ដោយ: សុខុុម / ស្ទឹងត្រែង: ព្រៃជំនឿ ដែលការពារ ដោយសហគមន៍ នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡា​បរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងរងនូវការកាប់បំផ្លាញ ទន្ទ្រានយកដី ពីសំណាក់ក្រុមឈ្មួញ ដោយគ្មានវិធានការ ទប់ស្កាត់។

ប្រជាពលរដ្ឋ បានលើកឡើងថា អ្នកការពារព្រៃឈើ គឺជាអ្នកបើកដៃ ឱ្យមានការកាប់ព្រៃ ទន្ទ្រានយកដីលក់ ឲ្យទៅឈ្មួញ ហើយអាជ្ញាធរភូមិឃុំ គឺជាអ្នកផ្ដល់ប័ណ្ណកម្មសិទ្ធិ។ រីឯសហគមន៍ ដែលមានតួនាទី ការពារ​នៅទីនោះ បានស៊ុំគ្រលំគ្នា ជាមួយអាជ្ញាធរពាក់ព័ន្ធ បណ្ដែតបណ្ដោយឲ្យមាន ​ការកាប់ទន្ទ្រាន ​យកព្រៃសហ​គមន៍។

ពលរដ្ឋម្នាក់ បាននិយាយ ដោយសុំមិនបញ្ចេញឈ្មោះ លើកឡើងថា ព្រៃដែលការពារ ដោយសហគមន៍ ហើយអ្នកស្រុក នៅទីនោះ មានជំនឿតាំងពីដូនតាមកម៉្លេះ គឺជាព្រៃការពារ ដោយសហគមន៍ នៅភូមិរំដេង។

ពីមុន អ្នកស្រុក​ មានជំនឿខ្លាំងណាស់​ មិនហ៊ាននិយាយពាក្យអសុរោះ​ ឬនិយាយអាក្រក់​ ពេលដែលដើរចូល​ទៅក្នុងព្រៃនោះឡើយ។ បើសិនជាអ្នកណា និយាយនៅក្នុងព្រៃ ដោយប្រើសំដីអាសអាភាស ឬមានបំណង មិនល្អ និងវង្វេង មិនអាចចេញពីព្ រៃបានទេ។មូលហេតុនេះហើយបានជាអ្នកស្រុកមានជំនឿតរៀងមក។

ក្រៅពីជំនឿ ព្រៃសហគមន៍ នៅទីនោះ សម្បូរទៅដោយសត្វបក្សាបក្សី ស្វា ចតុប្បាទ រាប់មិនអស់។ លុះពេល ព្ រៃត្រូវរងការកាប់បំផ្លាញ ដោយធ្វើចម្ការ លក់បន្តទៅឲ្យឈ្មួញ និងមានការបរបាញ់សត្វផងនោះ ។ សត្វ ដែលរស់នៅទីនោះ បានរត់ទៅកាន់តំបន់ផ្សេង ហើយមួយចំនួន ត្រូវបានអ្នកស្រុកសម្លាប់។

អ្នកភូមិ មិនហ៊ានរាយការណ៍ ពីសកម្មភាព នៅក្នុងតំបន់នោះឡើយ ដោយសារត្រូវគេគំរាម បើសិនជា​នរណាម្នាក់ ហ៊ានចេញមុខតវ៉ា ប្រឆាំង ទៅនឹងអ្នកពាក់ព័ន្ ធកាប់ព្រៃតំបន់នោះ។

លោក ព្រះ ហែម មេឃុំចំការលើ បានប្រាប់ឲ្យដឹង នៅថ្ងៃទី១៤ ខែកុម្ភៈនេះថា លោកពុំទាន់បានទទួល ព័ត៌មាន ពីសកម្មភាពកាប់ព្រៃសហគមន៍ នៅទីនោះ ព្រោះគ្មានអ្នករាយការណ៍៕សរន