ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានធ្វើការដាស់តឿន ក៏ដូចជា ការរម្លឹកទៅដល់ ស្នងការនគរបាលខេត្តថា រថយន្តដែលប្រគល់ជូន ស្នងការនគរបាលខេត្ត ទាំង ១៩ នៅថ្ងៃនេះ គឺយកទៅប្រើឲ្យ ចំគោលដៅ តួនាទីភារកិច្ច គឺមិនមែនសម្រាប់ បុគ្គលណាមួយ និងមិនមែនឲ្យយកទៅ ដឹកទំនិញគេចពន្ធ គឺមិនបានជាដាច់ខាត។ ការដាស់តឿនរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង ក្នុងពិធីប្រគល់រថយន្តជូន ស្នងការដ្ឋាន នគរបាលខេត្ត ចំនួន ១៩ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។
ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើង បន្ទាប់ពីមានលេចឮព័ត៌មាន មួយចំនួនរឿងមន្ត្រី នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត មួយចំនួន បានយករថយន្តដែលជាអំណោយ របស់ សម្តេចក្រឡាហោម ស ខេង ទៅកាងបទល្មើស ដូចជាកាងរណ្តៅដីជាដើម។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថាៈ រថយន្តដែលផ្តល់ជូននេះ គឺជាសម្បត្តិរបស់រដ្ឋ ហើយសុំឲ្យចុះបញ្ជី ជាសារពើពន្ធរបស់រដ្ឋ ហើយរថយន្ត ដែលប្រគល់ជូននេះ យកទៅប្រើប្រាស់ និងថែទាំ ប្រើប្រាស់ឲ្យចំគោលដៅ ចំតួនាទីភារកិច្ច។ “យកទៅនេះ សូមឲ្យថែទាំ ប្រើប្រាស់ឲ្យបានយូរ ហើយប្រើប្រាស់ ឲ្យបានចំគោលដៅ ចំតួនាទីភារកិច្ច តិចតែថា យកទៅដឹកទំនិញរត់ពន្ធ ឬក៏យកទៅបម្រើឲ្យ បុគ្គលណាមួយ អត់បានទេ ចឹងហើយអគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ និងអគ្គស្នងការនគរបាលជាតិ ចេញប្រកាសណែនាំ ឬបទបញ្ជាណែនាំ អំពីការប្រើប្រាស់រថយន្ត ដែលប្រគល់ជូននេះ និងចុះបញ្ជីសារពើពន្ធ របស់រដ្ឋទាំងអស់”។
សូមជម្រាបថា រថយន្តដែលប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១៩ខេត្ត គឺមានចំនួន ៥០ គ្រឿង។ ការប្រគល់រថយន្ត ជូនស្នងការដ្ឋាននគរបាល រាជធានី ខេត្ត គឺមានចំនួន ៤លើកហើយ សរូបរថយន្តចំនួន ១៤៥គ្រឿង មានដូចជា: លើកទី១. នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ មានចំនួន ២០គ្រឿង។ លើកទី២. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ លើកទី៣. នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងលើកទី៤. នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១៕/V-PC