ប៉ូលិស​វៀតណាម​ចាប់​បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​៣០​គីឡូក្រាម បង្កប់​ក្នុង​កញ្ចប់​តែ​

3276
ចែករម្លែក

​ប៉ូលិស​វៀតណាម​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មេសា​ថា​ពួកគេ​បាន​រឹបអូស​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ប្រហែល​៣០​គីឡូក្រាម តម្លែ​សរុប ២២៥.០០០​ដុល្លារ ដែល​លាក់​បង្កប់​ក្នុង​កញ្ចប់​តែ​ជា​ច្រើន នៅ​វៀតណាម ភាគ​ខាងជើង​។​

​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​វៀតណាម​បាន​រកឃើញ ក្រុម​ជួញដូរ​គ្រឿងញៀន​មួយក្រុម ដែល​បាន​លួច​ដឹក​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ពី​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​​វៀតណាម ទៅ​កាន់​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ហើយ​ទៅ​ដល់​ទីក្រុង​ហូ​ជី​មី​ញ​។​

​ប៉ូលិស​បាន​ចាប់​ឃាត់​រថយន្ត​Toyota Fortuner មួយគ្រឿង ដែល​ប្រើប្រាស់​ដោយ​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ នៅក្នុង​ការ​ឆ្មក់​ចាប់​នៅ​ខេត្ត​Ninh Binh ភាគ​ខាង​​ជើង​នៃ​ប្រទេស​នេះ ។ បន្ទាប់​ពី​ឃាត់ខ្លួន​អ្នកបើក​រថយន្ត​ឈ្មោះ Phang A Nha អាយុ​៤៥​ឆ្នាំនេះ ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនបង្កប់​ក្នុង​កញ្ចប់​​តែ​ចំនួន​២៩​កញ្ចប់ ទម្ងន់​សរុប​ជិត​៣០​គីឡូក្រាម​។​

​អ្នកបើក​រថយន្ត​បាន​និយាយថា គាត់​បាន​ទិញ​គ្រឿងញៀន​នេះ​ពី​ជនជាតិ​ឡាវ​ម្នាក់​ហើយ​បម្រុង​លក់​វា​ក្នុង​តម្លែ​៧.៥០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ទៅ​ឱ្យ​បុរស​​ម្នាក់ទៀត​ឈ្មោះ​Nguyen Van Ve​។​

​ក្រោយមក ប៉ូលិស​បាន​ចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ Nguyen Van Ve ដោយ​ចាប់​រឹបអូស​លុយ​ចំនួន​៤០០.០០០ ដុល្លារ ពី​បុរស​នេះ ។​

​បុរស​ទាំង​២​នាក់ ក្រោយ​ត្រូវ​បាន​ចាប់ឃុំខ្លួន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទិញ​និង​លក់​គ្រឿងញៀន​៕ដោយ:វាសនា

​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​៣០​គីឡូក្រាម បង្កប់​ក្នុង​កញ្ចប់​តែ​ចំនួន​២៩​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម