Home ព័ត៌មានសំខាន់ៗ សម្តេចតេជោ ហ៊...

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបកស័ក្តិអធិការនគរបាលស្រុកកំរៀងនិងចាត់ការតាមផ្លូវច្បាប់រឿងដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈសម្តេចនាយករដ្ឋមន្រ្តីបានចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តាញលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងចាត់ការតាមផ្លូវច្បាប់ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។ ការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ពាក់ព័ន្ធករណីដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលទឹកដីកម្ពុជា។
នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នា២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ បានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។

សម្តេចតេជោបានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវជាបន្ទាន់រឿងមន្ត្រីប៉ូលិសនៅច្រកឡែម ដែលចាប់បានមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ ដែលមេខ្យល់នោះត្រូវបានទាហានចាប់ខ្លួនបានប្រគល់ឲ្យខាងប៉ូលិស ហើយខាងប៉ូលិសជាអ្នកដោះលែងមេខ្យល់នោះ ដោយមិនបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំបានទទួលបានឯកសារស្រាវជ្រាវខ្លះ គឺលោកស័ក្តិ ៥ម្នាក់ គឺដោះលែង (មេខ្យល់) មានរូបថតមួយចំនួននៅទីនេះ ស្រាវជ្រាវបន្ទាន់ជាមួយកិច្ចការដែលបានកើតឡើងនៅក្នុងខែមករា ចាប់បានមេខ្យល់ហើយ គឺអត់ទាន់ផ្តន្ទាទោសទេ ទាហានអ្នកចាប់ ប៉ូលិសអ្នកដោះលែង អីចឹងបើរឿងនឹងវាជារឿងពិត ចាំបាច់ត្រូវតែដាក់ពិន័យ ឬក៏ផ្តន្ទាទោសតែម្តង សូមឲ្យធ្វើការស្រាវជ្រាវក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិចុះទៅរួមជាមួយនឹងខេត្ត ដើម្បីធ្វើការស្រាវជ្រាវករណីមួយនេះឲ្យខ្ញុំ ហើយរាយការណ៍ឲ្យខ្ញុំវិញ ឯកឧត្តម នេត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើការងារស្រាវជ្រាវរឿងនេះនៅមាត់ច្រកឡែម ទាក់ទងជាមួយនិងការដោះលែងមេខ្យល់ ខាងទាហានអ្នកចាប់ ខាងប៉ូលិសដោះលែង ចឹងបានជាមេខ្យល់វាមិនអស់ មនុស្សចេះតែធ្លាយមក ចឹងទេមើលប៉ូលិសមួយនឹងមើល បើត្រូវវ៉ៃខ្នោះ វ៉ៃខ្នោះតែម្តង ឲ្យតែរឿងនឹងពិតដាក់ជាគំរូ ត្រូវធ្វើរឿងនឹងឲ្យបានដាច់ខាតព្រោះរឿងនេះត្រូវតែស្រាវជ្រាវហើយ”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើកិច្ចការងារនេះពង្រឹងសមត្ថភាពកងទ័ពដោយសម្តេចបានលើកឡើងថា បើករណីប៉ូលិសដោះលែង កងទ័ពត្រូវតែចាប់ភ្លាម។ “គេចាប់យកមកឲ្យប៉ូលិស ប៉ូលិសដោះលែងចាប់យកវិញទៀត។ វង្ស ពិសេស សៅ សុខា ម៉ាណែត ពង្រាយកងទ័ពដាក់ដើម្បីអនុវត្តនូវវិធានការទាំងឡាយ ហើយមើលមេប៉ូលិសៗ ដែលពុករលួយ នេត សាវឿន មើលឲ្យច្បាស់អាហ្នឹង ហើយតាមបណ្តាច្រកអភិបាលខេត្តទាំងឡាយ ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី រឿងនឹងអត់បានទេគ្រោះថ្នាក់”។

ទាក់ទងករណីនេះ លោកកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular