ដោយៈ សុផល / ភ្នំពេញៈ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួម ដោយផ្ទាល់ជាង ៣០០ នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាមប្រព័ន្ធវីដេអូ ពីចម្ងាយចំនួន ប្រមាណ ៥០០ នាក់។
សន្និបាតឆ្នាំនេះ បានរៀបចំឡើង ក្រោមប្រធានបទៈ “លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម” ក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ ល្អៗ ការអនុវត្ត តាមអនុសាសន៍ ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយ គតិបណ្ឌិតរបស់ ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវ ដោះស្រាយ បំពេញបន្ថែម និងកែលម្អ ចំណុចខ្វះខាតនានា ដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅ និងការងារថ្មីៗ នៅបណ្ដាឆ្នាំខាងមុខ ជា
ពិសេស ឆ្នាំ២០២១ និងឆ្នាំបន្តបន្តាប់ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់។
ថ្លែងទៅកាន់ពិធីបើកសន្និបាត នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីសមិទ្ធផល សំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងនោះមាន ការលើកកម្ពស់គុណភាពផ្លូវ ពីប្រភេទកៅស៊ូ ពីរស្រទាប់ស្ដើង ទៅជាបេតុកៅស៊ូ ការពង្រីកផ្លូវ និងស្ថាបនាផ្លូវថ្មី ការសាងសង់ផ្លូវល្បឿនលឿន ស្ពាន ការងារផ្លូវដែក ការងារកំពង់ផែ ការងារប្រព័ន្ធចម្រោះទឹកកខ្វក់ ការងារដឹកជញ្ជូន ការដឹក ជញ្ជូនសាធារណៈ ការងារដឹកជញ្ជូន តាមផ្លូវទឹក និងផ្លូវសមុទ្រ ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ការងារដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ការងារភស្តុភាកម្ម ការងារព័ត៌មានវិទ្យា ការងារកំណែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ការងារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។
លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាព ជូនអង្គសន្និបាត អំពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប (ថវិកាជាតិ) គិតរហូតមកទល់ពេលនេះ សម្រេចបាន ១១,៦៨% គម្រោងស្ថាបនាផ្លូវ ចំនួន ១១ ខ្សែ សម្រេចបាន ៣១,១៥% ព្រមទាំងការងារ ស្តារអូរ ប្រឡាយធម្មជាតិ ចំនួន ៥ ខ្សែ ប្រវែងសរុប ២៧,៥៤៧ គីឡូម៉ែត្រ សម្រេចបាន ៩៦,៦២% នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌ នៃកញ្ចប់ថវិកាសន្សំ របស់ជាតិ គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ក្រោមលក្ខខណ្ឌកិច្ចសន្យាសាងសង់ -អាជីវកម្ម – ផ្ទេរ (BOT) សម្រេចបាន ៣១,១៩% គម្រោងសាងសង់ស្ពាន ឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១.១៣១ម៉ែត្រ សម្រេចបាន ៩៦,៤៩%។
បន្ថែមពីលើនេះ គម្រោងសាង់សង់ ផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ – បែកគូស (៤ គន្លងផ្លូវ) និងបែកគូស -ខេត្តកំពត ពង្រីកដល់ ១២ ម៉ែត្រ សម្រេចបាន ៨៧% គម្រោងសាងសង់ ផ្លូវជាតិលេខ៥ ព្រែកក្តាម- ក្រុងប៉ោយប៉ែត ពង្រីកជា ៤ គន្លងផ្លូវ ក្នុងនោះ ១-ព្រែកក្តាម-ធ្លាម្អម ប្រវែង ១៣៥,២៥ គ.ម សម្រេចបាន ៣៥,៦២% ២-បាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤ គ.ម សម្រេចបាន ៨៩,៧៥% និង ៣-ធ្លាម្អម-បាត់ដំបង ប្រវែង ១៣៤,២៥ គ.ម សម្រេចបាន ២៣,០២% និង
សិរីសោភ័ណ – ប៉ោយប៉ែត ប្រវែង ៣៤,៤ គ.ម កំពុងជ្រើសរើសក្រុមហ៊ុន ម៉ៅការសាងសង់។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូន អង្គសន្និបាតផងដែរថាៈ ក្រសួងបានទិញគ្រឿងចក្រ ចំនួន ២២២ គ្រឿង សម្រាប់ផ្តល់ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ២៥ រាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបានទទួលជំនួយ ឥតសំណង ជាគ្រឿងចក្រ សម្រាប់កែច្នៃគ្រឹះផ្លូវឡើងវិញ (Stabilizer) ចំនួន
១៥ គ្រឿង ពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់JICA។
ជាមួយគ្នានេះ ក្រសួងបានទទួលគ្រឿងចក្រ សម្រាប់ផលិតបេតុងកៅស៊ូ និងការងារអ៊ុតកៅស៊ូ ចំនួន ២ ឈុត ចំនួន ១៨ គ្រឿង ពីក្រុមហ៊ុនសំណង់ សៀងហៃ (SCG) សម្រាប់ឆ្នាំ២០២០ និង២០២១ ដែលក្នុងនោះ រួមមានៈ គ្រឿងចក្រ ផលិតបេតុងកៅស៊ូ ដែលមានសមត្ថភាព អាចផលិតបេតុង ក្នុងបរិមាណ ១២០ តោន/ម៉ោង ចំនួន២គ្រឿង និងគ្រឿងចក្រ សម្រាប់ការងារអ៊ុតកៅស៊ូ ចំនួន ១៦ គ្រឿង៕/V.mara