​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ការដ្ឋាន​ស្ថាបនា មហាវិថី​ថ្មី​មួយ​ខ្សែ ដែលមាន​ទទឹង ៣០ ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជិត ៦ គីឡូម៉ែត្រ មាន​សួនច្បារ​កណ្តាល ចាប់ពី​ផ្លូវ​លេខ ១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប អ៊ី​អន​សែន​សុខ​) ស្រប​ប្រឡាយ​មេ ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​សាស្ត្រ ខណ្ឌឫស្សីកែវ ស្ថាបនា​សម្រេចបាន​ប្រមាណ​ជិត ៨០ ភាគរយ​ហើយ ដើម្បី​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់ ឱ្យដឹងពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ចុះ​ពិនិត្យមើល​ការដ្ឋាន​នេះ នៅ​រសៀល ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ មហាវិថី​ថ្មី ដែល​បាននិងកំពុង​ស្ថាបនា​ឡើង​នេះ ជា​ផ្លូវ​ដែលមាន​ការចូលរួម ពី​សប្បុរជន ដែល​បាននិងកំពុង​អភិវឌ្ឍន៍ លំនៅដ្ឋាន នៅតាម​បណ្ដោយ​ផ្លូវ​នេះ ដោយ​សហការ​ជាមួយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តថាៈ មហាវិថី​នេះ ត្រូវ​ស្ថាបនា​ឡើងជា ២ ជំហាន ដោយ​ជំហាន​ទី​១ ចាប់ពី​ផ្លូវ​លេខ ១០០៣ រហូតដល់​មុខ​ហ្គ្រេ​ន​ភ្នំពេញ និង​បន្ត​ពី​ហ្គ្រេ​ន​ភ្នំពេញ រហូត​ទៅដល់ មហាវិថី​ឈ្នះ ឈ្នះ​ដែលមាន​ទទឹង ៣០ ម៉ែត្រ មាន​សួនច្បារ នៅ​កណ្ដាល ជាមួយនឹង​ការដាក់​បណ្ដាញ​លូ នៅ​សងខាង​ផ្លូវ​ផងដែរ ។ ការដ្ឋាន​នេះ បើ​គិត​មកដល់ពេលនេះ សម្រេចបាន​ប្រមាណ​ជា ៧០ ទៅ ៨០ ភាគរយ​ហើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការដ្ឋាន​នេះ ក៏​នៅមាន​បញ្ហា​ប្រឈម នៃ​ប៉ះពាល់​មួយចំនួន​ផងដែរ នោះ​គឺ​ប្រជាពលរដ្ឋ ប្រមាណ ២០០ គ្រួសារ រស់​នៅលើ​ទ្រូងផ្លូវ​នេះ​តែម្ដង ។​

​បញ្ហា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវធ្វើ​ការដោះស្រាយ បញ្ហា​នេះ ឱ្យបាន​លឿន​បំផុត គឺ​ដោះស្រាយ​ឲ្យ​បាន ក្នុង​រយៈពេល ពីរ​សប្តាហ៍​ទៀត​។ បើ​ដោះស្រាយ​មិន​ចេញ ត្រូវ​រាយការណ៍​បន្ទាន់ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​បញ្ជាក់ថាៈ ជា​គម្រោង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ ទាំង ២០០ គ្រួសារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ជម្រើស​ពីរ ដើម្បី​ឲ្យ​ពួកគាត់ ធ្វើការ​ជ្រើសរើស ដោយ​រដ្ឋបាល​រាជធានី នឹង​ផ្តល់​ដី ទំហំ ៤,២ ម៉ែត្រ ពី​គុណ ១៥ ម៉ែត្រ នៅ​ទីតាំង​ពីរ​កន្លែង​នោះ គឺ​នៅ 7NG ក្នុង​ខេត្តកណ្តាល (​ដែល​ត្រៀម និង​កាត់​ចូលមក​ភ្នំពេញ​) និង​នៅតាម​បណ្ដោយ ផ្លូវ​លេខ​៥១ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​។​

​បន្ថែម​ពីលើ​នេះ​ទៀត លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​ពិនិត្យ​ការដ្ឋាន​នេះ ឱ្យបាន​ជាប្រចាំ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន ដែល​ទទួល​ការស្ថាបនា មហាវិថី​នេះ អនុវត្ត​ឱ្យ​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​ប្រើ​គ្រឿងចក្រ​ធំៗ ដើម្បី​ស្ថាបនា​គ្រឹះ​។​

​គួរ​បញ្ជាក់ថា ការដ្ឋាន​នេះ បានចាប់ផ្តើម កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ ជាច្រើន​នាក់​ដែរ​។ មហាវិថី​ថ្មី​នេះ រត់​ត្រង់​ជួរ ភ្ជាប់​មក​មហាវិថី​អង្គរ ឆ្ពោះ​មក​រង្វង់​មូល​កាំ​កូ ។ ជា​ប្រភេទ ផ្លូវភ្លោះ មាន​ប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង ៣០ ម៉ែត្រ ជា​ផ្លូវ​បេតុង​អា​មេរ កម្រាស់ ២០ សង់ទីម៉ែត្រ , ក្នុងនោះ ផ្លូវ​សងខាង ១២ ម៉ែត្រ សួន​កណ្តាល ២ ម៉ែត្រ និង​ចិញ្ចើមផ្លូវ​សងខាង ២ ម៉ែត្រ ផ្លូវ​ទ្វេ​ទិស មាន ៣ គន្លង សម្រាប់​រថយន្ត ទៅមក និង ១ គន្លង សម្រាប់ទោ​ចក្រយានយន្ត ទៅមក , ដាក់​បណ្តាញ​លូ​សងខាង​ផ្លូវ ទំហំ ០,៨​ម៉ែត្រ ប្រវែង ១១.៧២០​ម៉ែត្រ និង​ដាក់លូ​ឆ្លងកាត់​ទទឹងផ្លូវ ចំនួន​៨​កន្លែង​៕/V