ដោយៈប.ខុន / ភ្នំពេញៈ តម្លៃត្រី ក្រោយពេលមានការអនុញ្ញត ឱ្យនាំចូលជាធម្មតាវិញ នៅតែថ្លៃជាងមុន សម្រាប់តម្លៃត្រី នៅតាមមណ្ឌលបែងចែក ផលនេសាទ (យឿ) ក្នុងរាជធានីភ្នំពេញ បើធៀបទៅពេលមុនបិទ ក្នុងពេលបិទ និងក្រោយពេលបើកវិញ។
យោងតាមតារាងតម្លៃត្រី នៅមណ្ឌលបែងចែល ផលនេសាទ ព្រែកព្នៅ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់ត្រីរ៉ស់ ១គីឡូក្រាម ថ្លៃ ៥.៥០០រៀល ត្រីឆ្តោ ១២.០០០រៀល ត្រីប្រា ៥.២០០រៀល ត្រីពោ ៦.៣០០រៀល ត្រីអណ្តែង ៤.៥០០ រៀល…។
សូមរំលឹកឱ្យដឹងថា តម្លៃត្រីនៅតាមមណ្ឌលបែងចែក ផលនេសាទរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ពោលគឺមុនពេលមិនទាន់បិទការនាំចូល ត្រីបួន ប្រភេទ ដូចជា ត្រីប្រា ១គីឡូក្រាម មានតម្លៃ ៥.០០០ រៀល, ត្រីឆ្តោ ១គីឡូក្រាម ១២.០០០ រៀល, ត្រីពោ ៦.០០០ រៀល និងត្រីអណ្តែង ៥.០០០ រៀល ក្រោយពេលបិទ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រីប្រា ១គីឡូក្រាម មានតម្លៃដល់ ៧.០០០ រៀល, ត្រីឆ្តោ ១ គីឡូក្រាម ១២.០០០ រៀល (តម្លៃដដែល) និងត្រីពោ ៨.០០០ រៀល។ ក្រោយបើកឱ្យមានការនាំចូលវិញ (១៥ កុម្ភៈ) តម្លៃត្រីរ៉ស់ ១គីឡូក្រាម ថ្លៃ ៥.៥០០ រៀល ត្រីឆ្តោ ១២.០០០ រៀល, ត្រីប្រា ៥.២០០ រៀល, ត្រីពោ ៦.៣០០ រៀល, ត្រីអណ្តែង ៤.៥០០ រៀល…។
តម្លៃត្រី ឯនៅមជ្ឈមណ្ឌលផ្សារអូរឫស្សី កាលពីថ្ងៃទី១២ មករា កន្លងទៅនេះសម្រាប់ត្រីរ៉ស់ តូច ១១.០០០ រៀល, ត្រីរ៉ស់ធំ ១២.០០០រៀល, ត្រីឆ្តោតូច ១៣.០០០ រៀល , ត្រីឆ្តោធំ ១៤.០០០ រៀល, ត្រីប្រា ៩.០០០ រៀល រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ មានការឡើង ថ្លៃតែត្រីឆ្តោ ដោយក្នុងមួយគីឡូក្រាម ឡើងថ្លៃ ១.០០០ រៀល គឺត្រីឆ្តោតូច ១គីឡូក្រាម ថ្លៃ ១៤.០០០ រៀល , ត្រីឆ្តោធំ ១៥.០០០ រៀល ។ តម្លៃត្រី នៅ លើផ្សារនេះ ក្រោយពេលមាន ការបើក ឱ្យនាំចូលវិញ (១៦កុម្ភៈ) សម្រាប់ត្រីរ៉ស់តូច ១១.០០០ រៀល , ត្រីរ៉ស់ធំ ១៣.០០០រៀល , ត្រីឆ្តោតូច ១២.០០០ រៀល, ត្រីឆ្តោធំ ១៥.០០០ រៀល, ត្រីប្រា ៩.០០០ រៀល។
ជារួម តម្លៃត្រីប្រភេទខ្លះ ក្រោយពេលបើក ឱ្យមានការនាំចូលមកវិញ នៅតាមមណ្ឌលបែង ចែកផលនេសាទ នៅតែមានតម្លៃថ្លៃជាងមុន ពេលមិនទាន់បិទ បន្ទាប់ពីបានឡើង នៅក្នុងពេលបិទ ឯតម្លៃត្រីលើទីផ្សារ គ្មានការប្រែប្រួលទេ បើធៀបទៅ មុនពេលបិទ ក្នុងពេលបិទ និងក្រោយពេលបើកវិញនេះ។
គួររំលឹកឱ្យដឹងថាៈ ករណីបើកបិទការនាំចូលត្រីនេះ ពាក់ព័ន្ធជាមួយនឹងការ សម្រេច របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ដោយបានចេញសេចក្តីប្រកាសព័ត៌មាន ដែលជាការជូនដំណឹង អំពីកិច្ចព្រម ព្រៀងគ្នា ដោយស្ម័គ្រចិត្ត រវាងសមាគមវារីវប្បករ នៅកម្ពុជា និងអាជីវករ នាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកបណ្តោះអាសន្ន ការនាំចូលត្រី ចំនួន ៤ ប្រភេទ រួមមាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីក្រៅប្រទេស។
