ដោយៈ សរិទ្ធ / កំពង់ឆ្នាំងៈ នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំស្រែថ្មី ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅលើប៉ៅអ៊ី ក្នុងប៉ុស្តិ៍នៅវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងប៉ុស្តិ៍នគបាល ស្ថិតនៅក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាៈ សពឈ្មោះ កែវ សុផង់ អាយុ៥៥ឆ្នាំ មានតួនាទី ជានាយប៉ុស្តិ៍រដ្ឋបាលស្រែថ្មី មានប្រពន្ធឈ្មោះ ប៉ែន សុខនី អាយុ៥៣ ឆ្នាំ មានកូន ៧នាក់ រស់នៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពខាងលើ បានឲ្យដឹងទៀតថាៈ នៅមុនពេលកើតហេតុ វេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកមេប៉ុស្តិ៍ បាននិយាយវិទ្យុទាក់ទង ជាមួយលោកអធិការ នៅក្នុងបន្ទប់ម្នាក់ឯង ដែលបិទគន្លឹះពីខាងក្នុង ។ លុះព្រឹកឡើង ដោយមិនឃើញលោកមេប៉ុស្តិ៍ ងើបពីដំណេក ទើប មន្ត្រីនគរបាលម្នាក់ បានទៅដាស់ឲ្យភ្ញាក់ ដើម្បីទៅប្រជុំ នៅអធិការដ្ឋាននគរបាល ស្រុករលារប្អៀរ តែមិនឃើញមានការឆ្លើយតប ក៏អើតមើលពីខាងក្រៅ ឃើញលោកមេប៉ុស្តិ៍ ដេកស្លៀកខោខ្លី ខ្លួនទទេ អត់ពាក់អាវ នៅលើប៉ៅអ៊ី ។
ដោយមានការសង្ស័យ មន្ត្រីនគរបាលម្នាក់នោះ ក៏បានជម្រាបទៅលោកមេឃុំ និងក្រុមប្រឹក្សាឃុំស្រែថ្មី ព្រមទាំងលោកអនុប្រធានប៉ុស្តិ៍ ឱ្យជួយពិនិត្យមើល ព្រោះបិទទ្វារ និងដាក់គន្លឹះ ពីខាងក្នុង ហើយបានរាយការណ៍ ជូនទៅលោកអធិការ នគរបាល ស្រុករលារប្អៀរ បន្ថែមទៀត។ ក្រោយមក ភ្លាមៗនោះ ពួកគេក៏បានគាស់បង្អួច ចូលទៅមើល ទើបដឹងថា លោកមេប៉ុស្តិ៍ បានដេកស្លាប់ នៅលើប៉ៅអ៊ី មិនដឹងតាំងពីពេលណានោះទេ ។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា លោកមេប៉ុស្តិ៍ អាចស្លាប់ចន្លោះពីម៉ោង ២ ទៅម៉ោង ៣ ទៀបភ្លឺ និងអាចបណ្តាលមកពីជំងឺប្រចាំកាយ (ជំងឺលើសឈាម) ហើយបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕/V.mara