ហិរញ្ញប្បទាន​ថ្មី​៩០​លាន​ដុល្លារ​អាមេរិក​ធនាគារពិភពលោក នឹង​គាំទ្រ​ម្ពុ​ជា​ក្នុងការ​លើកកម្ពស់​ឧ​ត្ត​មសិ​ក្សា​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​

1279
ចែករម្លែក

ដោយ: សុផល​ / ​ភ្នំពេញ​: ​ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក កាលពី​ចុង​សប្តាហ៍​នេះ បានអនុម័ត​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ចំនួន ៩០​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​មួយ​ដែល​សំដៅ​ជួយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​បង្កើន​គុណភាព​ឧ​ត្ត​មសិ​ក្សា និង​ការងារ​ស្រាវជ្រាវ​របស់​ប្រទេស និង​បង្ក​លទ្ធភាព​ដល់​សិស្ស​ក្រីក្រ​ឲ្យ​ទទួលបាន​ការអប់រំ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។

​ក្នុង​សេចក្តីប្រកាស​ពត៌មានរ​បស់​ធនាគារពិភពលោក លោក​អគ្គបណ្ឌិត​សភាចា​រ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា «​យើង​សូម​ស្វាគមន៍​នូវ​ការគាំទ្រ​របស់​ធនាគា​ពិភពលោក​សម្រាប់​ឧ​ត្ត​មសិ​ក្សា និង​ការងារ​ស្រាវជ្រាវ ដែល​ស្របគ្នា​ល្អ​ណាស់​ជាមួយនឹង​បណ្តា​អាទិភាព​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ របស់​យើង​»​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា​៖ «​គម្រោង​នេះ នឹង​ជួយ​យើង​ក្នុងការ​ឈានទៅ​បង្កើត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ សម្រាប់​ការអភិវឌ្ឍ​ឧ​ត្ត​មសិ​ក្សា ដើម្បី​ជួយ​ឱ្យ​និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា មាន​សមត្ថភាព​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែខ្លាំង​ឡើង​របស់​ទីផ្សារការងារ និង​ឱកាស​កាន់តែច្រើន​សម្រាប់​ធ្វើការ​ចល័ត​ទី និង​ផ្ទេរ​បច្ចេកវិទ្យា​នៅក្នុង​រង្វង់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​លើសពី​តំបន់​នេះ​ទៅទៀត​»​។​

​រយៈពេល​៦​ឆ្នាំ​ខាងមុខ គម្រោង​បង្កើន​សមត្ថភាព​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា (Higher Education Institutions Capacity Improvement Project) និង​ជួយ​បង្កើន​គុណភាព​អប់រំ និង​ការស្រាវជ្រាវ​នៅតាម​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​ដែលជា​គោលដៅ ហើយ​បង្កើន​ឱកាស​ឲ្យ​ទទួលបាន​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា និង​ជួយ​បង្កើន​អភិបាលកិច្ច​នៅក្នុង​វិស័យនេះ​ផងដែរ​។
​បណ្តា​វិស័យ​ដែល​គម្រោង​នេះ​ផ្តោត​ការយកចិត្តទុកដាក់​លើ​មាន មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ (STEM) និង​កសិកម្ម ហើយ​ត្រូវបាន​រំពឹងថា និស្សិត​កម្ពុជា​ដែល​បញ្ចប់​ការសិក្សា​ទទួលបាន​ជំនាញ​និង​ចំណេះ​ដែល​កាន់​តែមាន​ភាពឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​មាន​ជំនាញ​ងាយ​ផ្ទេរ​បន្ត​ជាង​មុន ដែល​អាចជួយ​ប្រទេស​ធ្វើ​អន្ត​រកម្ម​ចេញពី​សេដ្ឋកិច្ច​ផ្អែកលើ​ការប្រើ​ពលកម្ម​តាមបែប​ប្រពលវប្បកម្ម ឱ្យ​ក្លាយទៅជា​សេដ្ឋកិច្ច​មួយ​ដែល​ផ្អែកលើ​ជំនាញ​និង​ចំណេះ​វិញ​។

​គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលដៅ​នៃ​គោលនយោបាយ​ការអភិវឌ្ឍ​ឧស្សាហកម្ម តាមរយៈ​សកម្មភាព​ធំៗ​ចំនួន​ប្រាំ រួមមាន ផ្តល់​មូលនិធិ​សម្រាប់​ការងារ​សិក្សា​ស្រាវជ្រាវ​ក្នុង​មុខវិជ្ជា​អាទិភាព​នានា ពង្រីក​ចំនួន​បន្ទប់​សិក្សា និង​មន្ទីរពិសោធន៍ សង់​និវេសនដ្ឋាន​សម្រាប់​និស្សិត​ក្រីក្រ​ស្នាក់នៅ (​និស្សិត​ដែល​មកពី​គ្រូ​សារ​ក្រីក្រ និង​ពី​តំបន់​ដាច់ស្រយាល ក៏ដូចជា​និស្សិត​ស្ត្រី​ផងដែរ​) ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​និង​ប្រព័ន្ធ​ព័ត៌មាន និង​ធ្វើការ​ជាមួយ​ដៃគូរ​អន្តរជាតិ​ក្នុងការ​កែលម្អ​កម្មវិធី និង​វិធីសាស្ត្រ​បង្រៀន​នៅក្នុង​មុខវិជ្ជា​ជា​អាទិភាព​។​
​ការសង់​និវេសនដ្ឋាន​សិស្ស​នឹង​សាងសង់​នៅ​រាជ​ធានា​ភ្នំពេញ និង​ការពង្រីក​អាគារ​សិក្សា​ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​ចំនួន​ពីរ គឺ​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តស្វាយរៀង​។

​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ការកសាង​សមត្ថភាព​ស្រាវជ្រាវ​មានគុណ​ភាព​ខ្ពស់​មួយ និង​ការត្រៀម​ឲ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា​ទៅ​មាន​ជំនាញ​ខ្ពស់ គឺជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា និង​ធនាគារពិភពលោក​។ ការចាប់ផ្តើម​សកម្មភាព​ពី​ពេលនេះ​តទៅ អាចជួយ​កម្ពុជា​មា​នភា​ព​ឈានមុខ​ក្នុង​ទុន​មនុស្ស និង​ពង្រឹង​ប្រសិទ្ធភាព​នៅក្នុង​ឧ​ត្ត​មសិ​ក្សា​»​។​

​លោកស្រី​បាន​មានប្រសាសន៍​ថែមទៀត​ថា​៖ «​គម្រោង​នេះ​នឹង​ជួយ​បន្ត​នូវ​សមិទ្ធផល​នានា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេចបាន​នាពេល​កន្លងមក ក្នុង​ការកសាង​សមត្ថភាព​របស់​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ទីផ្សារ​ដែលមាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​»​។

​សូមជម្រាបថា​ការផ្តល់​ហិរញ្ញប្បទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​នេះ គឺ​បន្ត​ពី​គម្រោង​បង្កើន​គុណភាព​និង​សមត្ថភាព​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា (Higher Education Quality and Capacity Improvement Project/HEQCIP) ពី​ឆ្នាំ ២០១០ រហូតដល់​ឆ្នាំ​២០១៧ ដែល​បាន​កសាង​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​សមត្ថភាព​តាម​វិស័យ និង​បង្កើតឱ្យមាន​បរិស្ថាន​គោលនយោបាយ​ល្អ​មួយ​សម្រាប់​ជំរុញ​ឱ្យ​ការវិនិយោគ​កាន់តែច្រើន​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម