ដោយ: ពៅនិមល/ភ្នំពេញ: ក្នុងរយះពេល០២ខែក្រោយនេះ ពោលគិតចាប់ពីខែមករា មកទល់ខែកុម្ភៈ ឆ្នាំ២០២១នេះ តម្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយធំៗ បានកើនតម្លៃជាបន្តបន្ទាប់រហូត ក្នុងនោះសម្រាប់ប្រេងសាំងធម្មតាថ្លៃ ៣.៥០០រៀល ក្នុងមួយលីត្រ។ រីឯប្រេងម៉ាស៊ូតថ្លៃ ៣.២០០រៀល នៅក្នុងមួយលីត្រ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារថ្លៃអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវលក់៣.៦៦០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៣.៣៦០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ទាក់ទងតម្លៃលក់ប្រេងឥន្ធនៈនេះ ក្រសួងបានបញ្ជាក់ថា មិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារប៉ុណ្ណោះ។
សូមរម្លឹកថា តម្លៃលក់រាយប្រេងឥន្ធនៈ ចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ដើមឆ្នាំ២០២១នេះ សម្រាប់ប្រេងសាំងធម្មតា ថ្លៃ៣.២០០រៀល ក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតថ្លៃ ២.៩៥០រៀល ក្នុងមួយលីត្រប៉ុណ្ណោះ៕