ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ស្ថានទូត​ជប៉ុន រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​និង​មជ្ឈមណ្ឌល​អាស៊ី​នៃ មូលនិធិ​ជប៉ុន នឹង​រៀបចំ​នូវ​សប្តាហ៍​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​២០២១ ជា​អន​ឡាញ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ក្នុងនាម​មហោស្រព​គី​ហ្សូ​ណា​ដែលជា​កម្មវិធី​វប្បធម៌​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១២​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​ជប៉ុន និង កម្ពុជា ក៏ដូចជា​ជំរុញ​ការផ្លាស់ប្តូរ​បន្ថែម​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​នេះ​បាន​បញ្ជាក់ថា​ក្នុង​សប្តាហ៍​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​២០២១ នឹងមាន​កម្មវិធី​វប្បធម៌ និង​អប់រំ​តាម​អន​ឡាញ​ជាច្រើន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ “Japan Cambodia Kizuna” ដូចជា​ការសម្តែង​ល្ខោនស្បែក​តូច របាំ​ហោមរោង​យីកេ ការប្រគំ​តន្ត្រី​ខ្នាតតូច​ជប៉ុន​-​កម្ពុជា ការណែនាំ​ស្តីពី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន​(MEXT) អាហារូបករណ៍​អាស៊ី​កា​កេ​ហា​ស៊ី វីដេអូ​ថ្នាក់​ភាសា​ជប៉ុន​របស់​អ៊ី​រ៉ូ​ដូ​រី “​តើ​ភាសា​ជប៉ុន​របស់​អ្នក​ដូច​មេ្ត​ច​ហើយ​?” របៀប​ធ្វើ “​ឈិ​រ៉ា​ស៊ិ ស៊ូ​ស៊ី​” និង​“​និ​ហ្គិ​រិ ស៊ូ​ស៊ី​” របៀប​បត់ក្រដាស អូ​រី​ហ្កា​មិ ការរៀបចំ​ផ្កា​បែប​ជប៉ុន អ៊ិ​កេ​បា​ណា និង​មាន​កម្មវិធី​ជាច្រើន​ផ្សេងទៀត​។ មានភ្ជាប់​ជូន​ខិតប័ណ្ណ​ដែលមាន​កម្មវិធី​លម្អិត​។​
​ ​
​ស្ថា​ត​ទូត​សង្ឃឹមថា​អ្នកចូលរួម​នឹងមាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ជប៉ុន​និង​បាន​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ទៅលើ​វប្បធម៌​ខ្មែរ និង​ជប៉ុន តាមរយៈ​ការចូលរួម​កម្មវិធី​នានា​ជា​អន​ឡាញ​នេះ​។​

​ប្រភព​ដដែល​បន្ត​ថាស​ម្រា​ប់​ព័ត៌មាន​ផ្សេងៗ ទាក់ទង​នឹង​សប្តាហ៍​គី​ហ្សូ​ណា សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ “Japan Cambodia Kizuna” តាម​តំណ​ភ្ជាប់ https://www.facebook.com/kizunafestival​។
​សម្រាប់​ការសាកសួរ​ព័ត៌មាន សូម​ទាក់ទង​មកកាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​ដែលមាន​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (​លេខ​ភ្ជាប់​បន្ត ១១២១) ឬ ផ្ញើ​អ៊ី​ម៉ែ​ល [email protected]៕​សរន