ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្ត បាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការទប់ស្កាត់ ការគេចវេះ ធ្វើចត្តាឡីស័ក របស់ពលករ និងពិនិត្យសភាពការណ៍ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជា ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ នៅស្រុកជាប់ព្រំដែនឲ្យធ្វើការចុះបញ្ជីឈ្មោះ ពលរដ្ឋ នៅតាមស្រុក ជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារ សម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណ ឲ្យបានត្រឹមត្រូវ ពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករ ទើបចេញពីប្រទេសថៃ ដែលរស់នៅស្រុក ខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិតថា ខ្លួនរស់នៅជាប់ព្រំដែន គេចវេះមិនធ្វើចត្តាឡីស័ក។ ការបញ្ជានេះ បន្ទាប់ពីមានលេចធ្លាយ ពលករដែលត្រឡប់មកពីថៃ ទៅកាន់ស្រុកកំណើត ដោយគេចវេះមិនព្រមចូលខ្លួនធ្វើ ចត្តាឡីស័ក ជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានបន្តថាៈ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ កុំឲ្យពលករ គេចវេះ ពីការធ្វើចត្តាឡីស័ក និង ត្រូវអនុវត្តវិធានការ មួយចំនួនភ្លាមៗ ក្នុងនោះ ការរឹតបន្តឹងដូចជា តាមចាប់ពួកមេខ្យល់នាំពលករឆ្លងដែន ខុសច្បាប់ ការអប់រំផ្សព្វផ្សាយ ពីសារសម្លេងរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ នៅតាមមូលដ្ឋាននៅតាមមណ្ឌល ចត្តាឡីស័ក ។
គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះ ឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ខេត្តសាមុទ សាខន ប្រទេសថៃ គឺមានពលករឆ្លងដែន ពីថៃ តាមច្រកនានា ជាប់ខេត្តបាត់ដំបង មានជាង ៦ ពាន់នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក ជាង ៣ ពាន់នាក់ និងកំពុងធ្វើចត្តាឡីស័ក ជាង ២ ពាន់នាក់ទៀត ខណៈអាជ្ញាធរ ក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកបក្ខពួក មេខ្យល់ មួយចំនួនទៀត៕/V-PC