សន្តិសុខរបស់គីម៖​ សូម្បីតែស្រមោចមួយមិនអាចឆ្លងកាត់បាន

4215
ចែករម្លែក

នៅពេលមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនចេញពីរថយន្តធ្វើដំណើរឆ្ពោះមកកាន់ព្រំដែនកូរ៉េទាំងពីរកាលពីថ្ងៃសុក្រទី២៧មេសា លោកត្រូវបានអមការពារដោយកងទ័ពអង្គរក្ស ដែលត្រូវបានជ្រើសរើសយ៉ាងសម្រាំង ទាំង​កាយ​​សម្បទា ជំនាញបាញ់ ក្បាច់គុណនិងសូម្បីតែរូបសម្បត្តិ។

បុរសក្នុងឈុតអាវធំ ក្រវាត់កពណ៌ខៀវឆ្នូតស ត្រូវបានពង្រាយនៅពីមុខនិងជុំវិញខ្លួនលោកគីម ខណៈ​លោក​ធ្វើដំណើរទៅកាន់ខ្សែបន្ទាត់ព្រំដែនយោធាសំរាប់ការចាប់ដៃជាប្រវត្តិសាស្រ្តមួយជាមួយសមភាគីខាងត្បូង មូន ជែអ៊ិន។

កូរ៉េខាងជើងជាសង្គមមានការត្រួតត្រាតឹងរ៉ឺងបំផុតមួយនៅក្នុងលោកនិងសូម្បីតែសន្តិសុខសំរាប់ដឹកនាំរបស់ខ្លួនក៏តឹងតែងណាស់ដែរ។

ជនបរទេសដែលចូលរួមព្រឹត្តិការណ៍ណាមួយដែលមានវត្តមានលោកគីម ត្រូវឆ្លងកាត់នីតិវិធីសន្តិសុខ​រាប់​ម៉ោង​ជាមុន និងត្រូវប្រគល់គ្រឿងអេឡិចត្រូនិក រួមទាំងទូរស័ព្ទដៃ។

បញ្ជាការសន្តិសុខ(Guard Command) កងឯកភាពយោធាដែលមានភារកិច្ចការពារសុវត្ថិភាពមេដឹកនាំ ជា​ក្រុមសម្រាំងមួយដែលស្និទ្ធនឹងរដ្ឋអំណាចកូរ៉េខាងជើង។រី យ៉ុង ហ្គុក អ្នកចុះចូលមកពីកូរ៉េខាងជើងម្នាក់ ដែល​ធ្លាប់បំរើការខាងសន្តិសុខ សំរាប់សពមេដឹកនាំ គីម ជុងអ៊ីល បានសរសេរកំណត់ប្រវត្តិមួយនៅ​ឆ្នាំ២០១៣​ថា​កងសន្តិសុខដល់ទៅ៦ប្រភេទ ៦ជាន់ផ្សេងគ្នា សំរាប់ការពារមេដឹកនាំកូរ៉េខាងជើងក្នុង​ដំណើរទៅកាន់​ទីជន​បទ​សំរាប់ត្រួតមើលកងឯកភាពទ័ពឬ កសិដ្ឋាន។

លោកបានសរសេរថា« វាជាខែលការពារសន្តិសុខតឹងរឹងបំផុតមួយនៅលើលោក សូម្បីតែស្រមោចមួយ​ក៏ពិបាក​រកប្រហោងចូលបានដែរ»។

ការរៀបចំសន្តិសុខសំរាប់មេដឹកនាំបច្ចុប្បន្នត្រូវបានគេរាយការណ៍ថាកាន់តែតឹងតែង និងក្នុងអំឡុងការដង្ហែរ​ក្បួនយោធាមួយដើម្បីកត់សំគាល់ខួបទី៧០នៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនកាលពីខែកុម្ភៈ និងការ​បង្ហាញកងសន្តិសុខបីប្រភេទនៅក្រុងព្យុងយ៉ាងដើម្បីបង្ហាញភក្តីភាពនិងការប្តេជ្ញាការពារជីវិតលោកគីម។

ការការពារក៏ត្រូវបានផ្តល់ជូនគ្រួសាររបស់គីម និងវាត្រូវបានបង្ហាញអោយឃើញនៅពេលប្អូន​ស្រីរបស់​លោក​នាងគីម យ៉ូ ចុង បានទៅទស្សនកិច្ចកូរ៉េខាងត្បូងសម្រាប់កីឡាអូឡាំពិករដូវរងារក្រុងព្យឹងចាង ដោយនាង​ត្រូវ​អមការពារដោយអង្គរក្ស៕ដោយ៖វាសនា

លោកគីម ជុងអ៊ុន ត្រូវអមដោយអង្គរក្សមុខក្រោយក្នុងអំឡុងធ្វើដំណើរទៅចូលរួមជំនួបកំពូលកាលពីថ្ងៃសុក្រនៅព្រំដែនកូរ៉េទាំងពីរ

ទីតាំងផ្សាយពាណិជ្ជកម្ម