ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រាប់ រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថាៈ ទាក់ទងករណី លោក គឹម ពន្លក អតីតអធិការនគរបាល ស្រុកកំរៀង ដែលបានដោះលែង មេខ្លោងនាំពលករឆ្លងដែន ដោយខុសច្បាប់ គឺសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ បន្ថែមទៀត ដើម្បីរកអ្នកដែលពាក់ព័ន្ធ ហើយករណីនេះ មិនទាន់រកឃើញមានភស្តុតាង ណាមួយ ដែលត្រូវបញ្ជូន ទៅតុលាការនៅឡើយទេ។
ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង ក្រៅពិធីប្រគល់រថយន្ត ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១៩ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ទាក់ទងករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ បកស័ក្តិ និងបណ្តេញលោក គឹម ពន្លក អធិការនគរបាល ស្រុកកំរៀង ខេត្តបាត់ដំបងចេញពីក្រប ខណ្ឌមន្ត្រីនគរបាលជាតិ និងចាត់ការតាមផ្លូវច្បាប់ ដើម្បីផ្តន្ទាទោស ជនពុករលួយរូបនេះ ដាក់ពន្ធនាគារ ឲ្យខានតែបាន ដើម្បីជាការព្រមាន ដល់ជនទាំងឡាយ ផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។ ការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ លោក គឹម ពន្លក អធិការនគរបាល ស្រុកកំរៀង ពាក់ព័ន្ធករណីដោះលែងមេខ្យល់ នាំមនុស្ស ឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាៈ ក្រៅពីបកស័ក្តិ និងបណ្តេញចេញពី ក្របខណ្ឌ បានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការ នគរបាលជាតិ ត្រូវបន្តចាត់ការ អនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោស ជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខាន តែបាន ដើម្បីជាការព្រមាន ដល់ជនទាំងឡាយ ផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអគ្គស្នងការ នគរបាលជាតិ ស្រាវជ្រាវជាបន្ទាន់ រឿងមន្ត្រីប៉ូលិសនៅច្រកឡែម ដែលចាប់បានមេខ្យល់ នាំពលករឆ្លងដែន ខុសច្បាប់ ចូលក្នុងប្រទេសថៃ ដែលមេខ្យល់នោះ ត្រូវបានទាហាន ចាប់ខ្លួនបាន ប្រគល់ឲ្យខាងប៉ូលិស ហើយខាងប៉ូលិស ជាអ្នកដោះលែងមេខ្យល់នោះ ដោយមិនបញ្ជូន ទៅតុលាការ ដើម្បីអនុវត្តច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ “ខ្ញុំបានទទួលបានឯកសារ ស្រាវជ្រាវខ្លះ គឺលោកស័ក្តិ ៥ម្នាក់ គឺដោះលែង (មេខ្យល់) មានរូបថតមួយចំនួន នៅទីនេះស្រាវជ្រាវ បន្ទាន់ ជាមួយកិច្ចការ ដែលបានកើតឡើង នៅក្នុងខែមករា ចាប់បានមេខ្យល់ហើយ គឺអត់ទាន់ផ្តន្ទាទោសទេ ទាហានអ្នកចាប់ ប៉ូលិសអ្នកដោះលែងអីចឹងបើរឿងនឹងវាជា រឿងពិត ចាំបាច់ត្រូវតែដាក់ពិន័យ ឬក៏ផ្តន្ទាទោសតែម្តង សូមឲ្យធ្វើការស្រាវជ្រាវ ក្រសួងមហាផ្ទៃ អគ្គស្នងការ នគរបាលជាតិ ចុះទៅរួមជាមួយនឹងខេត្តដើម្បីធ្វើការ ស្រាវជ្រាវ ករណីមួយនេះ ឲ្យខ្ញុំ ហើយរាយការណ៍ឲ្យខ្ញុំវិញ ឯកឧត្តម នេត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើការងារស្រាវជ្រាវ រឿងនេះ នៅមាត់ច្រកឡែមទាក់ទងជាមួយនឹង ការដោះលែងមេខ្យល់ ខាងទាហានអ្នកចាប់ ខាងប៉ូលិសដោះលែង ចឹងបានជាមេខ្យល់ វាមិនអស់ មនុស្សចេះតែធ្លាយមក ចឹងទេមើលប៉ូលិសមួយនឹងមើល បើត្រូវវ៉ៃខ្នោះ វ៉ៃខ្នោះតែម្តង ឲ្យតែរឿងនឹងពិតដាក់ជាគំរូ ត្រូវធ្វើរឿងនឹងឲ្យបានដាច់ខាត ព្រោះរឿងនេះ ត្រូវតែស្រាវជ្រាវហើយ”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើកិច្ចការងារនេះ ពង្រឹងសមត្ថភាពកងទ័ព ដោយសម្តេច បានលើកឡើងថា បើករណី ប៉ូលិសដោះលែង កងទ័ពត្រូវតែចាប់ភ្លាម។ “គេចាប់យកមក ឲ្យប៉ូលិស ប៉ូលិសដោះលែង ចាប់យកវិញទៀត។ វង្ស ពិសេស សៅ សុខា ម៉ាណែត ពង្រាយកងទ័ពដាក់ដើម្បីអនុវត្ត នូវវិធានការទាំងឡាយ ហើយមើល មេប៉ូលិសៗ ដែលពុករលួយ នេត សាវឿន មើលឲ្យច្បាស់អាហ្នឹង ហើយតាមបណ្តាច្រក អភិបាលខេត្តទាំងឡាយ ត្រូវទទួលខុសត្រូវ ចំពោះមុខនាយករដ្ឋមន្ត្រី រឿងនឹងអត់បានទេគ្រោះថ្នាក់”។
ទាក់ទងករណីនេះ លោកកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយមូលហេតុ «អនុវត្តការងារខុសនីតិវិធី»៕/V-PC