Home ព័ត៌មានជាតិ សេដ្ឋកិច្ច សូម​ក្រុមហ៊ុន...

សូម​ក្រុមហ៊ុន​ដឹកជញ្ជូន​កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់

​ដោយៈ​សុផល​/​ភ្នំពេញ​: លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធ​រាន​ការ និង​ដឹកជញ្ជូន​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​សូមកុំ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់​ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​។​

​ទាក់ទង​នឹង​ការដឹក​លើស​ទំងន់​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​លើក​ជា​ឧទាហរណ៍​ថា​៖ ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​៣០​តោនប៉ុន្តែ​យើង​ដឹក ៤០​តោន លើស ១០​តោន នោះគេ​យក ១០ គុណ​នឹង ១០ ស្មើនឹង ១០០ យក ១០០ គុណ​នឹង ១០ ស្មើ១.០០០ យក ១.០០០ គុណ​នឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះ​ឡាន​មួយគ្រឿង​ដែល​ដឹកទំនិញ​លើស ១០​តោន ស្មើនឹងឡាន ១០.០០០ គ្រឿង​ដឹកទំនិញ​លើផ្លូវ​យើង​។​

​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក ទិសដៅ​ការងារ​ឆ្នាំ​២០២១ នា​ថ្ថៃទី​១៦ កុម្ភៈនេះ​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ក្រសួង​នឹង​ប្រឡង​ជ្រើសរើស​និស្សិត​ចំនួន​២០០​នាក់ ឱ្យ​សិក្សា​ជំនាញ​ឯកទេស​នៅ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងតម្លៃ​សិក្សា​ចំនួន​៦០០​ដុល្លារ ក្នុង​១​ឆ្នាំ និង​ផ្តល់ឱកាស​អាហារូបករណ៍​១០០% សម្រាប់ និស្សិត​ឆ្នើម​ចំនួន​៥០​នាក់ និង​អាហារូបករណ៍​៥០%​សម្រាប់​និស្សិត​ឆ្នើម​ចំនួន​៥០​នាក់ សិក្សា​រយៈពេល ៤​ឆ្នាំ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​ការវាយតម្លៃ​លទ្ធផល​សិក្សា​ប្រចាំឆ្នាំ​នីមួយៗ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​ស្នើឱ្យ​អង្គសន្និបាត​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង​ទីប្រឹក្សា​តំណាង​មកពី​អគ្គនាយកដ្ឋាន​នាយកដ្ឋាន និង​អង្គភាព​ជំនាញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត យក​ចិ​ត្ដ ទុកដាក់​រួមគ្នា​ពិនិត្យ​ពិភាក្សា​លើ​ចំណុចខ្លាំង ចំណុច​ខ្សាយ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ នៅក្នុង​បទ​អន្តរាគមន៍ ដែល​ធ្វើឡើង​ដោយ​តំណាង​អគ្គនាយកដ្ឋាន​ជំនាញ​និង តំណាង​អន្តរក្រសួង​ផងដែរ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​បូកសរុប​វាយតម្លៃ និង​ការពិភាក្សា​សម្រាប់​សន្និបាត​ឱ្យស្រប​តាម​ប្រធានបទ ដែល​បានលើកឡើង​នៅ​ឆ្នាំនេះ​។

​សូម​ជម្រាបជូន​ផងដែរ​ថា​៖ ក្រសួង​ក៏បាន​ដាក់ចេញ​ផែនការ​ប្រចាំឆ្នាំ តាមដាន និង​វាយតម្លៃ​ជាប្រចាំ ជា​មួលដ្ឋានវាស់វែង ក្នុងការ​អនុវត្ត​ផែនកា​សកម្មភាព​ទាំងឡាយ​របស់ខ្លួន ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំក៏ដូចជា​មន្ត្រីក្រោមឱវាទ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ និង​សម្រេចបាន សមិទ្ធផល​ជាទី​មោទនៈនិង​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​មានការ​សាមគ្គី សហការគ្នា និង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ ការងារ​បន្ថែមទៀត ក្រោម​ដំបូល​នៃ​មហា​គ្រួសារ​សាធារណការ និង​ដឹកជញ្ជូន​តែមួយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular