ប្រែសម្រួល : កញ្ញាដាលីស ៖ ភាគច្រើននៃសហរដ្ឋអាម៉េរិកបានស្ថិតក្រោមព្យុះរដូវរងាមិនធ្លាប់មានកាលពីថ្ងៃចន្ទ ខណៈខ្យល់អាក់ទិកត្រជាក់ខ្លាំងបាននាំឱ្យសីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំងដោយបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយ ធ្វើឱ្យការបើកបរមានគ្រោះថ្នាក់ និងបណ្តាលឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់។
អភិបាលរដ្ឋតិចសាសលោក ក្រេក អាប់បុត បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយសម្រាប់រដ្ឋភាគខាងត្បូងមួយនេះ ហើយសេវាកម្មអាកាសធាតុជាតិ (NWS) បាននិយាយថា ជនជាតិអាម៉េរិកជាង ១៥០ លាននាក់ស្ថិតនៅក្រោមការណែនាំអំពីអាកាសធាតុរដូវរងា។
លោកអាប់បុតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំសូមជំរុញឱ្យអ្នករស់នៅតិចសាសទាំងអស់ប្រុងប្រយ័ត្នជានិច្ចចំពោះអាកាសធាតុដ៏អាក្រក់បំផុតនេះ”។
NWS បានពណ៌នាស្ថានភាពអាកាសធាតុនេះថាជាអាកាសធាតុរដូវរងាត្រជាក់បំផុតដែលរីករាលដាលមិនធ្លាប់មានពីមុនមកពីឆ្នេរម្ខាងទៅឆ្នេរម្ខាងទៀតនៃសហរដ្ឋអាម៉េរិក។
វេបសាយ PowerOutage.US បានរាយការណ៍ថាមនុស្សជាង ២,៧ លាននាក់គ្មានថាមពលប្រើប្រាស់នៅក្នុងរដ្ឋតិចសាស កន្លែងដែលសីតុណ្ហភាពនៅទីក្រុងធំគឺហ៊ូស្តុន បានធ្លាក់ចុះដល់ ១៦ អង្សាហ្វារិនហៃ (ដក ៩ អង្សាសេ)៕
ព្រិលគ្របដណ្តប់ពេញអាកាសយានដ្ឋានអន្តរជាតិនិងដងវិថីក្រុងណាស់វីល