Home ព័ត៌មានអន្តរជាតិ អតីតរដ្ឋមន្ត្...

អតីតរដ្ឋមន្ត្រី​កីឡា​អាហ្វ្រិក​កណ្តាល​និង​«​មេបញ្ជាការ​រ៉ាំ​បូ​» ត្រូវបាន​នាំ​ឡើង​តុលាការ​ចំពោះ​បទឧក្រិដ្ឋ​សង្គ្រាម​

​ប្រែ​សម្រួលៈ​វាសនា​/​ឡាអេ​៖ អតីតរដ្ឋមន្ត្រី​បាល់ទាត់​របស់​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង និង​អតីត​សមាជិកសភា​ដែល​មាន​រហសនាម​ថា «​មេបញ្ជាការ​រ៉ាំ​បូ​» ត្រូវបាន​នាំ​ឡើង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តជាតិ ICC​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​កុម្ភៈ​ចំពោះ​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​

​អតីតរដ្ឋមន្ត្រី​កីឡា លោក ប៉ា​ទ្រី​ស អេដូ​អាត ង៉ា​អ៊ីស​សូ​ណា ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​ជីវពល​គ្រិស្តសាសនា​អាន់​ទី​បា​ឡា​កា​(anti-Balaka) នៅ​ពេល​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​២០១៣​ហើយ​លោក​អាល់​ហ្វ្រេត យេ​កាតូ​ម ដែល​ជា​អតីត​សមាជិក​សភា​ម្នាក់​ជា​អ្នកបញ្ជា​ពួក​ជីវពល​នៅក្នុង​សមរភូមិ​។​

​ក្រុម​អា​ន់ទី​បា​ឡា​កា​ត្រូវបាន​បង្កើតឡើង​សំរាប់​ការពារ​ខ្លួន​បន្ទាប់​ពី​ពួក​ឧទ្ទាម​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ហៅថា​សេ​ឡេ​កា​(Seleka )​បាន​វាយ​ចូល​រដ្ឋធានី​និង​បណ្តេញ​ប្រធានាធិបតី​គ្រា​នោះ​​លោក ហ្វ្រង់​ស័ស បូ​ហ្ស៊ី​ហ្សេ ដែលជា​អ្នក​កាន់​សាសនា​គ្រិស្ត​។​

​សវនាការ​នៅ​ក្រុងឡាអេ កើតឡើង​ចំពេល​មាន​ភាពចលាចល​ជា​បន្ត​នៅក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដោយ​ពួក​ឧទ្ទាម​វាយប្រហារ​លើ​កងកម្លាំង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្វោ​ស្ទីន អាឆាង តូ​អាដេ​រ៉ា​។​

​អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​និយាយថា​«​ង៉ា​អ៊ីស​សូ​ណា និង យេ​កាតូ​ម អាយុ​៤៦​ឆ្នាំ​ដូចគ្នា គឺ​ជា​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​ក្រុម​anti-Balaka​ដែល​ត្រូវ​នាំ​ឡើង​តុលា​រការ​ICC​ចំពោះ​ការប្រព្រឹត្ត​ឧក្រិដ្ឋ​​កម្ម​។​ការបើក​សវនាការ​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សំរាប់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​បទឧក្រិដ្ឋ​ដ៏​សាហាវ​»​។​

​បុរស​ទាំង​ពីរ​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ រួមា​ន ឃាតកម្ម ធ្វើ​ទារុណកម្ម ធ្វើទុក្ខបុកម្នេញ និង​កេណ្ឌ​ក្មេង​អោយធ្វើ​អ្នក​ប្រយុទ្ធ​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ២០១៤​។​

​ង៉ា​អ៊ីស​សូ​ណា ក៏​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​ផងដែរ​។​ជន​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​បារាំង​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ និង​បញ្ជូន​ខ្លួន​មក​ក្រុងឡាអេ​ក្នុងពេល​គាត់​ដឹកនាំ​សមាគម​បាល់ទាត់​អាហ្វ្រិក​កណ្តាល ។​

​ចំណែក យេ​កាតូ​ម ត្រូវបាន​ធ្វើ​បត្យាប័ន​(​បញ្ជូន​ខ្លួន​)​ទី​ឡាអេ​នៅ​ចុងឆ្នាំ​២០១៨​។​

​យក​ស្ទីល​តាម​តារាភាពយន្ត​ហូ​លី​វីត យេ​កាតូ​ម បាន​ហៅ​ខ្លួនឯង​ថា​«​បញ្ជាការ​រ៉ា​បូ​» ។​គាត់​បាន​ដឹកនាំ​កងកម្លាំង​anti-Balaka ប្រមាណ​៣.០០០​នាក់ រួម​មាន​ទាហាន​ក្មេង​ផងដែរ ។​បុរស​ទាំង​ពីរ​បាន​​ធ្វើ​យុទ្ធនាការ​ហិង្សា​និង​ភេរវកម្ម​ប្រឆាំង​ជន​អ៊ីស្លាម ,​នេះ​បើ​តាម​ការអះអាង​របស់​ក្រុម​រដ្ឋអាជ្ញា​៕

​អាល់​ហ្វ្រេត យេ​កាតូ​ម ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ក្រុងឡាអេ​នៅ​ចុងឆ្នាំ​២០១៨

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular