហើយដឹកទៅដល់ពេទ្យ ស្លាប់ ២នាក់ និងម្នាក់ ត្រូវសង្គ្រោះបន្ទាន់។ រីឯម្ចាស់ឡាន ដែលមានទំនាស់ពាក្យសម្តីជាមួយអ្នករត់ម៉ូតូកង់បី បានគេចចេញពីកន្លែងកើតហេតុ មិនរងគ្រោះទេ។

មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា នៅកន្លែងកើតហេតុ បន្សល់ទុកសំបកគ្រាប់កាំភ្លើងប្រភេទ ៩មីលីម៉ែត្រចំនួន ២គ្រាប់ ដោយត្រូវនគរបាល យកទៅរក្សាទុក។ ចំណែក កម្លាំងជំនាញ បានស្រាវជ្រាវ កំណត់មុខសញ្ញាក្រុមជនសង្ស័យ។ សកម្មភាពបាញ់ប្រហារនោះ ត្រូវបានថតជាប់ក្នុងកាំម៉ារ៉ាសុវត្ថិភាព។

បុរសរងគ្រោះទាំង ៣នាក់ នៅមុនពេលកើតហេតុ បានអង្គុយផឹកស៊ី នៅមុខផ្ទះ នៅថ្ងៃសែនចូលឆ្នាំចិន។ ក្នុងពេលប្រតាយប្រតប់គ្នានោះ គឺក្រុមម្ចាស់ឡាន នៅមុខផ្ទះហាក់ដូចជា ស្រវឹងទន់ខ្លួនទៅហើយ។

យ៉ាងណាក៏ដោយ នេះជាករណីថ្មីមួយទៀត ដែលមិនគួរកើតឡើងក្នុងសង្គមខ្មែរយើងឡើយ។ គ្រាន់តែករណីចតឡានមុខផ្ទះ ក៏កើតជាជម្លោះ ហើយរហូតដល់ថ្នាក់ ហៅគ្នីគ្នា មកវាយ និងបាញ់សម្លាប់ជីវិតគេថែមទៀត។

ក្នុងករណីនោះ ក៏មានការលើកឡើងថា នៅពេលម្ចាស់ឡានឈប់ចតមុខផ្ទះនោះ គឺនៅសល់ចំណែកផ្លូវ ដែលអាចឲ្យម៉ូតូកង់បី បើកជៀស វាងទៅមកបានតើ។ ប៉ុន្តែអ្នករត់ម៉ូតូកង់បី ហាក់ដូចជាមិនអធ្យាស្រ័យ និងចុចស៊ីប្លេររករឿងឈ្លោះតែម្តង។

ចំណែកក្រុមជនរងគ្រោះ ដែលអង្គុយផឹកស៊ីមុខផ្ទះ មិនពាក់ព័ន្ធនឹងជម្លោះពាក្យសម្តីនោះទេ តែក៏បានចូលខ្លួនមកពាក់ព័ន្ធនៅពេលក្រុមអ្នករត់កង់បី បាននាំគ្នីគ្នាមករករឿងជាថ្មី។

ករណីនេះ ក៏អាចមកពីទោសនៃការផឹកស្រាគ្រឿងស្រវឹងក៏ថាបាន។ ចូរកុំភ្លេចថា តាមធម៌ព្រះ អ្នកសេពគ្រឿងស្រវឹង ឬផឹកទឹកស្រវឹង ឬផឹកស្រា នាំមកនូវវិនាស ៦ប្រការ គឺ១.វិនាសទ្រព្យក្នុងគ្រួសារ ២.បង្កជម្លោះ ៣.កើតរោគាក្នុងខ្លួន ៤.ខូចឈ្មោះ ៥.បង្ហាញកេរ្តិ៍ខ្មាសទាំងរស់ និង៦.បាត់បង់បញ្ញា។

ដល់សម័យបច្ចុប្បន្ន ការផឹកគ្រឿងស្រវឹង នាំមកនូវបញ្ហា ២ថែមទៀត គឺទី១.បង្កគ្រោះថ្នាក់ចរាចរណ៍ និងទី២.របួស រហូតដល់ស្លាប់។ របួស ឬស្លាប់នោះ គឺដោយសារតែការបើកបរ ឬក៏កើតជម្លោះ ហើយឈានដល់ការវាយតប់ និងបាញ់សម្លាប់ដូច្នេះ។

ម្យ៉ាងទៀត គេនៅចាំមិនទាន់ភ្លេចទេ ករណីជម្លោះកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ ឈានដល់ការបាញ់ប្រហារ បណ្តាលឲ្យស្លាប់។ គឺនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងឡាន និងឡាន នៅមហាវិថីសហព័ន្ធរុស្ស៊ី ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយភាគីទាំងពីរ មានកាំភ្លើងដូចគ្នា ក៏នាំដល់ការផ្ទុះអាវុធ បណ្តាលឲ្យភាគីម្ខាងជាប៉ូលិសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ រីឯភាគីម្ខាងទៀត ជាខ្មាន់កាំភ្លើង ក៏បានរត់គេចខ្លួនពីផ្ទះនៅភ្នំពេញ ធ្លាក់ដល់ខេត្តមណ្ឌលគិរី ហើយនៅចុងក្រោយ នៅយប់ថ្ងៃទី១៥មករា ឆ្នាំ២០២១ ក្រុមប៉ូលិស បានបាញ់សម្លាប់ជនដៃដល់នោះ នៅក្នុងចំការស្វាយចន្ទីរ នៅខេត្តក្រចេះតែម្តង។

ទាំងនេះសុទ្ធតែជារឿង ដែលមិនគួរកើតទាល់តែសោះ ក្នុងសង្គមរបស់យើង។ ប៉ុន្តែជម្លោះ ដែលមានគួរកើតទាំងនោះ ផ្តើមចេញពីជាតិសុរា ហើយខ្វះការគិតវែងឆ្ងាយ មានៈរៀងៗខ្លួន ដោយមិនការយោគយល់អធ្យាស្រ័យគ្នា អាងមានកាំភ្លើង ក៏ក្លាយជារឿងសោកសៅដូច្នេះ។

មួយវិញទៀត ការបាញ់សម្លាប់មនុស្សឆៅៗដូច្នេះ ក៏នាំឲ្យគេចោទសួរពីការគ្រប់គ្រងអាវុធជាតិផ្ទះ គឺហាក់ដូចជា អ្នកមានកាំភ្លើងប្រើប្រាស់មានច្រើនឡើងវិញ អាចបាញ់សម្លាប់មនុស្សដោយមិនញញើតដៃទាល់តែសោះហើយ។

ក្រុមអ្នកបង្កជម្លោះ ទាំងភាគីអ្នកអង្គុយផឹកស៊ីនៅមុខផ្ទះ ក៏មិនជាក្រុមអ្នករត់កង់បី មិនគួរបង្កជម្លោះ រហូតដល់ព្រួតគ្នាវាយតប់ ហើយរហូតដល់បាញ់សម្លាប់មនុស្សឆៅៗដូច្នេះឡើយ។ ជីវិតគេ ជីវិតយើង នរណាមិនចង់សុខ ហើយតើមាននរណា មិនចង់រស់? ចុះអ្នកបាញ់សម្លាប់គេនោះ អាចរស់នៅសុខទេ បើគេតាមចាប់ខ្លួន យកមកផ្តន្ទាទោសដូច្នេះ?។

ម្យ៉ាងទៀត យ៉ាងណាក៏ដោយ គួរតែសុខចិត្តចាញ់គេទៅ ដើម្បីចប់រឿង ព្រោះថា ដោយច្រើនក្នុងសង្គមយើងសព្វថ្ងៃ មនុស្សខ្លះ ហាក់ដូចជា បិសាចចូលខ្លួន ព្រោះអាង ព្រោះកាង ព្រោះ ពាល ដូចនេះ គួរតែគិតដល់គ្រួសារ ប្រពន្ធកូន និងជីវិតខ្លួនឯង ហើយព្រមចាញ់ទៅទើបបានសុខ។ ធម្មតាទេ ទះដៃម្ខាងមិនលឺទេ បើគេរករឿងឈ្លោះ យើងកុំឈ្លោះ វាចប់រឿងហើយ។ បើទិសផ្លូវគេ អ្នកបើកឡាន សុខចិត្តយកឡានចេញទៅ ក៏ចប់រឿងបាត់ទៅហើយ មិនមែនអ្នករត់ម៉ូតូកង់បីនោះ ផ្ទះនៅនឹងឯណា! ដល់កង់បីនោះ ទៅបាត់ ចាំយកឡាន មកចតនៅកន្លែងដើមវិញទៅ ក៏ចប់រឿងដែរ។

ករណីជម្លោះទាំងឡាយ ឈានដល់ការវាយតប់ និងបាញ់ប្រហារ គឺមានលទ្ធផលតែពីរទេ។ ទី១-អ្នកចាញ់ ត្រូវរងរបួស ឬស្លាប់ ដេកពេទ្យ និងទី២-អ្នកឈ្នះ ក៏ត្រូវរត់គេចខ្លួន ហើយត្រូវចាប់ដាក់គុក ឬក៏ត្រូវគេវាយ និងបាញ់សម្លាប់វិញ។ រឿងដដែលៗនេះ បានកើតឡើងច្រើនរួចមកហើយ ក្នុងសង្គមយើង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular