ដោយ​: សុផល / ភ្នំពេញ​: ដោយមាន​គោលបំណង និង​ទិសដៅ​ដូចគ្នា ក្នុងការ​លើកកម្ពស់​កា​រ​អនុវត្ត​ច្បាប់ ការពារ​សិទ្ធិ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការការពារ​តាមផ្លូវ​ច្បាប់​ជូន​ស្ត្រី​ងាយ​រងគ្រោះ ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​ការការពារ​តាមផ្លូវ​ច្បាប់ នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​១) ជាមួយនឹង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ក្រោម​អធិបតីភាព​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា នៅ​សាល​សិក្ខាសាលា​បណ្ណាល័យ​ព្រឹទ្ធសភា​។​

​មាន​ចំណាប់អារម្មណ៍​នាឱកាស​នោះ លោក យ៉ង់ សែម ប្រធាន​គណៈកម្មការ​ទី​១​ព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​គូភាគី​ទាំងពីរ ដើម្បី​គាំទ្រ លើកស្ទួយ និង​ការពារ​សិទ្ធជន​គ្រប់រូប ជាពិសេស​ស្ត្រី​រងគ្រោះ ឱ្យមាន​សិទ្ធ​សេរីភាព​ស្មើគ្នា ចំពោះមុខ​ច្បាប់ និង​មាន​សេចក្តីថ្លៃថ្នូរ យុត្តិធម៌ ដើម្បីឱ្យ​យើង​អាច​រស់នៅ​ដោយ​សប្បាយរីករាយ និង​សន្តិភាព​ក្នុង​សង្គមជាតិ ក្នុង​តំបន់ និង​ក្នុង​សកលលោក​។​

​លោក​យ៉ង់ សែម បាន​គូសបញ្ជាក់ថា ផ្អែក​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ភាគី​ទាំងពីរ​នឹង​ធ្វើជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​គូរ​ភាគី ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការយល់ដឹង​អំពី​សិទ្ធិ​បុគ្គល​ដែល​ត្រូវការពារ​ដោយ​ច្បាប់ និង​ពិគ្រោះ​យោបល់ ការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់ និង​ផ្តល់​មេធាវី​ការពារ​រឿងក្តី​នៅ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ និង​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​

លោក យ៉ង់ សែម មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ និង​ការប្តេជ្ញាចិត្ត​របស់​ខ្ពស់​គូភាគី​ទាំងពីរ ដូច​បាន​ឆ្លុះបញ្ចាំង​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​សម្រេចបាន​នូវ​ការអនុវត្ត​សកម្មភាព​រួមគ្នា​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​កាន់តែច្រើន ក្នុង​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​របស់​យើង ស្របតាម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ពេញលេញ និង​ជិតស្និទ្ធ​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ដើម្បី​ធានា​ភាពជោគជ័យ​នៃ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។​

​លោក គី តិច ប្រធាន​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បានធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​សង្ខេប អំពី​សាវតារ និង​សកម្មភាព​ការ​របស់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​ថា​៖ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ត្រូវបាន​បង្កើតឡើង​នា​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ក្រុម​មេធាវី​នេះ បង្កើតឡើង​សម្រាប់​ជួយ​ការពារ​ដល់​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ និង​ពុំមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធី​តាមផ្លូវ​ច្បាប់ ដោយ​ពុំ​ទទួល​ប្រាក់កម្រៃ​សេវា​ពី​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន មាន​ចំនួន​១៣៧​រូប ដឹកនាំ​ដោយ​ប្រធាន ០១​រូប និង​អនុប្រធាន​ចំនួន ១០​រូប ព្រមទាំង​មាន​វត្ត​មាននៅ​គ្រប់​តាម​បណ្តា​រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​គូសបញ្ជាក់ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​ត្រូវបាន​ជ្រើស​រើសយក​ជា​ដៃគូ​សហប្រតិបត្តិការ​ជាមួយនឹង​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា ក្នុងទិសដៅ​រួម​ធ្វើ​កិច្ចសហការ​អនុវត្ត​ច្បាប់ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ជូន​ជន​គ្រប់រូប ជាពិសេស​ចំពោះ​ស្ត្រី​ទន់ខ្សោយ ងាយ​រងគ្រោះ ដែល​ពុំទាន់​ទទួលបាន​នូវ​សិទ្ធិ​ការពារ​ស្របច្បាប់​។ ក្រោយ​ទទួលបាន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា និង​ក្រោម​ការដឹកនាំ​ច​ង្អុ​យ​បង្ហាញ ព្រមទាំង​គាំទ្រ​ពីស​ម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការអនុវត្ត​ច្បាប់​សេវា​គាំពារ និង​យុ​ត្ត្តិ​ធម៌​ក្នុងសង្គម ត្រូវបាន​លើកកម្ពស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​