ដោយៈ ជា សីហៈ /ភ្នំពេញ៖ រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នៅក្នុងពេលចុះសិក្សាស្រាវជ្រាវពីផលចាប់ត្រី ដែលនេសាទបានដោយឧបករណ៍លបឡុក ដោយមានការចូលរួមពីសំណាក់មន្ត្រីខណ្ឌរដ្ឋបាលជលផលសៀមរាប កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានលែងពស់ថ្លាន់ចំនួន៥ក្បាល ចូលទៅក្នុងព្រៃលិចទឹកដែល ជាទីជម្រក ធម្មជាតិវិញ នៅតំបន់ចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប។ នេះបើតាម Wonder of the Mekong។
លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានថ្លែងថា ពស់ថ្លាន់ចំនួន៥ក្បាលនេះ គឺបានមកពីអ្នកនេសាទ ដែលគាត់ស្ម័គ្រចិត្តយកមកលែង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដើម្បីអភិរក្ស និងបង្កើនផលស្តុកនៅក្នុងទីជម្រកធម្មជាតិ ឲ្យសម្បូរឡើងវិញ។
លោក កែវសុភៈ បន្តថា «នេះគឺជាសកម្មភាពគំរូមួយ របស់ប្រជានេសាទម្នាក់។ ពស់ថ្លាន់ គឺជាសត្វល្មូនដែលគ្មានពិស និងមានទំហំខ្លួនធំគួរឲ្យទាក់ទាញ។ ជាការល្អបើយើងអភិរក្ស ពួកវាទុកសម្រាប់ឲ្យកូនចៅយើងជំនាន់ក្រោយបានស្គាល់ និងដើម្បីទាក់ទាញទេសចរណ៍ នោះយើងនឹងអាចជួយបង្កើតប្រាក់ចំណូលដល់ប្រជាជននៅក្នុងតំបន់ផងដែរ»។
លោក កែវសុភៈ ក៏បានធ្វើការអំពាវនាវដល់ប្រជានេសាទថា៖ «ខ្ញុំសូមសំណូមពរដល់ ប្រជានេសាទទាំងអស់ បើចាប់បានពពួកប្រភេទសត្វកម្រ ឬពពួកត្រីកម្រ ដូចជាត្រីគល់រាំង ត្រីរាជជាដើម សូមមេត្តាផ្តល់ដំណឹងទៅអាជ្ញាធរដែនដី និងខណ្ឌរដ្ឋបាលជលផល ដើម្បីយកទៅលែងក្នុងតំបន់អភិរក្ស ឬទីជម្រកធម្មជាតិវិញ»។
លោកគង់ សីឡា ជាប្រជានេសាទរស់នៅក្នុងឃុំចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប ដែលជាអ្នកស្ម័គ្រចិត្តប្រគល់ពស់ថ្លាន់ទាំងប្រាំក្បាលនោះ បាននិយាយថាគាត់តែងតែលែង ពស់ថ្លាន់ឲ្យចូលទៅក្នុងទីជម្រកធម្មជាតិវិញ មិនថាធំ ឬតូចទេ បន្ទាប់ពីវាបានចូលក្នុងលប របស់គាត់។
បុរសកូនបី វ័យ៣៨ឆ្នាំ រូបនេះបន្តថា៖ «ពស់ថ្លាន់ ជាប្រភេទល្មួនគ្មានពិស វាពុំបង្កគ្រោះ ដល់មនុស្ស ដូចប្រភេទពស់មានពិសដទៃឡើយ។ ផ្ទុយទៅវិញ វាអាចជួយកំចាត់សត្វចង្រៃ ដូចជាកណ្តុរជាដើម ដែលបំផ្លាញដំណាំកសិកម្ម របស់ប្រជាកសិករ»។
កញ្ញា អេលីហ្សាបែត អេវើរេស និស្សិតហាត់ការមកពីសហរដ្ឋអាមេរិក របស់គម្រោង អច្ឆរិយភាពនៃនទន្លេមេគង្គ ដែលបានចូលរួមធ្វើការសិក្សាស្រាវជ្រាវលើផលចាប់ត្រី ដោយឧបករណ៍លបឡុក ក្នុងបឹងទន្លេសាប តំបន់ចុងឃ្នៀស ខេត្តសៀមរាបបានបញ្ចេញ ចំណាប់អារម្មណ៍រំភើបរីករាយ បន្ទាប់ពីបានចូលរួមលែងពស់ថ្លាន់ចំនួន ៥ក្បាលចូលទៅ ក្នុងទីជម្រកធម្មជាតិវិញនេះ។
កញ្ញា អេលីហ្សាបែត បាននិយាយាថា នេះជាលើកទីមួយក្នុងជីវិត ដែលកញ្ញាមានឳកាស បានលែងពស់ថ្លាន់ជាមួយនឹងអ្នកនេសាទ។ «ខ្ញុំមានក្តីរំភើប ដែលបានចូលរួមលែង ពស់ថ្លាន់ទាំងប្រាំក្បាលនេះ និងរីករាយណាស់ ពេលបានឃើញពួកវាមានសេរីភាព លូនចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ ខ្ញុំសង្ឃឹមថា ពស់ថ្លាន់ទាំងនេះនឹងអាចជួយអូសទាញ ភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តក្នុងតំបន់បានកាន់តែច្រើន»។ បឹងទន្លេសាបក្នុង ប្រទេសកម្ពុជា គឺចំណុចស្នូលនៃជីវៈចម្រុះដ៏សម្បូរបែប។ ជាពិសេស ត្រីទឹកសាប ច្រើនជាង ៣០០ប្រភេទ។ ព្រៃលិចទឹក ភូមិបណ្តែតទឹក ផ្ទះជើងសសរខ្ពស់ៗ និងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជានេសាទ គឺជាប៉ូលទាកទាញទេសចរណ៍ដ៏សំខាន់។ ការបាត់បង់ព្រៃលិចទឹក ជីវៈចម្រុះអាចនឹងបាត់បង់តាមដែរ។ សូមជួយថែរក្សាព្រៃលិចទឹក ដើម្បីនិរន្តរភាពនៃ ជីវៈចម្រុះ និងទេសចរណ៍៕/PC