បន្ទាប់មក គឺនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺ១ខែ បន្ទាប់ពីបានប្រកាសឱ្យផ្អាកការ នាំចូល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសឱ្យមាន ការនាំចូលឡើងវិញ ដោយនៅក្នុងលិខិតប្រកាស ក្រសួងនៅតែបន្តអនុញ្ញាត ឱ្យនាំចូលផល ផលិតផលជលផល ជាពិសេស ត្រីចំនួន ៤ ប្រភេទ ដូចជា មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោតាមតម្រូវ ការជាក់ស្តែង ក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
ក្រសួង នឹងបន្តពិគ្រោះយោបល់ ជាមួយសមាគមវារីវប្បករ នៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលជាដៃគូ ពាណិជ្ជកម្ម របស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋាន បច្ចេកទេស។
តាមរយៈយន្តការគណៈកម្មការ ជម្រុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាក់ព័ន្ធ នឹងបន្តដោះស្រាយ បញ្ហាប្រឈមរបស់ វារីវប្បករ ដើម្បីអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងពង្រឹងសមត្ថភាព ប្រកួតប្រជែងរបស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំង ធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជម្រុញកំណើនពាណិជ្ជកម្ម។
បន្ទាប់ពីក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសឱ្យផ្អាក ការនាំចូលផល ផលិតផលជល ចំនួន ៤ ប្រភេទ កាលពីពាក់កណ្តាល ខែមករា មក បានធ្វើឱ្យតម្លៃត្រី នៅលើទីផ្សារ ឡើងថ្លៃ ក្នុងមួយ គីឡូក្រាមពី ១.០០០ ទៅ ២.០០០ រៀល និងឡើងខ្លាំង គឺនៅតាមមណ្ឌលបែងចែក ផលនេសាទ នៅរាជធានីភ្នំពេញ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេច បង្កើត ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផល ជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត ដោយមានលោក ណៅ ធួក រដ្ឋលេខាធិការ និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើជាសហប្រធាន។ នៅក្នុងសេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅត្រង់ប្រការ១ ឃើញមានសមាសភាព រដ្ឋលេខាធិការ ពីររូប ធ្វើជាសហប្រធាន , អនុរដ្ឋលេខាធិការម្នាក់ និងអគ្គារធិកា រនៃអគ្គារធិការដ្ឋាន ជាអនុប្រធាន ហើយនឹង ៨ រូបផ្សេងទៀត។
ក្នុងប្រការ ២ នៃសេចក្តីសម្រេចលេខ ០១៣សសរ.កសកនេះ បានសរសេរ ដូច្នេះថា ក្រុមការងារមានភារកិច្ច ដូចជា ចុះប្រតិបត្តិការទប់ស្កាត់ និង បង្ក្រាបការ ដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាតទូទាំងព្រះរាជាណាចក្រ កម្ពុជា។ ស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធ ដើម្បី រៀបចំកសាងសំណុំរឿងបទល្មើស ជលផល តាមនិតិវិធី, ចាត់វិធានការតាមនិតិវិធី នៃច្បាប់ស្តីពីជលផល និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ, សហការជាមួយសមត្ថកិច្ច និងរដ្ឋបាលរាជធានីខេត្តពាក់ព័ន្ធដើម្បី ប្រសិទ្ធ ភាពការងារ , ជម្រុញពង្រឹងការងារ និងដឹកនាំកម្លាំងសមត្ថកិច្ចជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត លើការងារដឹកជញ្ជូនផល ផលិតផលជលផល នាំចូល នាំចេញ និងឆ្លងកាត់ គ្មានការអនុញ្ញាត , បូកសរុបរបាយការណ៍លទ្ធផល ជូនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ទទួលភារកិច្ចផ្សេងទៀតដែល រដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខា ប្រមាញ់និងនេសាទប្រគល់ជូន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីសម្រេចបង្កើតក្រុមការងារ ខាងលើ បន្ទាប់ពីបានចេញសេចក្តី ប្រកាសព័ត៌មាន កាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្តីពីការផ្អាក នាំចូល ជាបណ្តោះអាសន្ន នូវប្រភេទត្រីមួយចំនួន ដែលវារីវប្បករក្នុងស្រុកផលិតបាន ដោយសារការទប់ស្កាត់ គ្មានប្រសិទ្ធភាពរួចមក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានប្រកាស ព័ត៌មានថា អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ វារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រីទឹកសាប បាទី ខេត្តព្រៃវែង ដែលសម្តេចតេជោ បានណែនាំ ហើយណែនាំទៀត ឱ្យប្រើប្រាស់ ឱកាសមាស ក្នុងការដាំដុះ ចិញ្ចឹមត្រី និងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការ នាំចូល និងផ្អែកតាមសំណូមពររបស់ សមាគមវារីវប្បករនៅកម្ពុជាផង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យ និងពិចារណា ក្នុងការផ្អាកជាបណ្តោះអាសន្ននូវ ការនាំចូលផលិតផលជលផល ដែលវារីវប្បករ ក្នុងស្រុក អាចផលិតបានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ជាដើម ដើម្បីជួយដោះស្រាយ បញ្ហាប្រឈម ទីផ្សារ ផលិតផលវារីវប្បកម្ម នាពេលបច្ចុប្បន្ន រួមចំណែកក្នុងការផលិតក្នុងស្រុក ឱ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញ ពេលខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៌មាន សរសេរទៀតថាៈ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្កេតឃើញថា មានក្រុមអាជីវករ នាំចេញនាំចូលផល ផលិត ផលជលផល មួយចំនួន មានការមិនពេញចិត្ត ចំពោះចំណាត់ការ នៃការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលផលិតផលជលផល ដែលអាចផលិតបាន នៅក្នុង ស្រុក នាពេលកន្លងមក។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ កិច្ចប្រជុំ ពិភាក្សាជាមួយភាគីពាក់ព័ន្ធ រួមមាន សមាគមនវារីករនៅកម្ពុជា និងតំណាងអាជីវករនាំចេញនាំចូល ផលផលិតផលជលផល និងបានព្រមព្រៀងគ្នា អនុវត្តនូវវិធានការបន្ទាន់មួយចំនួន ដូចខាងក្រោមៈ
-សមាគមនវារីវប្បករនៅកម្ពុជា ត្រូវរៀបចំផ្តល់នូវព័ត៌មាន ដែលទាក់ទងទៅនឹងប្រភេទ បរិមាណផលផលិតផលវារីវប្បកម្ម ដែលត្រូវដល់ពេលប្រមូលផល នៅ តាមខែនីមួយៗ ដល់អាជីវករ ប្រមូលទិញនាំចេញ នាំចូលផលផលិតផលជលផលដើម្បីចុះប្រមូលទិញផល ផលិតផល ជលផល ដែលផលិតបាន នៅក្នុង ស្រុកទាំងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក។
-តំណាងអាជីវករនាំចេញ នាំចូលផលផលិតផលជលផល បានយល់ព្រមផ្អាកនូវការ ស្នើសុំនាំចូលប្រភេទត្រី ដែលវារីវប្បករផលិតបានច្រើន ដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងប្រភេទត្រី មួយចំនួនទៀត ដែលអាចចិញ្ចឹម បានក្នុងស្រុកតាមការ ការជូនដំណឹងរបស់សមាគមនវារីវប្បករ នៅកម្ពុជា។
-តំណាងអាជីវករ នាំចេញនាំចូលផលផលិតផលជលផល បានឯកភាព ក្នុងការបង្កើតនូវ សមាគម និងបណ្តុំអ្នកប្រមូលទិញ ផលផលិតផលជលផល នៅ តាមតំបន់ដើម្បីប្រមូល ទិញផលផលិតផលជលផល ដែលផលិតបាន។
នៅក្នុងសេចក្តីប្រកាសព័ត៍មាន បានសរសេរទៀតថាៈ ចំពោះការនាំចូលឆ្លងកាត់ផល ផលិតផលជលផល តំណាងអាជីវករ នាំចេញនាំចូលផលផលិតផលជល ផល ធានាថា នឹងមានការចុះបញ្ជីទទួលស្គាល់ នៅដើមទី និងចុងទី ពីមន្ត្រីជលផលមានសមត្ថកិច្ច និងធានាថា មិនមានទម្លាក់ចែកចាយ ផលផលិតផល ជលផល ឆ្លងកាត់នេះចូលទៅក្នុង ទីផ្សារ ក្នុងស្រុកឡើយ។
ស្របពេលដែលក្រុមការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងតែដំណើ ការទប់ស្កាត់ ការនាំចូលត្រី ជាបណ្តោះអាសន្ននេះ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាថាៈ យោងតាមប្រការ XX នៃកិច្ចព្រមព្រៀងទូទៅ ស្តីពីពន្ធគយ និងពាណិជ្ជកម្ម វិធានការដើម្បីដាក់កម្រិតកំណត់ ការនាំចេញនាំចូល អាចអនុវត្តបាន តែក្នុងករណីពិសេសប៉ុណ្ណោះ រួមទាំង ការការពារសន្តិសុខជាតិ និងក្រមសីលធម៌សង្គម ។ ការការពារសុខភាព មនុស្ស សត្វ និងរុក្ខជាតិ,ការការពារធន ធានធម្មជាតិដ៏កម្រ ស្នាដៃជា ប្រវត្តិសាស្ត្រ សិល្បៈ រតនវត្ថុរបស់ជាតិ, ការពារបរិស្ថាន។ ដូច្នេះការហាមឃាត់ការនាំចូលត្រី ៤ ប្រភេទ ខាងលើរបស់កម្ពុជា អាចប្រឆាំងនឹងស្មារតី សេរីភាវូនីយកម្មពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO ) និងសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលប្រទេសយើងទាំងពីរ ជាសមាជិក ។ លើសពីនេះការហាមឃាត់ ការនាំចូល ដែលបានរៀបរាប់ខាងលើ មិនត្រឹមតែបង្កការខូចខាត ដល់សហគ្រាស នាំចេញ និងនាំចូលជលផល នៃប្រទេសយើង ទាំងពីរទេ តែថែមទាំងជះឥទ្ធិពលអវិជ្ជមាន ដល់ផលប្រយោជន៍អ្នកប្រើប្រាស់កម្ពុជាផងដែរ៕/V-PC