ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានប្រាប់ទៅស្នងការនគរបាល រាជធានី ខេត្ត រួមទាំង មន្ត្រីនគរបាលដែលពាក់ ព័ន្ធ ដោយហាម យកតម្រាប់តាមគំរូ អធិការស្រុកកំរៀង ខេត្តបាត់ដំបងដែលពាក់ព័ន្ធ ក្នុងរឿងដោះលែងមេខ្យល់ នាំពលករឆ្លងដែន ខុសច្បាប់ ដែលឥឡូវនេះអធិការស្រុក កំរៀង រូបនោះ ត្រូវបានដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា។ ប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីប្រគល់ រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១៩ ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថាៈ បទពិសោធន៍ អធិការស្រុកកំរៀង ខេត្តបាត់ដំបង គឺជាបទពិសោធន៍មួយ ធ្វើការរំលោភវិជ្ជាជីវៈ រំលោភលើ ឋានានុក្រម ដោយមិនខ្ចីរាយការណ៍ ឲ្យថ្នាក់លើបានដឹង គឺខុស។ នេះជាបទពិសោធន៍ដែលត្រូវសិក្សា រៀនសូត្រ ហើយក៏ដូចជា កញ្ចក់សម្រាប់យើង ទាំងអស់គ្នាផងដែរ។
សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថាៈ “បទពិសោធន៍អធិការស្រុកកំរៀង ជាបទពិសោធន៍មួយ យើងឃើញថា គាត់ធ្វើការរំលោភវិជ្ជាជីវៈ រំលោភលើ ឋានានុក្រម ដោយគាត់មិនខ្ចីរាយការណ៍ ឲ្យអ្នកណាទេ គាត់សប្បាយខ្លួនគាត់ អាហ្នឹងខុសជាបទ ពិសោធន៍មួយ ដែលយើងទាំងអស់គ្នា ត្រូវសិក្សារៀនសូត្រ ហើយក៏ដូចជាកញ្ចក់ សម្រាប់យើងទាំងអស់គ្នាទេ”។
សម្តេចក្រឡាហោម បានបញ្ជាក់ថាៈ ទាក់ទងករណីអធិការនគរបាលស្រុកកំរៀង ដែលបានដោះលែង មេខ្លោងនាំពលករឆ្លងដែន ដោយខុសច្បាប់ គឺសមត្ថកិច្ចកំពុងតែ ធ្វើការស្រាវជ្រាវ បន្ថែមទៀត ដើម្បីរកអ្នកដែលពាក់ព័ន្ធ ហើយករណីនេះមិនទាន់់រក ឃើញមានភស្តុតាង ណាមួយ ដែលត្រូវបញ្ជូនទៅតុលាការ នៅឡើយទេ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថាៈ ក្រសួងមហាផ្ទៃ បន្តធ្វើកំណែទម្រង់ នគរបាល ដោយនាពេលកន្លងមកនេះ បានធ្វើកំណែទម្រង់ ជាបន្តបន្ទាប់ រួចមកហើយ ប៉ុន្តែការកែទម្រង់មិនចេះចប់ទេ ដោយត្រូវធ្វើសារចុះ សារឡើង ហើយការកែទម្រង់ គឺអត់មានទីបញ្ចប់ទេ។
សម្តេចក្រឡាហោម បានបន្តថាៈ ការធ្វើការរបស់មន្ត្រីនគរបាល គឺក្នុងវិជ្ជាជីវៈដោយមិន លំអៀង មនោសញ្ចេតនា ឬមួយក៏ រំលោភលើតួនាទី សិទ្ធិអំណាចរបស់ខ្លួនវាជាការ សំខាន់ណាស់ ដើម្បីតម្រង់ទិសឲ្យនគរបាល ឲ្យធ្វើការដោយវិជ្ជាជីវៈវៈ ច្បាស់លាស់ ស្មោះត្រង់នឹងការងារ ដើម្បីមានយុត្តិធម៌សង្គម កសាងយុត្តិធម៌សង្គម។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញអនុក្រឹត្យ ដកឋានន្តរស័ក្តិ និងបណ្តេញចេញ ពីក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះវរសេនីយ៍ឯក គឹម ពន្លក នគរបាលជាន់ខ្ពស់ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ទាក់ទងករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យបកស័ក្តិ និងបណ្តាញលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបងចេញពីក្របខណ្ឌ មន្ត្រីនគរបាលជាតិ និងចាត់ការតាមផ្លូវច្បាប់ ដើម្បីផ្តន្ទាទោស ជនពុករលួយរូបនេះ ដាក់ពន្ធនាគារ ឲ្យខានតែបាន ដើម្បីជាការព្រមាន ដល់ជនទាំងឡាយ ផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។ ការបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ពាក់ព័ន្ធករណីដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវជាបន្ទាន់ រឿងមន្ត្រីប៉ូលិសនៅច្រកឡែម ដែលចាប់បានមេខ្យល់ នាំពលករឆ្លងដែន ខុសច្បាប់ ចូលក្នុងប្រទេសថៃ ដែលមេខ្យល់នោះ ត្រូវបានទាហាន ចាប់ខ្លួនបានប្រគល់ឲ្យ ខាងប៉ូលិស ហើយខាងប៉ូលិស ជាអ្នកដោះលែងមេខ្យល់នោះ ដោយមិនបញ្ជូនទៅតុលាការ ដើម្បីអនុវត្តច្បាប់៕/V-PC