ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារនៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះខេត្តក្រចេះបានទទួលប្រាក់ចំណូលពីការលក់ផ្លែក្រូចថ្លុងប្រមាណជាង ៣៥៨,៦៨០ ដុល្លារអាមេរិកក្នុង១ឆ្នាំដែលជាប្រាក់ចំណូ លមួយដ៏ធំជួយលើកស្ទួយសេដ្ឋកិច្ចរបស់ក្រុងក្រចេះ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។ នេះបើយោងតាមការឲ្យដឹងរបស់លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១ស្តីពី“វឌ្ឍន ភាពមូល ដ្ឋាន ឃុំ សង្កាត់ និង ទិសដៅការងារបន្តរបស់ខេត្តក្រចេះ” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល លោក សេក ប៊ុនហេង បានឲ្យដឹងថា៖ក្រូចថ្លុងកោះទ្រង់គឺជាផលិតផលកសិកម្មរបស់កម្ពុជាដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបញ្ជីកម្មសិទ្ធិបញ្ញាពិភពលោក ។ផ្លែក្រូចថ្លុងកោះទ្រង់ត្រូវបានចាត់ទុកជាផ្លែឈើហូបធម្មជាតិដ៏ពេញនិយមមាន ឱជារសឆ្ងាញ់ពិសារនិងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម ។ ក្រូចថ្លុងនេះបានក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋសង្កាត់កោះទ្រង់ដោយ បានផ្តល់ប្រាក់ចំណូលជាង ៣៥៨,៦៨០ ដុល្លារអាមេរិកក្នុង១ឆ្នាំ ។
លោក សេក ប៊ុនហេង បានលើកឡើងថា៖ក្រុងក្រចេះមានផ្ទៃដីដាំដុះចំនួន ២,៦០៣ ហិចតាក្នុងនោះស្រូវវស្សាចំនួន១០៦៤ហិចតា, ស្រូវប្រាំង ១,៣៧០ ហិចតានិងដំណាំរួមផ្សំចំនួន១៦៩ ហិចតា ។ បច្ចុប្បន្នកំពុងប្រមូលផលស្រូវប្រាំងជាបណ្តើរៗបានប្រមាណ៥៥០ហ.ត,ទិន្នផលជាមធ្យមប្រមាណ៤២៩៨ គ.កក្នុងមួយហិចតា។ ដោយឡែក នៅសង្កាត់កោះទ្រង់មានដំណាំសេដ្ឋកិច្ច(ក្រូចថ្លុង)មានដើមក្រូចថ្លុងចំនួន៨,៨១៧ ដើមក្នុងនោះកំពុងអោយផលមានចំនួន៣,៤១៤ដើម ។ ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋទទួលបានចំណូលពីការដាំក្រូចនេះចំនួន ៣៥៨,៦៨០ ដុល្លារអាមេរិក ។
លោក សេក ប៊ុនហេង បានបន្តឲ្យដឹងថា៖ក្រូចថ្លុងមួយដើមអាចផ្តល់ផលរហូតដល់១០០ផ្លែឯណោះ ។ ក្រូចថ្លុងកោះទ្រង់នេះក្នុងមួយផ្លែគេលក់ពី១០,០០០ទៅ ១២០០០ រៀលនៅខេត្តក្រចេះនិងពី១២០០០ ទៅ ១៤,០០០រៀលនៅភ្នំពេញ ។ នៅលើកោះទ្រង់ក្នុងទឹកដីក្រុងក្រចេះបច្ចុប្បន្ននេះមានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប ៣៣១ គ្រួសារជា សមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ។
កោះទ្រង់នេះមានបណ្តោយប្រមាណ ៤.៥ គីឡូម៉ែត្រ ពីជើងទៅត្បូងព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ គីឡូម៉ែត្រ អមទៅដោយដើមក្រូចថ្លុងដែលមានរសជាតិផ្អែមពីធម្មជាតិ ពិតៗនិងមានទេសភាពយ៉ាងស្រស់ត្រកាលដែលអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ដូចជាជិះកង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនា កម្សាន្ត និងមានផ្ទះស្នាក់ សហគមន៍ដែលមានផ្តល់សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនិងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាត សន្ធឹងតាមបណ្តោយកោះផ្នែកខាងកើតទល់មុខ នឹងទីរួមខេត្តក្រចេះគួរជាទីគយគន់និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិផងដែរ ។
លោក សេក ប៊ុនហេង បានឲ្យដឹងថាកោះទ្រង់ក៏ជារមណីយដ្ឋានទេសចរណ៍មួយដ៏សំខាន់ផងដែរជាក់ស្តែងក្នុងឆ្នាំ ២០២០ កន្លងទៅមានភ្ញៀវទេសរណ៍ជាតិ ១៦,៨៥០នាក់ និងអន្តរជាតិ ៣៧៦ នាក់និងទទួលប្រាក់ចំណូលបានចំនួនជាង ១២៦ លានរៀល ។
គួររំលឹកថាក្រូចថ្លុងកោះទ្រង់ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រដើម្បីរួមចំណែ កការពារអត្តសញ្ញាណផលិតផលប្រពៃណីសំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិតាំងពីឆ្នាំ២០១៨ ។ ផ្លែក្រូចថ្លុងកោះ ទ្រង់ត្រូវបានចាត់ទុកថាជាផ្លែឈើធម្មជាតិដ៏ពេញនិយមមានឱជារសឆ្ងាញ់និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះនេះគឺជាផលិតផលកសិកម្មរបស់កម្ពុជាមួយទៀតដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបញ្ជីកម្មសិទ្ធិបញ្ញាពិភពលោក ។ អត្ថប្រយោជន៍នៃម៉ាកសម្គាល់ភូមិ សាស្ត្រទំនិញនេះថាជាឧបករណ៍ទីផ្សាដ៏មានសក្តានុពលនិងប្រសិទ្ធភាពខ្ពស់ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចហើយការដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ«ក្រូចថ្លុងកោះទ្រង់»នេះនឹងជួយបង្កើនឱកាសការងារនិងប្រាក់ចំ ណូលជូនប្រជាជនមូលដ្ឋានព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត៕