ជប៉ុន​រៀបចំ​ប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​៩ដើម្បី​លើកទឹកចិត្ត​អ្នកសិក្សា​ភាសា​ជប៉ុន​

1454
ចែករម្លែក
  • 13
    Shares

ដោយៈ សុផល​/ភ្នំពេញៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​(CJCC) នឹង​រៀបចំ​នូវ​ការប្រឡង​ចម្រៀង​ភាសា​ជប៉ុន​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​៩ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ CJCC ក្នុងឱកាស​ពិធីបុណ្យ​តា​ណា​បា​តា​(​បុណ្យ​ផ្កាយ​)២០១៨ ផងដែរ​។​

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​(CJCC) នឹង​រៀបចំ​នូវ​ការប្រឡង​ចម្រៀង​ភាសា​ជប៉ុន​ណូ​ដូ​ជី​ម៉ាន់​លើក​ទី​៩ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ CJCC

​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​(​ចម្រៀង​ភាសា​ជប៉ុន​) ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​អ្នកសិក្សា​ភាសា​ជប៉ុន​បាន​អនុវត្ត​ការបញ្ចេញ​សម្លេង​ជា​ភាសា​ជប៉ុន​។ លើសពីនេះ​ទៀត ការប្រឡង​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​ចំណងមិត្តភាព និង​ការយល់ដឹង​អំពី​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​ជប៉ុន​និង​កម្ពុជា​តាមរយៈ​ចម្រៀង​ភាសា​ជប៉ុន​ផងដែរ​។​

​អ្នកសិក្សា​ភាសា​ជប៉ុន​គ្រប់​កម្រិត​អាច​ចូលរួម​ប្រឡង​ចម្រៀង​នេះ ក្នុងនាម​ជាការ​ប្រកួត​រវាង​គ្រឹះស្ថាន​អប់រំ​ភាសា​ជប៉ុន មិនមែនជា​លក្ខណៈ​បុគ្គល​ទេ​។ បែបបទ​ក្នុងការ​ដាក់ពាក្យ​មានភ្ជាប់​ជាមួយ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​។​
​ចំពោះ​ល័​ក្ខ​ខណ្ឌ​ដាក់ពាក្យ​ប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ឆ្នាំ​២០១៨​មាន​ភាពខុសគ្នា​រវាង​ការដាក់​ពាក្យ​ប្រឡង​កន្លង​មក​ការប្រឡង​លើក​នេះ គឺជា​ការប្រកួតប្រជែង​រវាង​សាលា និង​សាលា​។ សាលារៀន​ភាសា​ជប៉ុន​ណា​ដែលមាន​បំណង​ឲ្យ​កូនសិស្ស​ចូលរួម​ប្រឡង សូម​អញ្ជើញ​មក​ដាក់ពាក្យ​ប្រឡង​។

​ចំពោះ​ចំនួន​បេក្ខជន​ប្រឡង​ចម្រៀង​ទោល ឬ បេក្ខជន​ប្រឡង​ជា​ក្រុម តាម​សាលា​នីមួយៗ នឹងត្រូវ​កំណត់​ចំនួន​ដោយយោង​ទៅលើ ចំនួន​សាលា​សរុប​ចុងក្រោយ​ដែល​បានដាក់​ពាក្យ​ចូលរួម និង​ចំនួន​សិស្ស​នៃ​សាលា​នីមួយ​ៗ​​នោះ​ផងដែរ​។​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ត្រូវ​ត្រៀម​ភ្លេង​សម្រាប់​ច្រៀង​នៅ​ថ្ងៃ​ប្រឡង​ដោយ​ខ្លួនឯង ហើយ​ត្រូវ​ផ្ញើ​មកកាន់​ស្ថានទូត​មុន​ថ្ងៃ​ប្រឡង​។​ការប្រឡង​ចម្រៀង​លើក​នេះ មិន​ដូច​ការប្រឡង​លើក​មុនៗ​ដែល​មាន​ខារ៉ាអូ​ខេ​អាច​មើលឃើញ​តួរ​អក្សរ​ចម្រៀង​ទេ បេក្ខជន​ត្រូវ​ទន្ទេញ​បទ​ចម្រៀង​ឲ្យ​បាន​ចាំ​ហើយ​ច្រៀង​លើ​ឆាក​តែម្តង​។​

​ចំពោះ​នីតិវិធី​នៃ​ការដាក់​ពាក្យ​វិញ ការចុះឈ្មោះ​ចូលរួម​របស់​សាលា​ភាសា​ជប៉ុន​នីមួយៗ (​ផុតកំណត់​ត្រឹម​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០១៨)​ពាក្យស្នើសុំ​ចូលរួម អាច​រកបាន​តាមរយៈ​គេហទំព័រ​ខាងក្រោម​៖http://www.kh.emb-japan.go.jp/files/000356599.pdf ។​ការប្រកាស​លទ្ធផល​ចំនួន​បេក្ខជន​ច្រៀង​ទោល ឬ ជា​ក្រុម នៃ​សាលា​នីមួយៗ (​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨)​។​ការផ្ញើ​ពាក្យ​ចូលរួម​ប្រឡង​របស់​បេក្ខជន​ពីសា​លា​នីមួយៗ (​ផុតកំណត់​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨)​ពាក្យ​ចូលរួម​ប្រឡង​របស់​បេក្ខជន​អាច​រកបាន​តាមរយៈ​គេហទំព័រ​ខាងក្រោម​៖http://www.kh.emb-japan.go.jp/files/000356600.pdf ។​រីឯ ការផ្ញើ​ភ្លេង​ចម្រៀង​ពី​បេក្ខជន​ចូលរួម​ប្រឡង ផុតកំណត់​ត្រឹម​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨៕មន