កងកម្លាំង​វិស្វកម្ម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ដំណើរការ​ស្ថាបនា​ផ្លូវ​បេតុង​ក្នុង​ឃុំ​ត្រើយ​ស្លា​

ដោយ​: យោធិន / កណ្តាលៈកងកម្លាំង​វិស្វកម្ម​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ដំណើរការ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​ថ្មី​មួយទៀត​នា​ដើមឆ្នាំ​២០២១ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​ខេត្តកណ្តាល​។​

​សូមបញ្ជាក់ថា ផ្លូវ​បេតុង​មួយ​ខ្សែ​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ឃុំ​ត្រើយ​ស្លា តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម និង​ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង ខេត្តកណ្តាល មាន​ប្រវែង​២.៣០០​ម៉ែត្រ ទទឹង​ប្រវែង​៦​ម៉ែត្រ និង​កម្រាស់​០,២០​ម៉ែត្រ និង​លូ​មូល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ត​ភ្ជាប់​ទៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ក្នុងឱកាស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ក្នុង​ឃុំ​ត្រើយ​ស្លា នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ ដែល​កំពុង​ប្រកប​របរ​លក់ដូរ​ក្នុង​ផ្សារ​ព្រែក​ឃ្លោក និង​បងប្អូន​ប្រជាជន​ក្មេង​ចាស់​ប្រុស ស្រី​តាម​លំនៅដ្ឋាន​អម​សងខាង​ផ្លូវ​ខាងលើនេះ ដោយបាន​ផ្តល់ជូន​ពួកគាត់​នូវ​អំណោយ​ក្រ​ម៉ា និង​ម៉ាស់​ផលិត​ពី​ក្រ​ម៉ា​ជាមួយ និង​ប្រសាសន៍​ណែនាំ​ដល់​បងប្អូន​គ្រប់ៗ​គ្នា ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​ក្នុង​កិច្ចការពារ​រោគ​កូ​វីដ​-១៩​។​

​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នា​សាលាឃុំ​ត្រើយ​ស្លា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ថ្លែង​ក្នុងនាម​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​គ្រប់ៗ​គ្នា ត្រូវខិតខំ​បន្ត​រក្សា​អនាម័យ​សំដៅ​បញ្ចៀស​ឲ្យ​បាន​រោគ​កូ​វីដ​-១៩​។​

​ដើម្បី​ជម្រុញ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​ខាងលើនេះ​ក៏ដូចជា​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ផ្លូវ​ខាងលើ​សម្រួល​ដល់​ការធ្វើ​ចរាចរ​នាពេល​យប់​ប្រ​លប់​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម​សុវណ្ណនី ក៏បានផ្តល់​បង្គោល​បំពាក់​ភ្លើង​អំពូល​សូ​ឡា​ចំនួន ២០០ ក្នុង​រង្វង់​ថវិកា​ប្រមាណ​មួយ​ម៉ឺន​ដុល្លា​។​

​ជាមួយនឹង​ការផ្តល់​អំណោយ​និង​ម៉ាស់ នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បានផ្តល់​អំណោយ​ជា​ថវិកា​ជូន​ដល់​សមាជិក​ភូមិ ឃុំ​ចំនួន​៣៤​រូប​ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល និង កងកម្លាំង​យោធា នគរបាល និង​ប្រជា​ការពារ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​សំណេះសំណាល​ក្នុងឱកាស​នេះដែរ​ក្នុង​ម្នាក់ៗ​ចំនួន​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែង​។​

​តាម​ការ​បង្ហើប​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថាៈ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង សរសៃដែក​ខាងលើនេះ​គ្រោង​នឹង​បន្ត​ស្ថាបនា​ចាប់ពី​ឃុំ​ត្រើយ​ស្លា ភ្ជាប់​ទៅ​ឃុំ​តា​លន់ ឆ្ពោះ​ទៅដល់​ឃុំ​ប្រាសាទ ក្នុងស្រុក​ស្អាង ដែលមាន​ប្រវែង​១៧​គីឡូម៉ែត្រ ដោយ​ស្ថាបនា​ជា​តំណាក់ៗ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular