ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីព្រឹកមិញនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីសភា ពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយលោក តាស៊ីឡូ ប្រ៊ិនស័រ ( Tassilo Brinzer)។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូអំពីដំណើរការវិវឌ្ឍន៍រីកចម្រើន របស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀងហើយបាននិងកំពុងជំរុញការនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល ប៉ុន្តែទោះ ជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករបរិមាណ កសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុនេះ លោករដ្ឋមន្ត្រីបាន ស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជា អាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ ជួយផ្តល់កិច្ចសហការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាព ផលិតកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ល។
លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវនិងសហការីបន្ថែមទៀតថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឲ្យមានលក្ខណកាន់តែល្អប្រសើរ។
លោក តាស៊ីឡូ ប្រ៊ិនស័រ បានឲ្យដឹងថា គោលបំណងសំខាន់នៃជំនួបនាព្រឹកនេះគឺដើម្បី ពង្រឹង និងពង្រីកកិច្ចសហការរវាង សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាទាំង ពេលបច្ចុប្បន្ន និងអនាគត។
លោកបានសម្តែងសុទិដ្ឋិថា បើទោះបីកម្ពុជាបាននិងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំ អភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះ រីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញក្នុងខណៈ វិស័យមួយកំពុងមានវិបត្តិ។ មួយវិញទៀតសហភាពអឺរ៉ុបនឹងនៅតែជាដៃគូសហការជាមួយ រាជរដ្ឋសភិបាលកម្ពុជា ពិសេសក្រសួងក្នុងការជំរុញកំណើនផលិតកម្មកសិកម្មតាម រយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែងស្របការប្រែប្រួល អាកាសធាតុ និងបរិយាប័ន្ន៕/PC