ជជែក​ដេញដោល​គ្នា​អំពី​បញ្ហា​ក្រមសីលធម៌ ខណៈដែល​ខួរក្បាល​ជ្រូក​ត្រូវបាន​រក្សាទុក​ឱ្យនៅ​រស់​នៅក្រៅ​រាងកាយ​

1542
ចែករម្លែក
  • 21
    Shares

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​យែ​ល​បាន​ស្តារឡើងវិញ​នូវ​ចរន្តឈាម​ទៅកាន់​ខួរក្បាល​សត្វ​ជ្រូក ដែល​គេ​កាត់​ក្បាល​ចោល ហើយ​បាន​រក្សា​សរីរាង្គ​នេះ​ឱ្យ​នៅរស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​អភិវឌ្ឍ​វិធី​សិក្សា​អំពី​ខួរក្បាល​មនុស្ស​ដែល​មិនទាន់​ខូច នៅក្នុង​បន្ទប់ពិសោធន៍​ដើម្បី​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​។​

​ទោះបីជា​គ្មាន​ភស្តុតាង​ថា សត្វ​ទាំងនោះ​បានដឹងខ្លួន​ឬ​យ៉ាងណាក៏ដោយ​នោះ ក៏​នៅតែមាន​ការព្រួយបារម្ភ​ថា កម្រិត​ដឹងខ្លួន​មួយចំនួន​អាច​នៅតែមាន​។​

​ព័ត៌មាន​លម្អិត​នៃ​ការសិក្សា​នេះ​ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ក្រមសីលធម៌​វិទ្យាសាស្ត្រ​ខួរក្បាល ដែល​បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) នៅ​ទីក្រុង​បេ​ថេ​សដា ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន កាលពី​ថ្ងៃទី ២៨ មីនា​។​

​ការស្រាវជ្រាវ​នេះ​ក៏​ត្រូវបាន​រាយការណ៍​នៅក្នុង​របាយការណ៍​ឈ្មោះ MIT Technology Review ផងដែរ​។​

​ស្នាដៃ​របស់​សាស្ត្រាចារ្យ នេ​ណាដ សេ​ស្តា​ន់ (Nenad Sestan) នៃ​សាកលវិទ្យាល័យ​យែ​ល​នេះ ត្រូវបាន​គេ​យកមក​ពិភាក្សា ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់ NIH លើ​បញ្ហា​ក្រមសីលធម៌​ដែល​កើតចេញពី​ការស្រាវជ្រាវ​ផ្នែក​សរសៃប្រសាទ​វិទ្យា​នេះ នៅក្នុង​សហរដ្ឋអាមេរិក​។​

​សាស្ត្រាចារ្យ​សេ​ស្តា​ន់ បាន​ពន្យល់ថា គាត់​និង​ក្រុម​របស់គាត់​បាន​ពិសោធន៍​លើ​ខួរក្បាល​ជ្រូក​ជាង ១០០ ក្បាល​។​

​ក្រុម​របស់គាត់​បានរ​ក​ឃើញថា គាត់​អាច​ស្តារ​ចរន្តឈាម​របស់​ខួរក្បាល​ទាំងនោះ​បាន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បូម ទឹក​កំដៅ និង ថង់​ឈាម​សិប្បនិម្មិត​។​

​ជា​លទ្ធផល អ្នកស្រាវជ្រាវ​អាច​រក្សា​កោសិកា​នៅក្នុង​ខួរក្បាល​ឱ្យមាន​ជីវិត​និង​អាចមាន​សកម្មភាព​ធម្ម​តា​បាន​រហូតដល់ ៣៦ ម៉ោង​។​

​សាស្ត្រាចារ្យ​សេ​ស្តា​ន់​បាន​ពិពណ៌នា​លទ្ធផល​នេះ​ថា “​ភ្ញាក់ផ្អើល​ខ្លាំង​”​។ ប្រសិនបើ​ការធ្វើ​បែបនេះ​អាចធ្វើ​បានជា​មួយ​ខួរក្បាល​មនុស្ស អ្នកស្រាវជ្រាវ​អាច​ប្រើប្រាស់​ពួកវា​ដើម្បី​សាកល្បង​ការព្យាបាល​ថ្មី​សម្រាប់​ជំងឺសរសៃប្រសាទ​។​

​ប៉ុន្តែ​សាស្ត្រាចារ្យ​សេ​ស្តា​ន់​គឺ​ស្ថិត​ក្នុងចំណោម​អ្នកស្រាវជ្រាវ​ដំបូង​គេ ដែល​លើកឡើង​ពី​កង្វល់​ក្រមសីលធម៌​។ ទាំងនោះ​រួមបញ្ចូល​ទាំង ថា​តើ​ខួរក្បាល​នៅមាន​ស្មារតី​ដែរ​ឬ​អត់ ហើយ​ប្រសិនបើ​អ៊ីចឹង​មែន សម​នឹង​ទទួលបាន​ការការពារ​ពិសេស​ឬ​អត់ ហើយ​តើ​បច្ចេកទេស​របស់​ពួកគេ​អាច​ឬ​គួរតែ​ត្រូវបាន​ប្រើប្រាស់​ដោយ​បុគ្គល​ដើម្បី​ពង្រីក​អាយុជីវិត​របស់​ពួកគេ ដោយ​ប្តូរ​ខួរក្បាល​របស់​ពួកគេ​នៅពេលដែល​រាងកាយ​របស់​ពួកគេ​ចាស់ បាន​ឬ​យ៉ាងណា​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម