ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខររាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានចេញអនុក្រឹត្យដកស័ក្តិនិងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀងខេត្តបាត់ដំបងចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការចេញអនុក្រឹត្យសម្រេចដកស័ក្តិនិងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀងខេត្តបាត់ដំបងចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិធ្វើឡើងបន្ទាប់ពីក្រុម ស្រាវជ្រាវរកឃើញថាអធិការស្រុករូបនេះពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលទឹកដីកម្ពុជាដោយគេចវេះពីការធ្វើចត្តាឡីស័កនៅតាម ព្រំដែនកម្ពុជាថៃ ។
គួរជំរាបជូនថានៅយប់ថ្ងៃទី ១៤ ខែ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តនិងអគ្គស្នងការនគរបាលជាតិអំពីព័ត៌មានទាក់ទិនជាមួយនឹងការចាប់បានពួកអ្នកនាំផ្លូវពលករឆ្លងកាត់ព្រំដែនដោយគេចវេះពីការធ្វើចត្តាឡីស័ក ហើយបែរជាដោះលែងទៅវិញដែលអាចនាំទៅដល់ការដកឋានន្តរស័ក្តិឬបណ្ដេញចេញពីជួរប៉ូលីសតែម្ដងនៅមន្ត្រីនគរបាលដែលអនុវត្តខុសឆ្គងទៅនឹងវិធានការទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្សហើយការរត់ពន្ធមនុស្សនោះគឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលវាអាចនាំទៅដល់មហន្តរាយនៃសុខភាពសាធារណៈដោយការរាលដាលជំងឺឆ្លង។
គួរបញ្ជាក់លោកវរសេនីយ៍ឯក គឹម ពន្លក បានទទួលស្គាល់ថាខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន ៨១៩ ករណីទី មួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃនិងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័កប្រាកដមែន។
សូមជំរាបថានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង៕