ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុមអ្នកសិក្សាស្រាវជ្រាវ នៃក្រសួងបរិស្ថាន បានប្រទះឃើញ សត្វតុកកែ ខ្លួនបង្កង់ Bent toed gecko (Cyrtodactylus sp ដែលមិនទាន់មាន ឈ្មោះផ្លូវការនៅឡេីយ) នៅក្នុងតំបន់បេតិកភ័ណ្ឌ ព្រះគុហារហ្លួង និងរកឃើញកូនសត្វក្រពើភ្នំ (Siamese Crocodile) នៅតំបន់រូងភ្នំទឹកស្រក់ ដែលនេះជាការកឃើញក្រពើភ្នំ លើកទីមួយក្នុងភូមិសាស្ដ្រខេត្តកំពត។
ក្រុមអ្នកសិក្សាស្រាវជ្រាវ នៃក្រសួងបរិស្ថាន បានអះអាង ពាក់ព័ន្ធនឹងព័តមាន ដូចខាងលើនេះ តាមរយៈការចុះផ្សាយ នៅក្នុងទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
គួរបញ្ជាក់ថា បើតាមមន្ត្រីក្រសួងបរិស្ថាន និងអង្គការមូលនិធិសាកល សម្រាប់ធម្មជាតិ (WWF) បានឱ្យដឹង កាលពីថ្មីៗ មកនេះថា នាពេលបច្ចុប្បន្ននេះ កម្ពុជា មានវត្តមាន ក្រពើភ្នំ ដែលជាសត្វដ៏កម្របំផុត នៅលើពិភពលោក ច្រើនជាងគេ ហើយក្នុងចំណោមនេះ គេឃើញមានរស់នៅ ក្នុង ទឹកដីខេត្តកោះកុង និងមួយចំនួនទៀត ស្ថិតនៅតាម តំបន់ទន្លេស្រែពក ក្នុងទឹកដីខេត្តមណ្ឌលគិរី។ សម្រាប់ការស្រាវជ្រាវថ្មី រកឃើញនៅខេត្តកំពត គឹជាដំណឹងរីករាយ សម្រាប់វត្តមានសត្វក្រពើភ្នំ បន្ថែមទៀត នៅទឺកដីកម្ពុជាផងដែរ៕/V